រាជធានី​ភ្នំ​ពេញ ៖ ​អ្នក​នាង ស្រេង សុ​កាន់​ដា ហៅ​នាង​ខ្ញុង​ គឺ​ជា​តារា​កំ​ប្លែង​មួយ​ឌួង​ ដែល​មាន​​ឈ្មោះ​បោះ​សំឡេង​​តាម​រយៈ​ការ​សម្តែង​នៅ​ក្នុង​ក្រុម​នាយ​ពែរមី ដែល​​ដឹក​​នាំ​ដោយ​លោក​តា វិច​ទ័រ ហៅ​លោក​សុវណ្ណ រិទ្ធី ។ ​គេ​គ្រប់​គ្នា​តែង​តែ​​កោត​សរសើរ​អំពី​ទេព​កោសល្យ​របស់​​​នាង ​ជា​ពិសេស​នោះ​គឺ​ពាក្យ​ពេចន៍​វោហារ​របស់​នាង​ដែល​​ធ្វើឱ្យ​​កម្ម​វិធី​ដ៏​ ស្ងាត់​​ប្រែ​ក្លាយ​ទៅ​ជា​កម្ម​វិធី​សើច​សប្បាយ​ក្អាក​ក្អាយ​​​​និង​ធ្វើ​ ឱ្យ​ទស្សនិកជន​ជាប់​ចិត្ត​គ្រប់​ៗគ្នា​​តែ​ម្តង ។

ជួប​ជា​មួយ​អ្នក​យក​ព័ត៌​មាន​កោះ​សន្តិ​ភាព​នាង​ខ្ញុង ​ ​​ប្រាប់​ឱ្យ​ដឹង​ថា ឆ្នាំ​នេះ​​នាង​មាន​អាយុ​២៩​ឆ្នាំ ហើយ​នាង​មាន​ស្រុក​កំណើត​នៅ​ភូមិ​ពពាល​ខែ ឃុំ​ដី​ឥដ្ឋ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល ។ ​នាង​មាន​ឪពុក​ឈ្មោះ​ស្រេង ពៅ អាយុ​៤៥​ឆ្នាំ ម្តាយ​ឈ្មោះ​ស្រីម៉ៅ បាន​ស្លាប់​​ចោល​នាង​តាំង​ពី​អាយុ​៥​ឆ្នាំ មក​ម៉្លេះ ដោយ​សារ​ជំងឺ​ទាស់​សរសៃ​ ។ ក្រោយ​មក​ឪពុក​របស់​នាង​​បានប្រពន្ធ​ម្នាក់​ទៀត​ឈ្មោះ​ហ៊ុន សារី ដែល​សព្វ​ថ្ងៃ​នេះ​ជា​ជាង​កាត់​ដេរ​សម្លៀក​បំពាក់​​។ នាង​មាន​បង​ប្អូន​៤​នាក់ ស្រី​ម្នាក់ ប្រុស​៣​នាក់ ​ចំណែក​​នាង​ជា​កូន​ច្បង។ នៅ​ក្នុង​វ័យ​១៧​ឆ្នាំ ​នាង​បាន​បញ្ចប់​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី​៨ នៅ​អនុវិទ្យា​ល័យ​ជ័យ​វរ្ម័ន​ទី​​៧ ​ដោយ​នាង​បាន​ទៅ​ជួយ​ដាំ​បាយ​ឱ្យ​ឪពុក​នៅ​តាម​ខេត្ត​ ព្រោះ​​ឪពុករបស់​នាង​​​ជា​មេ​ការ​សំណង់​ ។​

