ពោធិ៍សាត់ៈ យ៉ាងហោចណាស់អ្នកដំណើរប្រុសស្រី ២១នាក់ ក្នុងនោះជនជាតិបរទេស១០នាក់ បានរង របួសធ្ងន់ស្រាល តែសំណាងល្អមិនមានអ្នកស្លាប់នោះទេ ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរក្រឡាប់រថយន្ត ដឹកអ្នកដំណើររបស់ក្រុមហ៊ុនកម្ពុជាអង្គរអ៊ិចប្រេស នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្បែរស្ពានស្រង់ធំ ភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១២។

មន្ត្រីនគរបាលចរាចរស្រុកក្រគរ បានឲ្យដឹងថា រថយន្តក្រុងក្រុមហ៊ុនកម្ពុជាអង្គរអ៊ិចប្រេស ដែលក្រឡាប់ ផ្ញាជើងគួរឲ្យរន្ធត់នេះ ពាក់ស្លាក់លេខ ភ្នំពេញ  ភ្នំពេញ 3A-9743 បើកបរក្នុងទិសដៅពីកើតទៅលិច។ មន្ត្រីនគរបាលដដែលនេះ បន្តឧប្បត្តិហេតុក្រឡាប់រថយន្តនេះ អាចបណ្តាលមកពីអ្នកបើកបរងងុយដេក ឬអាចមកពីជាន់ហ្រ្វាំងខ្លាំង ខណៈដែលផ្លូវមានសភាពសើមបណ្តាលឲ្យរអិលកង់រថយន្តក្រឡាប់តែម្តង។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរ គួរឲ្យរន្ធត់ខាងលើនេះ បណ្តាលឲ្យអ្នកដំណើរលើរថយន្ត២១នាក់ បានរង របួសធ្ងន់ស្រាល ២១នាក់ ក្នុងនោះមានជនជាតិបរទេស១០នាក់ ស្រី៣នាក់ តែចាត់ទុកថា ជាសំណាង ដ៏ល្អ ដែលមិនបណ្តាលឲ្យអ្នកដំណើរណាម្នាក់រងគ្រោះថ្នាក់ដល់ជីវិតនោះទេ។

អ្នកដំណើរនៅលើរថយន្ត បានឲ្យដឹងថា មុនពេលកើតហេតុអ្នកដំណើរនៅលើរថយន្តទាំងអស់ បានដេក លក់នៅលើរថយន្តទាំងអស់ ពេលរថយន្តមកដល់ចំណុចកើតហេតុ ស្រាប់តែអ្នកបើកបរជាន់ហ្រ្វាំងរថ យន្តយ៉ាងខ្លាំង បណ្តាលឲ្យរ៉េចង្កូតពេញផ្លូវ ហើយក្រឡាប់តែម្តង។ បន្ទាប់ពីរថយន្តក្រឡាប់អ្នកបើកបរ ដែលគ្មានទំនួលខុសត្រូវ បានវាយបំបែកកញ្ចក់រថយន្តហើយរត់យករួចខ្លួនបាត់ ដោយមិនគិតពីការជួយ សង្រ្គោះអ្នកដំណើរនៅក្នុងរថយន្តនោះទេ ទុកឲ្យអ្នកដំណើរដែលរងរបួសផងនោះ ជ្រួលច្របល់ពេញ រថយន្ត។

ក្រោយកើតហេតុភ្លាមៗនោះ កម្លាំងនគរបាលចរាចរខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ឱ ហ៊ាង ស្នងការ រងទទួលបន្ទុកសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកម្លាំងនគរបាលមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុ ជួយសម្រួលចរាចរណ៍ និងជួយសង្រ្គោះជនរងគ្រោះ បញ្ជូនទៅមន្ទីរពេទ្យបានទាន់ពេលវេលា។

លោកស្នងការរង ឱ ហ៊ាង បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅកន្លែងកើតហេតុថា គ្រោះថ្នាក់ ក្រឡាប់រថយន្តនេះ អាចបណ្តាលមកពីអ្នកបើកបរងងុយដេក ខ្វះការប្រុងប្រយ័ត្ន ខណៈដែលផ្លូវនៅទី នោះ មានសភាពសើមហើយរអិលខ្លាំង ហើយនៅខាងមុខមានស្ពាន ទើបធ្វើឲ្យអ្នកបើកបរជាន់ហ្រ្វាំង ជាហេតុធ្វើឲ្យរថយន្តយោលរ៉េចង្កូតក្រឡាប់តែម្តង ៕

ដោយៈ ជា ប៊ុនធឿន

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]