រាជធានីភ្នំពេញ ៖ បុរសជាបុគ្គលិកក្រុមហ៊ុន ទេសចរណ៍ម្នាក់ បានច្របាច់.កសម្លាប់ស្រ្តីជាប្រពន្ធ ដែលធ្វើការនៅណាហ្គាវើល ហើយបានចង.កសម្លាប់ខ្លួនឯងនៅក្នុងផ្ទះ រហូតដល់សពហើមស្អុយ ទើបមានអ្នកដឹង។ ហេតុការណ៍នេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២ និង ២០នាទី រសៀលថ្ងៃទី២៥ មករា ២០១៤ នៅផ្ទះលេខ៦៣ ផ្លូវលេខ២៦៥ ក្រុមទី១៣ ភូមិទី៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក នៅពេលដែលអ្នកជិតខាងមានការសង្ស័យ ឃើញម៉ូតូទុកចោលមុខផ្ទះ ២ថ្ងៃ ក៏បានអើតមើល។

បុរសជាប្តីដែលបានចង.កសម្លាប់ខ្លួននោះ ត្រូវសមត្ថកិច្ចឲ្យដឹងថា ឈ្មោះ ឈឿន មៀវសំណាង ភេទប្រុស អាយុ ៣៧ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនទេសចរណ៍មួយ ចំណែកស្រ្តីជាប្រពន្ធឈ្មោះ ហង្ស សុគន្ធារី អាយុ ៣០ឆ្នាំ ជាបុគ្គលិកណាហ្គាវើល។ ពួកគេទាំង ២នាក់ មានលំនៅផ្ទះកើតហេតុខាងលើ។

តាមមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋនៅក្បែរខាងមានការ សង្ស័យដោយឃើញម៉ូតូម៉ាកវីវ៉ា ១គ្រឿង ទុកចោលមុខផ្ទះរយៈពេល ២ថ្ងៃ មកហើយ ទើបបានទៅអើតមើល ក៏ប្រទះឃើញបុរសជាប្តីចង.កសម្លាប់ខ្លួននៅច្រកចូលបន្ទប់ទឹក ហើយបានរាយការណ៍ប្រាប់សមត្ថកិច្ច នគរបាលចុះទៅពិនិត្យ ស្រាប់តែឃើញស្រ្តីជាប្រពន្ធបាន ស្លាប់នៅក្នុងបន្ទប់ដេក និងហើមស្អុយទៅហើយ។

ប្រភពដដែលបន្តថា ប្តីប្រពន្ធ ២នាក់ នេះ បានរៀបការជាមួយគ្នាជាង ១០ឆ្នាំ មកហើយ និងមានកូនចំនួន ៣នាក់ ប្រុស២ ស្រី១។ ការរស់នៅជាមួយគ្នាមួយរយៈចុងក្រោយ ចេះតែមានទំនាស់គ្នាដោយសារតែប្រពន្ធប្រចណ្ឌចោទថា ប្តីមានស្រី។ ទោះបីជាយ៉ាង គេពុំដឹងថា ២នាក់ ប្តីប្រពន្ធនេះ មានទំនាស់រឿងអ្វីពិតប្រាកដនោះទេ បានជាឈានទៅសម្លាប់ប្រពន្ធ ហើយចង.កសម្លាប់ខ្លួនបែបនេះ។ គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃកន្លងទៅ ស្រ្តីជាប្រពន្ធត្រូវបានប្តីឃើញជិះម៉ូតូជាមួយសង្សារ ហើយបានមានទំនាស់គ្នាតាមផ្លូវ រហូតអ្នកកាសែតថតរូប ត្រូវប្តីគំរាមវាយផងដែរ។

បន្ទាប់ពីមានការភ្ញាក់ផ្អើល នគរបាលបានរកឃើញមានលិខិតបណ្តាំ ដែលគេអះអាងថា ប្តីជាអ្នកសរសេរផ្តាំឲ្យបងប្អូន និងម្តាយ ជួយមើលថែនាំកូនទាំង ៣នាក់ ព្រមទាំងចាត់ចែងចែកទ្រព្យឲ្យកូន។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា សព ២នាក់ ប្តីប្រពន្ធបានស្លាប់រយៈពេលប្រមាណ ៣ថ្ងៃ មកហើយ។ ចំពោះការស្លាប់របស់ស្រ្តីជាប្រពន្ធ សមត្ថកិច្ចបានឲ្យដឹងថា ស្លាប់ដោយសារតែការប្របាច់.ក ហើយគេមានការសង្ស័យថា បុរសជាប្តីសម្លាប់ប្រពន្ធហើយ បានទៅចង.កសម្លាប់ខ្លួនឯងជាក្រោយ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]