ភ្នំពេញ ៖ បុរសម្នាក់ ដែលគេអះអាងថា ជាកូនប្រសារ របស់ថៅកែក្រុមហ៊ុន លក់គ្រឿង អគ្គិសនីដ៏ធំមួយ នៅតាមបណ្ដោយផ្លូវព្រះ មុនីវង្ស បានប្រើប្រាស់ កាំភ្លើងបាញ់ប្រហារទៅលើមេការរបស់ក្រុមហ៊ុន បណ្ដាលឱ្យ ស្លាប់នៅក្នុងស្នាក់ការក្រុមហ៊ុនតែម្ដង ហើយ បន្ទាប់មកបាន បាញ់សម្លាប់ខ្លួនឯងនៅក្នុង បន្ទប់ទឹក ទំនងជាដឹងថា មិនអាចរត់គេចខ្លួន រួច ខណៈសមត្ថកិច្ចធ្វើការឡោមព័ទ្ធពីខាង ក្រៅជាប់នោះ ។

ហេតុការណ៍បាញ់សម្លាប់គ្នាខាងលើនេះ បានកើតឡើងនៅម៉ោងប្រមាណជា៣រសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ ស្ថិតនៅផ្ទះ ជាន់ទី១ លេខ២៨៨ ផ្លូវព្រះមុនីវង្ស សង្កាត់ បឹងរាំង ខណ្ឌដូនពេញ ដែលជាទីស្នាក់ការក្រុម ហ៊ុនលក់គ្រឿងអគ្គិសនី ភីភីជេណឺរ៉ល ដែល គេអះអាងថា មានថៅកែឈ្មោះជា តុង ។

ប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនដៃដល់ដែលបាញ់សម្លាប់គេ រួចហើយធ្វើ ឃាតខ្លួនឯងតាមក្រោយនេះ ត្រូវបានគេ ស្គាល់ ឈ្មោះឡុង ងួនវុទ្ធី ហៅទូច អាយុ៤៩ ឆ្នាំ ដែលគេអះអាងថា ជាកូនប្រសារបស់ថៅកែ ក្រុមហ៊ុនខាងលើ ។ ចំណែកជនរងគ្រោះ ដែលត្រូវជនសង្ស័យខាងលើនេះបាញ់សម្លាប់ ត្រូវបានគេស្គាល់ឈ្មោះវង្ស សុក្រិតតាបុត្រ អាយុ៣១ឆ្នាំ ជាមេការគ្រប់គ្រងទូទៅនៅ ក្នុងក្រុមហ៊ុនខាងលើនេះ ។

ពាក់ព័ន្ធទៅនឹងករណីបាញ់សម្លាប់គ្នាខាង លើ គ្មានប្រភពណាមួយអះអាងពីមូលហេតុ ឱ្យបានច្បាស់លាស់នោះឡើយ តែភាគច្រើន គេអះអាងថា ផ្ដើមចេញពីរឿងគំនុំ តែគេ មិនដឹងថា គំនុំនោះជ្រាលជ្រៅប៉ុណ្ណានោះទេ ហើយចុងក្រោយរហូតដល់កើតជាជម្លោះ បាញ់ សម្លាប់តែម្ដង ។

យោងតាមសាក្សីដែលជាបុគ្គលិកក្រុម ហ៊ុន បានអះអាងថា នៅមុនពេលកើតហេតុ គេឃើញឈ្មោះឡុង ងួនវុទ្ធី និងវង្ស សុក្រិត តាបុត្រ ដែលស្ថិតនៅជាន់ខាងក្រោម បាន ឈ្លោះប្រកែកគ្នា មួយសន្ទុះក្រោយមក ស្រាប់ តែពួកគេអូសគ្នាឡើងទៅជាន់ទី១ ដោយ មួយសន្ទុះក្រោយមក ស្រាប់តែគេឮ ស្នូរ គ្រាប់កាំភ្លើងផ្ទុះឡើង ៤-៥គ្រាប់នៅជាន់ ទី១ ធ្វើឱ្យមនុស្សម្នាផ្អើលឆោឡោ អតិថិជន ដែលចូលទៅរកទិញ ឥវ៉ាន់នាំគ្នារត់ប្រសាច ចេញមកខាងក្រៅហើយក៏ស្ងាត់ទៅវិញទៅ ។ ក្រោយការ ផ្ទុះអាវុធ សមត្ថកិច្ចចម្រុះជាច្រើន បានចុះទៅកន្លែងកើតហេតុ ហើយធ្វើការ ឡោមព័ទ្ធមិនទាន់ហ៊ានឡើងទៅជាន់ទី១ ភ្លាមៗនោះទេ ដោយសារតែដឹងថា នៅជាន់ ទី១ មានមនុស្សដែលមានអាវុធនៅខាង លើនោះ។

