E-sports គឺជាប្រភេទកីឡាថ្មីមួយប្រភេទ ដែលនៅកម្ពុជាទើបតែនឹង មានបួនទៅប្រាំឆ្នាំចុងក្រោយនេះ ប៉ុណ្ណោះ ខណៈដែលនៅ សាកលលោក ជាពិសេសនៅប្រទេសអភិវឌ្ឍ កីឡាប្រភេទនេះទទួលបាន ការពេញនិយមជាយូរឆ្នាំមកហើយ។

E-sports គឺមានពាក្យពេញថា Electronic sports ដែល Sabay សូមហៅថាប្រភេទកីឡា អេឡិចត្រូនិក។ អ្វីទៅជាកីឡាអេឡិចត្រូនិក?
កីឡាអេឡិចត្រូនិក គឺជាប្រភេទកីឡាដែលប្រកួត ដោយប្រើបច្ចេកវិទ្យា ពោលគឺសំដៅលើការប្រកួតសេវាកម្សាន្ត ឬហៅម្យ៉ាងទៀតថាហ្គេម។ ការប្រកួតនេះទៀតសោត គឺមានការចូលរួមដោយក្រុមកីឡា ឬកីឡាករជំនាញៗ (athlete) ដូចប្រភេទកីឡាផ្សេងៗទៀត ដែរអាចលេងជាវីដេអូហ្គេម និងនៅលើសង្វៀនអនឡាញ។

ពាក្យដែលគេនិយមប្រើស្រដៀង នឹងពាក្យនេះគឺ ការប្រកួតហ្គេម (competitive gaming), ការប្រកួតហ្គេមអាជីព (professional gaming) និង Cybersport។


ការប្រកួតជើងឯកពិភពលោក League of Legend នៅវគ្គផ្តាច់ព្រ័ត្រនៅរដ្ឋ កាលីហ្វ័រញ៉ា កាលពីខែតុលា ឆ្នាំ ២០១៣

ទម្រង់នៃការលេងសេវាកម្សាន្តនេះ គឺមានការបង្កើតយុទ្ធសាស្ត្រ និងផែនការប្រយុទ្ធដោយកំណត់ ពេលវេលាជាក់លាក់ (real time strategy), ការប្រយុទ្ធដោយប្រើកាំបិត និងកាំភ្លើង ការប្រយុទ្ធរវាងម្នាក់ទល់នឹងម្នាក់ និងការប្រកួតជាក្រុមនៅលើសង្វៀនអនឡាញ។

ការប្រកួតមានលក្ខណៈជាក្រុម កាន់តែមានប្រជាប្រិយភាពខណៈដែលនៅតាមបណ្ដាប្រទេសអភិវឌ្ឍមួយ ចំនួនបានរៀបចំកម្មវិធីប្រកួតយ៉ាងធំ និងបានផ្ដល់ប្រាក់រង្វាន់យ៉ាងច្រើនទៀតផង។

ការប្រកួតខ្នាតអន្តរជាតិ ធំៗមួយចំនួន ដូចជា World Cyber Games, the Evolution Championship Series និង Intel Extreme Masters ជាដើមមានផ្សាយផ្ទាល់ទៀតផង។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កីឡាប្រភេទនេះកំពុងទទួលបានការពេញនិយមខ្លាំងមែនទែន ហើយអ្នកចូលរួមប្រកួតសុទ្ធតែអ្នកមានបទពិសោធន៍ និងចាស់ទុំលើសេវាកម្សាន្តនីមួយៗ ខណៈដែលអ្នកគាំទ្រក៏មានកាន់តែច្រើនឡើងៗផងដែរ។ ដោយឡែក អ្នកផលិតហ្គេមវិញ ក៏បានបង្កើតគំនិតប្លែកៗ និងថ្មីៗជានិច្ច ដើម្បីបន្ថែមរសជាតិដល់សេវាកម្សាន្តទាំងនោះឱ្យកាន់តែល្អ និងមានលក្ខណៈប្រកួតប្រជែង។

បច្ចុប្បន្ននៅក្នុងទ្វីបអាស៊ី ប្រទេសកូរ៉េខាងត្បូងជាប្រទេសដែលមានស្ថាប័នរៀបចំកម្មវិធី E-sports នេះច្រើនជាងគេ ហើយមានកម្រិតល្អជាងគេបំផុតនៅក្នុងពិភពលោក។ កូរ៉េខាងត្បូងបានផ្ដល់អាជ្ញាប័ណ្ណផ្លូវការដល់សេវា កម្សាន្តនៅឆ្នាំ២០០០។

ការប្រកួតសេវាកម្សាន្តធំៗ ត្រូវបានរៀបចំឡើងនៅក្នុងតំបន់ចំនួនបួនក្រៅពីប្រទេសកូរ៉េ ខាងត្បូងក្នុងនោះមានអឺរ៉ុប អាមេរិកខាងជើង អូស្ត្រាលី និងចិន ខណៈដែលនៅប្រទេសជប៉ុនដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចលេខពីរក្នុង លោក មានការរឹតបន្តឹង។



