ភ្នំពេញៈ ពិធីករល្បីឈ្មោះ ប្រចាំក្នុងកម្មវិធី “Cha Cha Cha” លោក ជា វណ្ណារិទ្ធ កាលពី រាត្រីទី២៧ ខែមករា នេះ លោកនិងភរិយា បានរៀបចំកម្មវិធីជប់លៀង រំឭកខួបអាពាហ៍ពិពាហ៍១ឆ្នាំ ជាទ្រង់ទ្រាយតូច ជាមួយភរិយាថ្មីថ្មោង ក្នុងគោលបំណង រឹតចំណងស្នេហា ឲ្យកាន់តែផ្អែមល្ហែម និងស្រឡាញ់គ្នាកាន់តែខ្លាំង ។

ទស្សនិកជន នៅចាំបានថា កាលពីថ្ងៃ២៦ ខែមករា កន្លងទៅនេះ តារាសម្តែងស្រីរូបស្រស់ សោភា អ្នកនាង កែវ ស្រីនាង បានរៀបចំ ពិធីខួបអាពាហ៍ពិពាហ៍ ១០ឆ្នាំ របស់នាង និងស្វាមី ដើម្បីបង្ហាញមុខ ជាសាធារណៈ ឲ្យទស្សនិកជនបានដឹង ក៏ដូចជា ចង់បង្ហាញ ពីភាពផ្អែមល្ហែម សុភមង្គល ដែលខំប្រឹងរក្សាមក រហូតដល់ពេលនេះ ខណៈទទួលចំណងដៃ កូនស្រីម្នាក់ តែមហាជននៅ មិនទាន់ស្គាល់មុខស្វាមី។ ជាមួយគ្នានេះ តារាសម្តែង និងជាពិធីកររូបសង្ហា លោក ជា វណ្ណារិទ្ធ និងភរិយាវ័យក្មេង ក៏បានសម្ញែង ការរៀបចំកម្មវិធី ខួបអាពាហ៍ពិពាហ៍មួយ ត្រដំត្រសង នឹងអ្នកនាង កែវ ស្រីនាង កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៣ បើទោះជា កម្មវិធីនោះ មិនមែនជាកម្មវិធីលក្ខណៈទ្រង់ទ្រាយធំ ក៏ដោយ តែគេសង្កេតឃើញថា គូស្វាមីភរិយានេះ ហាក់បង្ហាញពីសុភមង្គល និងភាពផ្អែមល្ហែម មិនឲ្យចាញ់គ្នានោះទេ ។

ក្នុងរយៈពេល១ឆ្នាំ បន្ទាប់ពីគូស្វាមីភរិយា លោក ជា វណ្ណារិទ្ធ បានរៀបការ ជាមួយភរិយាវ័យក្មេង រូបស្រស់ ជាកូនស្រីអ្នកជំនួញ នាង សុភាព ម៉ូល្យ៉ា រួចមក គេសង្កេតឃើញថាប្តីប្រពន្ធមួយនេះ មានភាពផ្អែមល្ហែម មិនប្រែប្រួលទាល់តែសោះ។ ជារឿយៗគេឃើញ លោក វណ្ណារិទ្ធ ហាក់មានចិត្តស្រឡាញ់ប្រពន្ធស្ទើរលេប រួចបណ្តើរគ្នាទៅណាមកណា មិនដាច់ ទាំងកម្មវិធីសិល្បៈ និងក្រៅសិល្បៈ ប្រៀបដូចជា លលក ញីឈ្មោល។ លោកក៏តែងតែធ្វើគ្រប់យ៉ាង ដើម្បីផ្គាប់ចិត្តភរិយា មិនដែលឲ្យមានរឿង ល្អក់កករជាមួយ គ្នាម្តងណាឡើយ ។

បើទោះជាពេលវេលា នៃការរៀបការ បានរំលងផុតទៅ១ឆ្នាំ ហើយក៏ដោយ តែពួកគេនៅតែអះអាងថា មិនទាន់ចង់បានកូន ទុកជា ចំណងដៃអាពាហ៍ ពិពាហ៍នៅឡើយទេ ព្រោះ ថា លោក រិទ្ធ ចង់ទុកពេល ឲ្យភរិយាសប្បាយចិត្ត និងដើរលេងក្រេបទឹកឃ្មុំជាមួយគ្នា ឲ្យសប្បាយអស់ដៃសិន បានចាប់ផ្តើមគិតរឿង កូនចៅតាមក្រោយ ។ លើសពីនេះការងារសិល្បៈសព្វថ្ងៃ ក៏ជាហេតុផលចំបងមួយ ធ្វើឲ្យ លោក ជា វណ្ណារិទ្ធ និងភរិយា មិនទាន់ចង់បានកូន ក្នុងពេលនេះដែរ៕











ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ស្រីនាង