ភ្នំពេញ៖ បន្ទាប់ពីសមាជិក តារាកំប្លែង ក្នុងក្រុមដ៏ល្បី នាយ ក្រូច បានសម្តែងកាយវិកា លើឆាកតន្រ្តី ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសបងប្អូន ជនជាតិខ្មែរ-ឥស្លាម កាលពីឆ្នាំ ២០១១ កន្លងទៅ និងបន្ទាប់ ពីមានប្រតិកម្ម ពីសំណាក់ ប្អូនខ្មែរ-ឥស្លាម រួចមក នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៤នេះ លោក សុវណ្ណ រិទ្ធី ហៅតាវិចទ័រ ជាអ្នកដឹកនាំ និងជាអ្នកនិពន្ធ រឿងកំប្លែង ឲ្យក្រុមតារាកំប្លែងនាយ ពែកមី បានសម្តែង ការសោកស្តាយ ចំពោះកាយវិការ មិនសមរម្យ របស់នាយក្រូច ធ្វើឲ្យប៉ះពាល់ កិត្តិយសបង ប្អូនខ្មែរ-ឥស្លាម ។

លោក សុវណ្ណ រិទ្ធី បានថ្លែងប្រាប់ LookingTODAYនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ថា ក្នុងនាមលោក ជាអ្នកដឹកនាំ លោកសូមសម្តែង ការសោកស្តាយ ដែលសមាជិកក្រុមកំប្លែង បានសម្តែងរឿងធ្វើឲ្យប៉ះពាល់ អារម្មណ៍បងប្អូនខ្មែរ-ឥស្លាម នាពេលកន្លងមក ប៉ុន្តែលោកគិតថា នេះគឺជាកំហុសអចេតនា ព្រោះតែក្នុងបំណងមួយ ដើម្បីឲ្យតែមហាជន ផ្ទុះសំណើចក្អាកក្អាយ ប៉ុណ្ណោះ ពោលគឺគ្មានចេតនា និងបន្ទោសបង្អាប់ បងប្អូនជនជាតិ ខ្មែរ-ឥស្លាម ដែលប្រកាន់ខ្ជាប់ នូវសាសនារបស់ខ្លួនឡើយ ។

យ៉ាងណាក៏ដោយ លោក សុវណ្ណ រិទ្ធី គិតថា កាយវិការរបស់ នាយក្រូច ដែលបានសម្តែង កាលពីឆ្នាំ ២០១១ គឺធ្វើឡើង នៅក្រៅ ស្ថានីយ៍ទូរទស្សន៍ ពោលគឺជា ឆាកតន្រ្តី នៅតាមខេត្ត។ តែអ្វីដែលធ្វើឲ្យបងប្អូនខ្មែរ-ឥស្លាម មានប្រតិកម្ម គឺផ្តោតសំខាន់លើ ពាក្យពេចន៍ និងកាយវិការ របស់នាយ ក្រូច ពេលកំពុងសម្តែង ។ ក្រោយមានប្រតិកម្មនេះ លោក សុវណ្ណ រិទ្ធី នឹងចាប់ផ្តើម កែសម្រួល និងពិនិត្យឲ្យ បានច្បាស់លាស់ មុននឹងចាប់ផ្តើមឲ្យ ក្រុមកំប្លែង សម្តែងរឿងអ្វីមួយ ជូនទស្សនិកជនទស្សនា ហើយ លោកក៏សូមអភ័យទោស ដល់ បងប្អូនខ្មែរ-ឥស្លាម ដែលក្រុមកំប្លែង សម្តែងទៅ ប៉ះពាល់កិត្តិយស នាពេលកន្លងមក ។

ដោយឡែក សម្រាប់តារាកំប្លែង នាយ ក្រូច មិនអាចទាក់ទង សុំការបំភ្លឺជុំវិញប្រតិកម្មនេះ បានទេ ខណៈដែលទូរស័ព្ទចូល ជាច្រើនដង ប៉ុន្តែគ្មានអ្នកទទួល ។ គួរបញ្ជាក់ថា នាយក្រូច ជាតារាកំប្លែងមានឈ្មោះល្បី ក្នុងក្រុមនាយ ពាក់មី ប្រចាំស្ថានីយ៍ទូរទស្សន៍ CTN កាលពីពេលថ្មីនេះ ត្រូវបានសមាគមខ្មែរ-ឥស្លាម បញ្ចេញប្រតិកម្ម និងបានធ្វើការព្រមាន ឲ្យសុំទោសជាសាធាណៈ ពាក់ព័ន្ធនឹង ការសម្ដែងរបស់លោក ប៉ះពាល់កិត្តិយស របស់បងប្អូនជនជាតិឥស្លាម។

ការប្រតិកម្ម និងព្រមានជាសាធារណៈ នៅពេលនេះ គឺបន្ទាប់ពីនាយក្រូច បានសម្ដែងរឿងកំប្លែង ជាមួយនាង អ៉ីត កាលពីឆ្នាំ ២០១១ ក្នុងកម្មវិធីពិព័រណ៍ ពាណិជកម្មភូមិមួយ ផលិតផលមួយ ដែលបានធ្វើឡើងក្នុងខេត្តកែប។ នៅក្នុងឈុតឆាក ដែលនាយក្រូច សម្ដែងជាមួយនាង អ៉ីត គឺលោកបានដើរតួជា គ្រូដាក់ស្នេហ៍ ជនជាតិខ្មែរ-ឥស្លាម ដោយបានតែងខ្លួន និងនិយាយតាមបងប្អូនឥស្លាម ទាំងអស់។

ទោះបីជាយ៉ាងណា ក្នុងពេលសម្ដែង នាយក្រូច បាននិយាយចំអេសចំអាស ក្នុងឋានៈខ្លួនកំពុងដើរតួជាគ្រូដាក់ស្នេហ៍ ដែលធ្វើឲ្យ អ្នកទស្សនា គិតថា គ្រូស្នេហ៍ជាជនជាតិចាម តែងតែប្រព្រឹត្តិទង្វើមិនគប្បីបែបនេះ ។ បញ្ហានេះបានធ្វើឲ្យសមាគមខ្មែរ-ឥស្លាម មានការខឹងសម្បារ ព្រោះគ្រូស្នេហ៍ ជាជនជាតិឥស្លាម មិនដែលប្រព្រឹត្តិទង្វើ មិនសមរម្យ បែបនេះឡើយ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]