ការប្រកួតជើងឯកពិភពលោក League of Legend នៅវគ្គផ្តាច់ព្រ័ត្រនៅរដ្ឋកាលីហ្វ័រញ៉ា កាលពីខែតុលា ឆ្នាំ ២០១៣

កំណកំណើត E-sports (1972-1989)



កម្មវិធីប្រកួត ហ្គេម Spac e Invaders Championship នៅ ឆ្នាំ ១៩៨១

ការប្រកួតកីឡាអេឡិចត្រូនិកដំបូងត្រូវ បានធ្វើឡើងនៅខែតុលា ឆ្នាំ១៩៧២ នៅសាកលវិទ្យាល័យ Stanford រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលកាលណោះគឺគេយកហ្គេម Spacewar ទៅប្រកួត ហើយនិស្សិតជាច្រើន  ត្រូវបានអញ្ជើញឲ្យចូលរួម ប្រកួតក្នុងកម្មវិធី “Intergalactic spacewar olympics” នេះ។ រង្វាន់ធំ គឺទទួលបានទស្សនាវដ្ដី Rolling Stone ដោយឥតគិតថ្លៃសម្រាប់មួយឆ្នាំ។

ក្រោយមក ឆ្នាំ១៩៨១ ក្រុមហ៊ុនហ្គេម Atari បានរៀបចំការប្រកួតហ្គេម ដែលមានឈ្មោះថា Space Invaders Championship ដែលជាការប្រកួតវីដេអូហ្គេមទ្រង់ទ្រាយ ធំដំបូងគេបង្អស់ ដោយទាក់ទាញមនុស្សជាង ១ ម៉ឺននាក់ទូទាំងសហរដ្ឋអាមេរិកចូលរួម។


មកដល់រដូវក្ដៅឆ្នាំ១៩៨១ ក្រុមហ៊ុន Walter Day បានបង្កើតស្ថាប័នមួយសម្រាប់តាម ដានពិន្ទុខ្ពស់បំផុតរបស់ អ្នកប្រកួតសេវាកម្សាន្ត ដែលមានឈ្មោះថា Twin Galaxies។ ស្ថាប័នមួយនេះបានផ្សព្វផ្សាយ វីដេអូសេវាកម្សាន្ត និងបានផ្សព្វផ្សាយជាសាធារណៈ នូវបណ្ដាញផ្សព្វផ្សាយមួយ ចំនួនដូចជានៅ សៀវភៅហ្គីណេស (Guinness Book of World Records)។

ឆ្នាំ ១៩៨៣ ក្រុមហ៊ុននេះ បានបង្កើតក្រុមវីដេអូហ្គេម ជម្រើសជាតិអាមេរិក (US National Video Game Team) ហើយក្រុមនេះបានចូលរួមក្នុងកម្មវិធីប្រកួតជាច្រើន។

អំឡុងទសវត្សរ៍ឆ្នាំ ១៩៧០ និង ១៩៨០ កីឡាករ E-sports និងការប្រកួត E-sports ចាប់ផ្ដើមល្បីល្បាញលើកាសែត និងទស្សនាវដ្ដីធំៗដូចជា Life និង Time ជាដើម។ ព្រឹត្តិការណ៍ E-sports ត្រូវបានផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ នានានៅអាមេរិក ហើយការប្រកួតវីដេអូហ្គេមបានក្លាយ ជាផ្នែកមួយនៃកម្មវិធីតាម ទូរទស្សន៍។ ការប្រកួតវីដេអូហ្គេមត្រូវយកមកនិយាយក្នុង វិស័យភាពយន្តផងដែរ ដូចជារឿង Tron ឆ្នាំ ១៩៨២ និង Tron Legacy ឆ្នាំ២០១២ ជាដើម។

E-sports ចាប់ល្បីល្បាញនិងបង្ហាញខ្លួនលើអនឡាញ (១៩៩០-១៩៩៩)

ទសវត្សរ៍ឆ្នាំ១៩៩០ អ៊ីនធឺណិតចាប់ផ្ដើមរីកសាយ ភាយទៅជុំវិញពិភពលោក ហើយហ្គេមជាច្រើនក៏ចាប់ផ្ដើមបម្លែងខ្លួន ទៅជាប្រភេទហ្គេមសម្រាប់ កុំព្យូទ័រ (PC games) និងហ្គេមអនឡាញ។ ជាក់ស្ដែង ឆ្នាំ១៩៨៨ ហ្គេម Netrek គឺជាហ្គេមអនឡាញដែលមនុស្ស អាចលេងជាមួយគ្នាដល់ទៅ ១៦ នាក់ឯណោះ។ Netrek គឺជាហ្គេមអនឡាញទី៣, ហ្គេមអនឡាញជាក្រុមដំបូងគេ, និងហ្គេមអនឡាញដំបូងគេដែលប្រើ metaservers។ ឆ្នាំ ១៩៩៣ ហ្គេមនេះត្រូវបានទស្សនាវដ្ដី Wired Magazine ឲ្យឈ្មោះថាជា ហ្គេម sports អនឡាញ ឬកីឡាអេឡិចត្រូនិក។