លុះនៅម៉ោងប្រមាណជិត៤ សមត្ថកិច្ច សម្រេចសម្រុកចូលឡើងទៅជាន់ទី១ ដែល ជាកន្លែងផ្ទុះអាវុធ មិនឃើញមានមនុស្ស ហើយខណៈរុករកពីបន្ទប់មួយទៅបន្ទប់មួយ ស្រាប់តែឃើញបុរសម្នាក់ ដេកស្លាប់នៅក្នុង បន្ទប់ ក្បែរតុការិយាល័យរបស់ខ្លួន ដោយ មានស្នាមត្រូវគ្រាប់កាំភ្លើង ដែលសាកសព នេះ ក្រោយមកត្រូវគេស្គាល់ថា ឈ្មោះវង្ស សុក្រិតតាបុត្រ ជាមេការរបស់ក្រុមហ៊ុន។

បន្ទាប់មកសមត្ថកិច្ចក៏ចាប់ផ្ដើមធ្វើការរុករក បន្ដពីបន្ទប់មួយទៅបន្ទប់មួយ ក៏បានរកឃើញ សាកសពបុរសម្នាក់ទៀត ដេកស្លាប់នៅក្នុង បន្ទប់ទឹកចម្ងាយពីគ្នាប្រមាណ១០ម៉ែត្រ ដោយមានស្នាមត្រូវគ្រាប់កាំភ្លើងចំក្បាល ហើយនៅក្បែរដៃ មានកាំភ្លើងខ្លីមួយដើម ម៉ាក ជឍ៧៥ផងដែរ ដែលបុរសនេះ ត្រូវបាន គេស្គាល់ឈ្មោះឡុង ងួនវុទ្ធី ហៅទូច ។

ក្រោយរកឃើញ សាកសពទាំងពីរខាងលើ បានធ្វើឱ្យគេសន្និដ្ឋានថា ឈ្មោះឡុង ងួនវុទ្ធី ក្រោយពីបាញ់សម្លាប់ឈ្មោះវង្ស សុក្រិតតា បុត្រ រួចហើយទំនងជាដឹងកំហុស ឬក៏ដឹងថា មិនអាចរត់រួចនោះ ក៏ធ្វើឃាតខ្លួនឯងតែម្ដង ទៅ ។

ពាក់ព័ន្ធទៅនឹងអំពើឃាតកម្មខាងលើ រហូតមកដល់ព្រលប់ថ្ងៃម្សិលមិញ សមត្ថកិច្ច កំពុងតែធ្វើកោសល្យវិច័យ និងត្រួតពិនិត្យ នៅកន្លែងកើតហេតុនៅឡើយ ដោយគេនៅ មិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយ នោះទេ ។

យោងតាមមន្រ្តីនគរបាល ដែលចុះពិនិត្យ និងធ្វើកោសល្យវិច័យ ទៅសាសព ជនរងគ្រោះបាន ឲ្យដឹងថា ជនរងគ្រោះ ដែលមេកា ត្រូវជនល្មើសបាន ចំនួន៥គ្រាប់ គឺត្រង់ក្បាល២គ្រាប់ ចំពោះ១គ្រាប់ ចំគ្រលៀន១គ្រាប់ និងចំខ្នង១គ្រាប់៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]