នៅ​ក្នុង​វ័យ​១៨​ឆ្នាំ​ដោយ​សារ​តែ​នាង​មាន​ទឹក​ដម​ សំឡេង​ពីរោះ​នាង​ក៏​ត្រូវ​​មិត្ត​ភក្តិ​ទាក​់​ទង​ឱ្យ​ទៅ​ចូល​ច្រៀង​នៅ​ក្នុង ​ក្រុម​តន្ត្រី​មួយ​និង​ច្រៀង​នៅ​តាម​ភោជនី​យដ្ឋាន ។ ​​នាង​ខ្ញុង​​ ​ប្រក​មុខ​របរ​នេះ​​បាន​ត្រឹម​តែ​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ ​​ក៏​​​រៀប​អាពាហ៍​​ពិពាហ៍​​ ហើយ​​​បែក​​ពី​ឪពុក​​ម្តាយ​​ទៅ​រស់​នៅ​ខេត្តសៀម​រាបជា​មួ​យ​ស្វា​មី​ ។ ស្វា​មី​របស់​​​នាង​​​​​ឈ្មោះ​ប៉ោល ប៉ោ រស់​នៅ​ក្នុង​ស្រុក​ស្អាង​ ខេត្ត​កណ្តាល ។ ទោះ​បី​ជា​រៀប​​អាពាហ៍​ពិពាហ៍​ហើយ​ក្តី ក៏​​​នាង​មិន​​បោះ​បង់​ចោល​អាជីព​សិល្បៈ​ចម្រៀង​​ដែរ ហើយ​ពេល​ខ្លះ​​នាង​​ទៅ​ច្រៀង​កាត់​សក់ឱ្យ​​គេ​ទៀត​ផង ។ បន្ទាប់​ពី​រៀប​អាពាហ៍​​ពិពាហ៍​​បាន​៥​ឆ្នាំ​ ​​នាងខ្ញុង​​​ពពោះ ​ហើយ​​​បង្កើត​បាន​កូន​​ប្រុស​ដ៏​ទ្រលុក​ទ្រលន់​ម្នាក់ ដែល​បច្ចុប្បន្ន​កូន​របស់​​​​នាង​មាន​អាយុ​៥​ឆ្នាំ​ហើយ។

តារា​កំប្លែង​រូប​នេះ​​មិន​ដែល​នឹក​ស្មាន​ថា​ ខ្លួន​​អាច​ប្រឡូកក្នុង​វិស័យ​សិល្បៈ​ ហើយ​មាន​មុខ​នៅ​តាម​​កញ្ចក់​ទូរ​ទស្សន៍​​​ទេ ព្រោះ​តែ​​​នាង​មាន​ប្តី​​និង​កូន​រួច​ទៅ​ហើយ ។ ​មាន​ថ្ងៃ​មួយ​ឪពុក​របស់​​នាង​បាន​​ទូរស័ព្ទ​មក​​​នាង​ដើម្បី​ឱ្យ​​ដាក់​ ពាក្យ​ប្រឡង​​​កំប្លែង​​នៅ​ស្ថានីយ​ទូរទស្ស​ន៍​ CTN ដោយ​ចាប់​ដៃ​គូ​ជា​មួយគាត់​​ ។ ភ្លា​​ម​នោះ​​នាង​​បាន​បដិសេធ​ ប៉ុន្តែ​ដោយ​ក្តី​ពន្យល់​ និង​អង្វរ​ពី​ឪពុក​ដែល​ស្រឡាញ់​ខាង​វិស័យ​សិល្បៈ​កំ​ប្លែង​ ​នាង​សម្រេច​ចិត្ត​ឱ្យ​ឪពុក​នាង​ដាក់​ពាក្យ​ប្រឡង​​ ។

ក្រោយ​ពី​ដាក់​ពាក្យ​មិន​បាន​ប៉ុន្មា​នថ្ងៃ​​ផង​ ស្ថានីយ​ទូរទស្សន៍​ CTN ​ក៏​​​ទូរស័ព្ទ​ឱ្យ​នាង​និង​​ ឪពុក​ទៅ​ប្រឡង​ ។ ស្រប​ពេល​ជា​មួយ​គ្នា​នោះ​ដោយ​សារ​តែ​នាង​ទើប​តែ​បើក​ប្រាក់​ខែ​​ ទើប​នាង​មាន​សោហ៊ុយ​ជិះ​រថយន្ត​ពី​ខេត្ត​សៀម​រាប​មក​ប្រឡង​​នៅ​ភ្នំពេញ​ ។ នាង​ខ្ញុង​​​ឱ្យ​ដឹង​​ទៀត​ថា ពេល​មក​ប្រឡង​​នាង​មាន​ការ​លំ​បាក​​ណាស់ ដោយ​សារ​តែ​កូននៅ​បៅទឹក​​ដោះ​គោ​ ហើយ​នាង​បាន​ដក​ប្រាក់​មួយ​ចំនួន​​ធំ​ដែល​ទុក​សម្រាប់​ចាយ​វាយ​ប្រចាំ​ថ្ងៃ​ មក​ធ្វើ​សោ​ហ៊ុយ​ចុះ​ឡើង​ៗ​ដើម្បី​មក​ប្រឡង​ ។ នៅ​ក្នុង​វគ្គ​ទី​៣​ ឪពុក​របស់​នាង​បាន​ប្រឡង​ធ្លាក់​​ ហើយ​​នាង​​ជាប់​រហូត​​វគ្គ​ផ្តាច់​ព្រ័ត្រ។​ ចំណែក​ឯ​អាជីព​ជា​អ្នក​​ចម្រៀង​នៅ​ភោជនីដ្ឋាន​ និង​តាម  ​​ក្រុម​ត​ន្ត្រី​​​ត្រូវ​បាន​បញ្ចប់​នៅថ្ងៃ​ដែល​នាង​ប្រឡង​ជាប់​នោះ​ដែរ ។ ​បច្ចុប្បន្ន​នេះ​ក្រៅ​ពី​អាជីព​​កំប្លែង​ ​នាង​​ធ្វើ​ជា​អ្នក​កាត់​សក់​ក្នុង​ពិធី​មង្គល​ការ​ជា​មួយ​នាយ​ពែរ​មី​ ដែល​ធ្វើ​ឱ្យ​ជីវ​ភាព​​គ្រួសារ​របស់​នាង​បាន​ធូរ​ធារ​ជា​ង​មុន​ ។

