ភ្នំពេញ៖ ខណៈអាជីពសិល្បៈ បាននឹងកំពុងដំណើរបោះជំហាន ទៅមុខគួរកត់សម្គាល់ តារាសម្តែងរូបស្រស់ កញ្ញា ភោគ រ៉ាវី ហៅ ស្រីម៉ុច បានបង្ហើបប្រាប់ឲ្យដឹងថា បច្ចុប្បន្ននាងមានគម្រោង បើកពង្រីកមុខជំនួញរកស៊ី ខាងក្រៅផ្ទាល់ខ្លួន បន្ថែមទៀត បើសិនជានាង ជោគជ័យ ពីការសម្តែង នៅក្រៅប្រទេស ក្នុងពេលខាងមុខនេះ។

និយាយឆ្លើយឆ្លងតាមទូរស័ព្ទ ជាមួយគេហទំព័រ LookingTODAY នៅរសៀលថ្ងៃ អង្គារ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៤ នេះតារាសម្តែងសម្បុរស្រអែម កញ្ញា ស្រីម៉ុច បានប្រាប់ឲ្យ ដឹងថា សព្វថ្ងៃនេះ អាជីពសិល្បៈរបស់នាង គឺរវល់ច្រើនគួរសម។ ជាពិសេសការសម្តែងឈុតកាយវិការ ខារ៉ាអូខេ និងសម្ដែងតាមបណ្តា ស្ថានីយទូរសទ្សន៍នានា។

កញ្ញា ស្រីម៉ុច បានប្រាប់ឲ្យដឹងទៀតថា សម្រាប់អំឡុងពេល ដើមឆ្នាំ២០១៤ នេះ នាងក៏កំពុងតែត្រៀមខ្លួន ចេញពីមាតុភូមិកំណើត ឆ្ពោះទៅសម្តែង-ច្រៀង នៅប្រទេសចំនួនពីរផ្សេងគ្នា ។ ក្នុងនោះ គឺមានប្រទេស កាណាដា និង អូស្រ្តាលី។ ប៉ុន្តែទោះបីជាយ៉ាងណា ស្រីម៉ុច បាន បញ្ជាក់ថា ប្រសិនបើគម្រោងចេញទៅច្រៀង និងសម្តែងលើទឹកដីប្រទេស ទាំងពីរនេះ ទទួលបានជោគជ័យនោះ ពេលត្រឡប់មកដល់ស្រុកខ្មែរវិញ គឺនាងនឹងបើកពង្រីក របររកស៊ីផ្ទាល់ខ្លួន ជាថ្មីឡើងវិញ។

តារាសម្តែង ដែលកំពុងឆក់បាន ប្រជាប្រិយក្នុងស្រុក កញ្ញា ស្រីម៉ុច បានឲ្យដឹងថា ចំពោះគម្រោង នឹងបើកពង្រីកមុខជំនួញ មានស្រាប់ហើយនោះ គឺហាងផាត់មុខ និងធ្វើសក់ ដោយផ្លាស់ប្ដូរពីខេត្ត មកបើកនៅភ្នំពេញ។ ចំណែកគម្រោងដែលខ្លួនចង់បើកថ្មីមួយទៀតនោះ គឺហាងផឹកស៊ីលក្ខណៈ បៀហ្គាឌែន គម្រោងនេះនាងក៏មិនទាន់ច្បាស់ ក្នុងចិត្តថា អាចនឹងបើកនៅពេលណា នៅឡើយទេ។ រាល់ថ្ងៃនេះ គោលដៅចំបងរបស់នាង គឺការសន្សុំ លុយបើកកន្លែងរកស៊ី បន្ទាប់ពីអាជីពការងារសិល្បៈ ព្រោះនាងគិតថា ការបើជំនួញរកស៊ីផ្ទាល់ខ្លួន មានសារៈសំខាន់សម្រាប់ខ្លួនឯង ទៅថ្ងៃអនាគត។

តារាសម្តែងទទួល បានការគាំទ្រ និងកំពុងតែមានកេរ្តិ៍ឈ្មោះ លេចធ្លោ ក្នុងសិល្បៈ កញ្ញា ស្រីម៉ុច ក្នុង រយៈពេលមួយឆ្នាំចុងក្រោយនេះ ត្រូវបានមហាជនមើលឃើញថា នាងហាក់មានយឺអ៊ុន ឡើងខ្ពស់មិនចាញ់តារាស្រីល្បី វ័យក្មេងឯទៀតនោះទេ ពោល អាជីពសម្តែងរបស់នាង ត្រូវបានម្ចាស់ផលិតកម្មតូធំ ក្នុងស្រុកមួយចំនួន កំពុងតែដាក់ការចាប់អារម្មណ៍ លើនាង៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]