ការប្រកួត E-sports ទ្រង់ទ្រាយធំក្នុង ទសវត្សរ៍ឆ្នាំ១៩៩០ គឺ Nintendo World Championships ឆ្នាំ ១៩៩០ ដែលវគ្គចម្រុះត្រូវបានរៀបចំឡើងនៅទូទាំងអាមេរិក ហើយវគ្គផ្ដាច់ព្រ័ត្រធ្វើនៅ Universal Studios Hollywood នៅកាលីហ្វ័រញ៉ា។ ឆ្នាំ១៩៩៤ ក្រុមហ៊ុនហ្គេម Nintendo បានរៀបចំ World Championships ជាលើកទី២។ អ្នកមានសិទ្ធិ ប្រកួតមានអាមេរិក កាណាដា ចក្រភពអង់គ្លេស អូស្ត្រាលី និងឈីលី។

អំឡុងពេលនោះ កម្មវិធីទូរទស្សន៍ជាច្រើនរបស់អង់គ្លេស និងអូស្ត្រាលីក៏បានផ្សាយពីការ ប្រកួតហ្គេមអនឡាញនេះផងដែរ។

ការប្រកួតលក្ខណៈពិភពលោកចាប់ផ្ដើមកើនឡើង (ឆ្នាំ ២០០០-២០០៩)

ការប្រកួតហ្គេមអនឡាញ ឬ E-sports ចាប់ផ្ដើមកើនឡើងយ៉ាងគំហុក ដោយឆ្នាំ២០០០ មានត្រឹមតែ ១០ ប្រកួតប៉ុណ្ណោះ ខណៈដែលឆ្នាំ ២០១០ មានប្រមាណជា ២៦០ ប្រកួតឯណោះ។ ជាក់ស្ដែង កាលពីខែកញ្ញា ឆ្នាំ ២០០៦ ការប្រកួតស្វែងរកជើង Worldwide Webgames Championship របស់ក្រុមហ៊ុនហ្គេមអនឡាញ FUN Technologies បានចម្រាញ់យកបេក្ខជន ចុងក្រោយចំនួន ៧១ រូប ដើម្បីប្រកួតយកពានជើងឯក ដែលមានទឹកប្រាក់ជារង្វាន់រហូតដល់ ១ លានដុល្លារឯណោះ។

មិនត្រូវតែប៉ុណ្ណោះ រាល់ការប្រកួត E-sports ធំៗត្រូវបានផ្សាយបន្តផ្ទាល់ដោយទូរទស្សន៍អាមេរិក បារាំង អង់គ្លេស និងកូរ៉េខាងត្បូងផងដែរ។

ការប្រកួត E-sports

ការប្រកួត E-sports ជាព្រឹត្តិការណ៍ប្រកួតហ្គេមអនឡាញលើឆាក ហើយមានទស្សនិកជននៅមើលចំពោះមុខផ្ទាល់។ ការប្រកួតមានតាមបែបផែនដូចជា ការប្រកួតជម្រុះមួយទល់មួយ ពីរទល់ពីរ និងក្រុមទល់នឹងក្រុម ដោយមានអាជ្ញាកណ្ដាលចាំ ត្រួតពិនិត្យមើលការប្រកួត ក្រែងលោមានករណីបន្លំ ឬលេងខូច។

ការប្រកួតធំៗមានដូចជា World Cyber Games, Major League Gaming អាមេរិកខាងជើង, Electronic Sports World Cup នៅបារាំង និង World e-Sports Games នៅចិន។ រាលការប្រកួតក្រុមហ៊ុនហ្គេមបាន ចំណាយប្រាក់រង្វាន់រាប់សិបលាន ដុល្លារ ដល់ក្រុមជយលាភី។ 


ការប្រកួតជើងឯកពិភពលោក League of Legend កាលពីខែតុលា ឆ្នាំ ២០១៣

(មានមនុស្សជាង ៣០លាននាក់មើលផ្ទាល់ និងទូរទស្សន៍)

ប្រព័ន្ធផ្សព្វផ្សាយ

ប្រព័ន្ធផ្សព្វផ្សាយការប្រកួត E-sports ធំបំផុតគឺ អ៊ីនធឺណិត តាមរយៈវីដេអូឡាយស្ទ្រីម (ផ្សាយផ្ទាល់លើអ៊ីនធឺណិត)។ ការប្រកួត Dreamhack Winter 2011 (ហ្គេម StarCraft II) មានអ្នកមើលឡាយស្ទ្រីមដល់ទៅ ១,៧ លាននាក់ឯណោះ។

ក្រៅពីនេះ ទូរទស្សន៍ក៏ដើរយ៉ាងសំខាន់ផងដែរក្នុងការផ្សាយបន្តផ្ទាល់ការប្រកួត E-sports ជាពិសេសនៅកូរ៉េខាងត្បូង។

ចុះនៅកម្ពុជាវិញ E-sport មានលក្ខណៈយ៉ាងណាដែរ? សូមរង់ចាំតាមដាន Sabay សប្ដាហ៍ក្រោយ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]