ភ្នំពេញៈ រហូតមកដល់ថ្ងៃទី១៧ ខែឧសភា នេះ សមត្ថកិច្ចខណ្ឌដូនពេញ បានបង្ហាញលទ្ធផល៨០ ទៅ៩០ភាគ រយហើយ ក្រោយពីរកឃើញសំបុត្រមួយច្បាប់ និងហៅសាក្សី ៨-១០នាក់ យកទៅសួរនាំ ជុំវិញករណីឃាតកម្ម ទាំងកណ្តាលថ្ងៃនៅក្បែរស្តុប ផ្លូវភ្លោះ អូរឬស្សី។

មន្ត្រីនគរបាលខណ្ឌដូនពេញបានប្រាប់ថា មនុស្សពាក់ព័ន្ធចំនួន ២នាក់ អាចបង្ហាញលទ្ធផលរឿងឃាតកម្មនេះ បាន ទី១. ប្រពន្ធជនដៃដល់ និងទី២. ប្អូនថ្លៃជនដៃដល់។ ការសន្និដ្ឋានបែបនេះ បន្ទាប់ពីប្អូនថ្លៃ ត្រូវបានសមត្ថ កិច្ចហៅយកទៅសួរនាំ និងក្រោយពេលដែលសមត្ថកិច្ច រកឃើញសំបុត្រមួយច្បាប់លាក់ ទុកនៅក្នុងហោប៉ៅអាវ សពជនដៃដល់ ដែលសរសេរថា «អាតុងអ្ហែងជាអ្នកបំផ្លាញគ្រួសារអញ»។ ក្រៅពីអត្ថន័យក្នុងសំបុត្រនេះ នៅកន្លែងកើតហេតុ ក៏មានវត្តមានប្រពន្ធជនដៃដល់ និងប្អូនថ្លៃរបស់ជនដៃដល់ផងដែរ ដែលគេស្គាល់ថា ឈ្មោះជា តុង និងមានការបន្សល់ទុកកាបូបស្ពាយស្រីមួយ និងកាបូបដាក់លុយបុរសមួយផងដែរ។

សមត្ថកិច្ចបានដកស្រង់សំដីប្អូនថ្លៃជនដៃដល់ថា រឿងនេះ ផ្តើមចេញពីទំនាស់ផលប្រយោជន៍ការងារ ពោលគឺ ខណៈដែលជនរងគ្រោះជាមេការ ទៅបម្រើការងារនៅក្នុងក្រុមហ៊ុន ធ្វើឲ្យផលប្រយោជន៍ជនដៃដល់ត្រូវបាន បាត់បង់ ដែលថៅកែធ្លាប់មានទំនុកចិត្ត។

តាមសេចក្តីរាយការណ៍នានា បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ វង្ស សុក្រិតសាបុត្រ អាយុ ៣២ ឆ្នាំ ត្រូវបាន បុគ្គលិករួមការងារស្រឡាញ់រាប់អានជាច្រើននាក់ មិនដែលមានទំនាស់ពាក្យសំដីនោះឡើយ គ្រាន់តែដឹងថា ប្រ ពន្ធជនដៃដល់ ក៏បានបម្រើការងារនៅទីនោះជាមួយគ្នាដែរ។

សូមបញ្ជាក់ថា បុរសម្នាក់ ដែលគេអះអាងថា ជាបងថ្លៃរបស់ថៅកែក្រុមហ៊ុនលក់គ្រឿង អគ្គិសនីដ៏ធំមួយ នៅតាម បណ្ដោយផ្លូវព្រះ មុនីវង្ស បានប្រើប្រាស់ កាំភ្លើងបាញ់ប្រហារទៅលើមេការរបស់ក្រុមហ៊ុន បណ្ដាលឱ្យស្លាប់នៅ ក្នុងស្នាក់ការក្រុមហ៊ុនតែម្ដង ហើយ បន្ទាប់មកបាន បាញ់សម្លាប់ខ្លួនឯងនៅក្នុង បន្ទប់ទឹក ទំនងជាដឹងថា មិន អាចរត់គេចខ្លួនរួច ខណៈសមត្ថកិច្ចធ្វើការឡោមព័ទ្ធពីខាងក្រៅជាប់នោះ ។

ហេតុការណ៍បាញ់សម្លាប់គ្នានេះ បានកើតឡើងនៅម៉ោងប្រមាណជា៣រសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ ស្ថិតនៅផ្ទះ ជាន់ទី១ លេខ២៨៨ ផ្លូវព្រះមុនីវង្ស សង្កាត់ បឹងរាំង ខណ្ឌដូនពេញ ដែលជាទីស្នាក់ការ ក្រុមហ៊ុន លក់គ្រឿងអគ្គិសនី ភីភីជេណឺរ៉ល ដែល គេអះអាងថា មានថៅកែឈ្មោះ ជា តុង ។

ប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនដៃដល់ដែលបាញ់សម្លាប់គេ រួចហើយធ្វើ ឃាតខ្លួនឯងតាម ក្រោយ នេះ ត្រូវបានគេស្គាល់ឈ្មោះ ឡុង ងួនវុទ្ធី ហៅទូច អាយុ៤៩ ឆ្នាំ ដែលគេអះអាងថា ជាបងថ្លៃរបស់ថៅកែក្រុម ហ៊ុនខាងលើ។ ចំណែកជនរងគ្រោះ ដែលត្រូវជនសង្ស័យខាងលើនេះបាញ់សម្លាប់ ត្រូវបានគេស្គាល់ឈ្មោះ វង្ស សុក្រិតសាបុត្រ អាយុ៣១ឆ្នាំ ជាមេការគ្រប់គ្រងទូទៅនៅក្នុងក្រុមហ៊ុនខាងលើនេះ ។