ដោ​យសារ​តែ​នាងខ្ញុង​​ចាប់​ដៃ​គូ​ជា​មួយ​នាយ​ពែរមី និង​ដើរ​ទៅ​ណាមក​ណា​ជា​មួយ​គ្នា​នោះ​ទើប​​ធ្វើ​ឱ្យ​គេ​យល់​ច្រឡំ​ថាអ្នក​ ទាំង​ពីរ​​​មាន​ទំនាក់​ទំនង​ស្នេហា​លួច​លាក់​ជា​មួយ​គ្នា ប៉ុន្តែ​អ្ន​កទាំង​ពីរ​​​នេះ​​ច្រាន​ចោល​ទាំង​ស្រុង​ ។ ​នាយ​ពែរ​​មី​ បាន​ប្រាប់​​អ្នក​យក​ព័ត៌​មាន​កោះ​សន្តិ​​ភាព​​ថា «ពួក​ខ្ញុំ​ទាំង​ពីរ​​​​​នាក់​​គ្រាន​់​តែ​ជា​ដៃ​គូ​សម្តែង​ និង​កាត់​សក់​ជា​មួយ​គ្នា​ដែល​មិន​អាច​ខ្វះ​បាន​ តែ​មិន​មែន​ជា​ដៃ​គូស្នេហា​លួច​​លាក់​​​ទេ ព្រោះ​ខ្ញុំ​មាន​ប្រពន្ធ​កូន​ពីរ​ទៅ​ហើយ​ ខ្ញុំ​ស្រឡាញ់​គ្រួសារ​ខ្ញុំ​ណាស់​ ចំណែក​ឯ​នាង​ខ្ញុង​ក៏​មាន​ប្តី​​និង​កូន​មួយ​ទៅ​ហើយ​ដែរ​ ​រឿង​អ្វី​ដែល​យើង​មាន​ទំនាក់​ទំនង​ស្នេហា​​ទៅរួច​នោះ ពួក​យើង​គ្រាន់​​តែ​ជា​មិត្ត​ភក្តិ​​ប៉ុណ្ណោះ»​ ។ ចំណែក​នាង​ខ្ញុង​វិញ​ក៏​បាន​ច្រាន​ចោល​​បញ្ហា​នេះ​ដូច​គ្នា​​ ។   

​នា​ង​ខ្ញុង​​បាន​ប្រាប់​អំពី​គោល​បំណង​របស់​នាង​ឱ្យ​ ដឹងទៀត​ថា នាង​​ចង់​បើក​សម្អាង​ការ​ខ្លួន​ឯង​ ប៉ុន្តែ​​មិន​ទាន់​មាន​ប្រាក់​​​ទេ នេះ​គ្រាន់​តែ​ជា​គម្រោង​ប៉ុណ្ណោះ ។តារា​កំប្លែង​រូប​នេះ​ ​សំណូម​ពរ​ដល់អ្នក​សិល្បៈ​រៀម​ច្បង​ ក៏ដូច​ជា​អ្នក​សិល្បៈ​ជំនាន់​ក្រោយ​ឱ្យ​ចេះ​​​គោរព​ និង​ស្រឡាញ់​អ្ន​កសិល្បៈ​​ដូច​គ្នា​​ មិន​ត្រូវ​មាន​ចិត្ត​​ស្អប់​គ្នា​ ឬ​ក៏​​ចង​គំនុំ​គ្នា​​​ទេ ​​ត្រូវ​រួម​សាមគ្គី​គ្នា​ឱ្យ​បាន​ល្អ​ ដើម្បី​ឱ្យ​សិល្បៈ​មាន​ភាព​ថ្លៃ​ថ្នូរ​ មាន​​ភាព​រីក​ចម្រើន​ទៅ​ថ្ងៃ​ខាង​មុខ​ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង