រាជធានីភ្នំពេញ ៖ កូន​ប្រសា​ប្រុសរបស់​ថៅកែ​​លក់​សម្ភារអគ្គិសនី​នៅ​ម្តុំ​វត្តកោះ​ម្នាក់​បាន​កើត​ទំនាស់​ជា​មួយ​បុគ្គ​លិក​របស់​ខ្លួន​ផ្នែក​គណ​នេយ្យ ហើយ​​កូន​ប្រសា​ថៅកែ​​​នោះ​បាន​ពុះ​ពោរ​​ដោយកំហឹង​បាញ់​បុគ្គ​លិក​ម្នាក់​នោះ​នៅ​ក្នុងហាង​​​លក់​សម្ភារ​អគ្គិ​សនី​របស់​ខ្លួន​ស្លាប់​​នៅ​នឹង​កន្លែង​​ដែល​មើល​ទៅ​គួរ​ឱ្យ​​តក់​ស្លុក​​ពន់​ពេក​ ហើយ​​ហេតុ​ការណ៍​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​កាលពី​វេលាម៉ោង​១៤​និង​៣០​នាទី​រសៀល​​ថ្ងៃទី​១៦ ឧសភា ២០១២ ​គឺហាង ​ភី ភី ជេណឺរ៉ល លេខ​២២៨ នៅ​ម្តុំ​វត្ត​កោះ​តាម​បណ្តោយមហា​វិថី​ព្រះ​មុនី​វ​ង្ស ស្ថិត​ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌ​​ដូន​ពេញ ។


​បុរស​បាត់​បង់​ជីវិតឈ្មោះ​​វង្ស សុក្រឹត​សាបុត្រ ​អាយុ​៣២​ឆ្នាំ ​ត្រូវ​ជន​ដៃដល់​បាញ់​​ចំ​ក្បាល​ និង​ខ្លួន​ស្លាប់​​ក្នុងថ្លុក​ឈាម។ ​ចំណែក​​ជនដៃ​ដល់​​ត្រូវបាន​គេ​ស្គាល់​​ថា ឈ្មោះ​ទូច ​ជា​កូន​​ប្រសា​របស់​ថៅកែ​ហាង​ខាងលើ​នេះ​ បាន​ព្យាយាម​​គេច​ខ្លួន​ពី​បន្ទប់​​មួយ​ទៅ​បន្ទប់​មួយ​ ខណៈ​​ប៉ូលិស​ និង​ប៉េអឹម​​ឡោម​ព័ទ្ធ​​ជុំជិត និង​រុល​ចូល​ទៅ​ក្នុង​ហាង ដើម្បី​​ឃាត់​ខ្លួន​ជន​ដៃ​ដល់ ។ ​ទី​បំផុត​​ជនដៃ​ដល់​​​ដឹង​ខ្លួន​ថា គេច​ទៅ​ណា​មិន​រួច​ក៏​បាញ់​ក្បាល​​ខ្លួន​ឯង​១​​គ្រាប់​​ស្លាប់ ខណៈ​ពួន​សំងំ​ក្នុង​បន្ទប់​​ទឹក​មួយ​ ហើយ​ពេល​នេះ​​សមត្ថ​កិច្ច​​កំពុង​ធ្វើ​កោសល្យ​វិច័យ​​ បន្ទាប់​ពី​​គ្រប់​គ្រង​​ស្ថាន​ការណ៍​បានទាំង​ស្រុង​នៅ​ក្នុងហាង​នេះ ។
​តាម​បុគ្គ​លិក​​ក្នុង​​ហាង​​និយាយ​​ឱ្យ​ដឹងថា ​សំឡេងផ្ទុះ​គ្រាប់​កាំភ្លើង​​បា​នលាន់​ឮ​ឡើង​៤-៥​គ្រាប់​ផ្ទួន​ៗ​គ្នា​​នៅជាន់ទី១ បង្ក​ឱ្យ​បុគ្គ​លិក​ និង​ភ្ញៀវ​​ក្នុង​ហាង​ភ័យ​រន្ធត់​​ញ័រដៃ​ជើង​ផ្អើល​ឆុរ​រត់​​ប្រសាច​​ចុះ​ពី​ជាន់​​ទី១ មក​ជាន់​​ផ្ទាល់​ដី ដើម្បីគេច​ពីគ្រោះថ្នាក់​​ ហើយ​ភ្លាម​​នោះ​​គ្មាន​នរណា​ដឹងថា ជា​ការ​ផ្ទុះ​អាវុធ​​ដោយ​សាររឿ​ងអ្វី​នោះ​ទេ ប៉ុន្តែ​ការ​ផ្ទុះ​អាវុធ​​នេះ​វា​បាន​កើត​ឡើង ខណៈ​កូន​ប្រសា​ប្រុស​របស់​ថៅកែ​​ហាងលក់​គ្រឿង​ប្រើ​ប្រាស់​​អគ្គិ​សនី​ឈ្លោះ​ប្រកែក​គ្នាខ្លាំងៗ​​ជា​មួយ​បុគ្គ​លិក​ប្រុសផ្នែក​គណនេយ្យ...។


ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]