ពាក់ព័ន្ធទៅនឹងករណីបាញ់សម្លាប់គ្នាខាងលើ គ្មានប្រភពណាមួយអះអាងពីមូលហេតុ ឱ្យបានច្បាស់លាស់នោះ ឡើយ តែភាគច្រើន គេអះអាងថា ផ្ដើមចេញពីរឿងគំនុំ តែគេមិនដឹងថា គំនុំនោះជ្រាលជ្រៅប៉ុណ្ណានោះទេ ហើយ ចុងក្រោយរហូតដល់កើតជាជម្លោះបាញ់សម្លាប់តែម្ដង។

យោងតាមសាក្សីដែលជាបុគ្គលិកក្រុមហ៊ុន បានអះអាងថា នៅមុនពេលកើតហេតុ គេឃើញឈ្មោះ ឡុង ងួនវុទ្ធី និង វង្ស សុក្រិតសាបុត្រ ដែលស្ថិតនៅជាន់ខាងក្រោម បានឈ្លោះប្រកែកគ្នាមួយសន្ទុះ ក្រោយមកស្រាប់តែពួក គេអូសគ្នាឡើងទៅជាន់ទី១ ដោយមួយសន្ទុះក្រោយមក ស្រាប់តែគេឮស្នូរគ្រាប់កាំភ្លើងផ្ទុះឡើង ៤-៥គ្រាប់ នៅជាន់ទី១ ធ្វើឱ្យមនុស្សម្នាផ្អើលឆោឡោ អតិថិជន ដែលចូលទៅរកទិញ ឥវ៉ាន់នាំគ្នារត់ប្រសាច ចេញមកខាង ក្រៅហើយក៏ស្ងាត់ទៅវិញទៅ ។ ក្រោយការ ផ្ទុះអាវុធ សមត្ថកិច្ចចម្រុះជាច្រើន បានចុះទៅកន្លែងកើតហេតុ ហើយធ្វើការ ឡោមព័ទ្ធមិនទាន់ហ៊ានឡើងទៅជាន់ទី១ ភ្លាមៗនោះទេ ដោយសារតែដឹងថា នៅជាន់ ទី១ មានមនុស្សដែលមានអាវុធនៅខាង លើនោះ។

លុះនៅម៉ោងប្រមាណជិត៤ សមត្ថកិច្ចសម្រេចសម្រុកចូលឡើងទៅជាន់ទី១ ដែល ជាកន្លែងផ្ទុះអាវុធ មិនឃើញ មានមនុស្ស ហើយខណៈរុករកពីបន្ទប់មួយទៅបន្ទប់មួយ ស្រាប់តែឃើញបុរសម្នាក់ ដេកស្លាប់នៅក្នុង បន្ទប់ ក្បែរតុការិយាល័យរបស់ខ្លួន ដោយ មានស្នាមត្រូវគ្រាប់កាំភ្លើង ដែលសាកសព នេះ ក្រោយមកត្រូវគេស្គាល់ថា ឈ្មោះវង្ស សុក្រិតតាបុត្រ ជាមេការរបស់ក្រុមហ៊ុន។

បន្ទាប់មកសមត្ថកិច្ចក៏ចាប់ផ្ដើមធ្វើការរុករក បន្ដពីបន្ទប់មួយទៅបន្ទប់មួយ ក៏បានរកឃើញ សាកសពបុរសម្នាក់ ទៀត ដេកស្លាប់នៅក្នុងបន្ទប់ទឹកចម្ងាយពីគ្នាប្រមាណ១០ម៉ែត្រ ដោយមានស្នាមត្រូវគ្រាប់កាំភ្លើងចំក្បាល ហើយ នៅក្បែរដៃ មានកាំភ្លើងខ្លីមួយដើមម៉ាក CZ-៧៥ផងដែរ។

ក្រោយរកឃើញ សាកសពទាំងពីរខាងលើ បានធ្វើឱ្យគេសន្និដ្ឋានថា ឈ្មោះឡុង ងួនវុទ្ធី ក្រោយពីបាញ់សម្លាប់ឈ្មោះ វង្ស សុក្រិតសាបុត្រ រួចហើយទំនងជាដឹងកំហុស ឬក៏ដឹងថា មិនអាចរត់រួចនោះ ក៏ធ្វើឃាតខ្លួនឯងតែម្ដង ទៅ ។

យោងតាមមន្រ្តីនគរបាល ដែលចុះពិនិត្យ និងធ្វើកោសល្យវិច័យ ទៅសាសព ជនរងគ្រោះបាន ឲ្យដឹងថា ជនរងគ្រោះ ដែលមេកា ត្រូវជនល្មើសបាន ចំនួន៥គ្រាប់ គឺត្រង់ក្បាល២គ្រាប់ ចំពោះ១គ្រាប់ ចំគ្រលៀន១គ្រាប់ និងចំខ្នង១គ្រាប់៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]