ខេត្ត​ស្វាយ​រៀង​​ ៖ មនុស្ស​ប្រុស​ស្រី​៤​នាក់ ​រង​​របួស​​ធ្ងន់​រហូត​សន្លប់​​រដូក​រណែល​​នៅ​លើ​ថ្នល់​ បណ្តា​ល​មក​ពី​គ្រោះ​ថ្នាក់​​​ចរាចរណ៍​ដែល​បង្ក​​ឡើង​ដោយ​បុរស​​ស្រវឹង​ស្រា ​ជិះ​ម៉ូតូ​​ឆ្លង​ថ្នល់​​មិន​ប្រុង​ប្រយ័ត្ន ។

ករណី​​នេះ​កើត​ឡើង​​កាល​ពី​ថ្ងៃ​ទី​១៤ ឧសភា ​ វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​១ ត្រង់​ចំណុច​ខ្លោង​​ទ្វារ​វត្ត​​​សិលាចារឹក ហៅ​វត្ត​​​ក្តី​ក្រឹប ភូមិ​បឹង​ស្នោ​ ឃុំ​ល្វា ស្រុក​ព្រះ​ស្តេច​ ខេត្ត​ព្រៃ​វែង ​។ បើ​តាម​ស្ត្រី​​រង​គ្រោះ​ប្រាប់​ឱ្យ​ដឹងថា នាង​ឈ្មោះ​បាន ម៉ាឡា​ ​អាយុ​៣៥​ឆ្នាំ ​នៅ​ភូមិ​ច្រក​​ម្ទេស​ សង្កាត់​ច្រក​ម្ទេស​ ក្រុង​បាវិត ​ជិះ​ម៉ូតូ​​ម៉ាក​ឌ្រី​ម សេ​១២៥ ស៊េរី​២០១០ ឌុន​កូនស្រី​ឈ្មោះ​​បាន ដាលីន អាយុ​១៣​ឆ្នាំ ​​ទៅ​លេង​​រាជ​ធានីភ្នំពេញ​ ក៏​ជួប​ជា​មួ​យ​ប្អូន​ធម៌​ឈ្មោះ​សៀង បុប្ផា ភេទ​ស្រី អាយុ​៣២​ឆ្នាំ នៅ​ខេត្ត​តា​កែវ ​ទៅ​​លេង​ភ្នំពេញ​​ដែរ ​ក៏​ឌុប​គ្នា​៣​​នាក់​បង​ប្អូន និង​កូន​ដើរ​លេ​ង​នៅ​រាជ​ធានីភ្នំពេញ​២​ថ្ងៃ ។ លុះ​ដល់​ថ្ងៃ​ទី​១៦ ឧសភា ​​បបួល​គ្នា​ទៅ​លេង​ផ្ទះ​នៅ​​ភូមិ​ច្រក​​ម្ទេស ក្រុង​បាវិត ។ ពេ​ល​ជិះ​ឌុប​គ្នា​ដល់​ខ្លោង​ទ្វារ​​​វត្ត​ក្តី​ក្រឹប ​ស្រាប់​តែ​​​ម៉ូតូ​​សង់​កូរ៉េ ​១​គ្រឿង​ ជិះ​ពី​ទិស​​ខាង​ត្បូងទៅ​​ជើង​កាត់​ទទឹង​​ផ្លូវ​ជាតិ​លេខ​១ ​មក​បុក​ពេញ​ទំហឹង​​ បណ្តាល​ឱ្យ​ដួល​បោក​ក្បាល​សន្លប់​ទាំង​សងខាង​ដេក​រដូក​រណែល​លើ​ទ្រូង​​​ ថ្នល់។

ស្ត្រី​រង​គ្រោះ​​បន្ត​ថា នាងបាក់​ជើង​ឆ្វេង​ រលាត់​ខ្នង​ដៃ​សង​ខាង ​បែក​ចិញ្ចើម​​​​​​​​​​​​ របួស​ផ្ទៃ​មុខ​ខាង​ឆ្វេង​ ច្រមុះ ​សន្លប់​នៅ​នឹង​កន្លែង​ ឯ​ឈ្មោះ​បាន​ ​ដាលីន ជា​កូន​បែក​ក្បាល​​ ដាច់​ផ្ទៃ​មុខ ​រលាត់​ដៃ​ជើង​ សន្លប់​​នៅ​នឹង​កន្លែង និង​ឈ្មោះ​សៀង បុប្ផា ជា​ប្អូន​​របួស​បាក់​ដង​កាំ​បិត​ខាង​ឆ្វេង ​  បែក​ក្បាល​ពី​ក្រោយ​​ផុង​លលាដ៍ រលាត់​ដៃ​ជើង​សន្លប់​​នៅ​នឹង​កន្លែង ។ ដោយ​ឡែក​​​បុរ​សបង្ក​ហេតុ​ដួល​បោក​ក្បាល​​សន្លប់​​នៅ​នឹង​កន្លែង​ដែរ ត្រូវ​សមត្ថកិច្ច​ដឹក​យក​ទៅ​មន្ទីរ​ពេទ្យ​​បង្អែក​ស្រុក​​កំពង់​ត្របែក ។ ចំពោះ​​រូប​នាង​៣​នាក់​​ប្អូន​ និង​កូន​ត្រូវ​គ្រូ​ពេទ្យ​​​បញ្ជូន​ទៅ​កាន​់​មន្ទីរ​ពេទ្យ​​ខេត្ត​ស្វាយ​រៀង ​​ដើម្បី​សង្គ្រោះ ។

ម៉ូតូ​​ទាំង​សង​ខាង​ត្រូវ​សមត្ថកិច្ច​​ប៉ុស្តិ៍​​រដ្ឋ ​បាល​ឃុំ​ល្វា យក​ទៅ​រក្សា​ទុក​ដើម្បី​ដោះ​ស្រាយ​​តាម​ច្បាប់ ។ ​សមត្ថកិច្ច​​ប្រាប់​ឱ្យ​ដឹងថា ​ស្ត្រី​រង​គ្រោះ​​ជិះ​ម៉ូតូ​​ពី​ទិស​ខាង​លិច​ទៅ​កើត​​តាម​ស្តាំដៃ​ រី​ឯ​ជន​ស្រវឹង​​ស្រា​ជោក​​ជាំ​​ជិះ​ម៉ូតូ​មក​ពី​ទិស​ខាង​ត្បូង​​តាម​ផ្លូវ​ លំ​ឡើង​ឆ្លង​​​ថ្នល់​មក​ជើង​ ទើប​បណ្តាល​​ឱ្យ​​​បុក​គ្នា​បែប​នេះ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]