រាជធានីភ្នំពេញ ៖ តារាសម្តែងអ្នកនាងចន ច័ន្ទលក្ខិណា បានបង្ហាញជំហររបស់ខ្លួន តាមរយៈសារមួយខ្លីបង្ហោះ នៅលើបណ្តាញ សង្គមហ្វេសប៊ុករបស់នាងកាលពី ពេលថ្មីៗនេះដោយបញ្ជាក់ថា នាងមិនដែលមានក្តីស្រមៃ ចង់ក្លាយ ជាជំទាវឡើយ ។ ការអះអាងបែបនោះ របស់អ្នកនាងចន ច័ន្ទលក្ខិណា ធ្វើឡើងបន្ទាប់ពីមានការរិះគន់នាងជាបន្តបន្ទាប់ ដោយភ្ជាប់មូលហេតុនៃ ការលែងលះស្វាមីរបស់នាងថា ពាក់ព័ន្ធជាមួយនឹងមន្ត្រីយោធា ដែលមានស័ក្តិខ្ពស់មួយរូប ។

អ្នកនាងចន ច័ន្ទលក្ខិណា និងលោកយុត្ថារ៉ា ឆានី បានសម្រេចចិត្តលែងលះបន្ទាប់ ពីបានរួមរស់ជាមួយគ្នាអស់ ជាច្រើនឆ្នាំ និងបានបន្សល់ទុកកូនស្រីម្នាក់ជាចំណងដៃ ។ ការលែងលះរបស់ប្ដី-ប្រពន្ធអ្នកសិល្បៈ ដូចគ្នាមួយគូនេះបាន ធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងនៅ ក្នុងសង្គមសិល្បៈខ្មែរ ខណៈពេលពួកគេទាំងពីរធ្លាប់ត្រូវ គេចាត់ទុកថាជាប្តីប្រពន្ធគំរូក្នុង សង្គមសិល្បៈខ្មែរនោះ ។ ជីវិតជាប្តីប្រពន្ធរបស់លោក យុត្ថារ៉ា ឆានី និងអ្នកនាងចន ច័ន្ទលក្ខិណា មិនបានគង់វង្សដល់ចាស់សក់ស្កូវដូចអ្វី ដែលគេបានគិតនោះឡើយ ដោយបានសម្រេចផ្តាច់ សង្វាស់ពីគ្នាតាមផ្លូវតុលាការ ។

បន្ទាប់ពីការលែងលះគ្នាដ៏គួរឲ្យ ភ្ញាក់ផ្អើលនេះរួចមក អ្នកនាងចន ច័ន្ទលក្ខិណា រងការវាយប្រហាររិះគន់ជាបន្តបន្ទាប់ ភ្ជាប់មូលហេតុដែលនាំឲ្យមានការបែកបាក់នេះ ដោយសារតែមន្ត្រីយោធាបុណ្យស័ក្តិ ខ្ពស់ម្នាក់ចូលជ្រៀតជ្រែក ។ អ្នកនាងចន ច័ន្ទលក្ខិណា មិនទទួលស្គាល់ការ ចោទនោះឡើយ ។ ទន្ទឹមនេះក៏មានការចំអកត្រលប់ ទៅអ្នករិះគន់អ្នកនាងចន ច័ន្ទលក្ខិណា វិញដែរព្រោះ ជារឿងផ្ទាល់ខ្លួនបុគ្គល ហើយតើអ្នករិះគន់ទាំងនោះដឹងការណ៍ពិត ក្នុងកម្រិតណាចំពោះរឿងផ្ទៃក្នុង ជីវិតប្ដី-ប្រពន្ធគេ ឬមួយត្រឹមតែនិយាយចោទទាំង ស្មានៗ។

ម្យ៉ាងបើអ្នកនាងចន ច័ន្ទលក្ខិណា មានបញ្ហាក្នុងជីវិត តើអ្នកពូកែរិះគន់ទាំង នោះជួយអ្វីដល់នាងខ្លះ ។ ពេលនេះតារាសម្តែងអ្នកនាងចន ច័ន្ទលក្ខិណា បានបង្ហាញពីជំហររបស់ខ្លួនឆ្លើយតបការចោទប្រកាន់ លើរូបនាងដោយសរសេរសារ មួយបង្ហោះនៅក្នុងហ្វេសប៊ុកថា នាងមិនដែលមានក្តីស្រមៃចង់ក្លាយ ជាជំទាវឡើយ ។ នាងបានសរសេរជាភាសារអង់គ្លេស ដែលមានន័យជាភាសាខ្មែរថា «ខ្ញុំមិនដែលស្រមៃចង់ក្លាយជា ភរិយារបស់ឯកឧត្តមទ ។ ខ្ញុំមិនចូលចិត្តជីវិតបែបនោះឡើយ ខ្ញុំត្រូវការតែជីវិតធម្មតា និងមានសេរីភាព វាគ្មានសុវត្ថិភាព ។ ខ្ញុំចូលចិត្តធ្វើអ្វីដោយខ្លួនខ្ញុំផ្ទាល់!»។

តាមអត្ថន័យនៃការសរសេរនេះ បានបង្ហាញថា ជំហររបស់នាងចន ច័ន្ទលក្ខិណា គឺមិនមានមហិច្ឆតាណាមួយចង់ ក្លាយជាភរិយារបស់ឯកឧត្តម ណាម្នាក់ឡើយ ហើយទំនងសារនោះនាងចង់បញ្ជាក់ជាថ្មីកុំ ឲ្យយល់ច្រឡំជុំវិញព័ត៌មាន ដែលបានបាចសាចចោទមក លើរូបនាងថាពាក់ព័ន្ធស្នេហា ជាមួយនឹងមន្ត្រីថ្នាក់ផ្កាយនោះ ។ ការបង្ហាញជំហររបស់អ្នកនាងចន ច័ន្ទលក្ខិណា នាពេលនេះ មហាជននឹងរង់ចាំ មើលតទៅមុខទៀត តើនាងនឹងមានជីវិតស្នេហាបែបណា ៕

 







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]