ភ្នំពេញ៖ យ៉ាងហោចណាស់ អ្នកធ្វើដំណើរ តាមម៉ូតូចំនួន២នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុ និងម្នាក់ទៀត រងរបួសធ្ងន់ ដោយសារតែ កម្លាំង ម៉ូតូបុកម៉ូតូ នៅតាមផ្លូវ ជាតិលេខ៤ ក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង ប្រមាណ ៩៖៤០នាទី យប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៤ នេះ។

សេចក្តីរាយការណ៍ ពីសាក្សី នៅកន្លែង កើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ដែលបានផ្តាច់ជីវិតមនុស្ស ចំនួន២នាក់ និងរបួសធ្ងន់ម្នាក់ ខាងលើនេះ បានកើតឡើង រវាងអ្នកបើកម៉ូតូ ណៃហត បានទៅបុក អ្នកបើក និងជិះម៉ូតូ សេ១២៥ មួយគ្រឿង ខណៈកំពុងឆ្លងផ្លូវ បណ្តាលឲ្យ ជនរងគ្រោះទាំងអស់ដួល បោលក្បាល ស្លាប់ និងរងរបួសធ្ងន់ តែម្តង។

សាក្សីបានរៀបរាប់ថា គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះបានកើតឡើង ខណៈម៉ូតូ មួយគ្រឿងម៉ាក សេ១២៥ សេរី២០១៣ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1BV-0270 ជិះម្នាក់ឯងពី កើតទៅលិច អ្នកបើកបរឈ្មោះ ជេង ពៅ ភេទប្រុស អាយុ៤១ឆ្នាំមុខរបរ សន្តិសុខឯកជន ស្នាក់នៅក្បែរ កន្លែងកើតហេតុ មានស្រុកនៅ ភូមិព្រៃក្តួច ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង  ជិះដល់ចំណុច កើតហេតុ បត់ឆ្លងផ្លូវ ទៅមើលគេគ្រោះថ្នាក់ចរាចរ ត្រូវបាន ម៉ូតូណៃហត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AP-7656 ជិះគ្នា២នាក់ ពីលិចទៅកើត បើកបរដោយឈ្មោះ ញ៉ែម ប៉ិច ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ ស្នាក់នៅ ភូមិអូដឹម សង្កាត់ចោមចៅ រួមដំណើរដោយមិត្តភ័ក្តម្នាក់ទៀត មិនស្គាល់ឈ្មោះ  បុកម៉ូតូសេ១២៥ បណ្តាលឲ្យ អ្នកបើកបរ ខាងសេ១២៥ស្លាប់ និងអ្នករួមដំណើរ ម៉ូតូ ណៃហត ស្លាប់ភ្លាមៗនៅកន្លែង ចំណែកឯ អ្នកបើកម៉ូតូណៃហត ដង្ហើមចង្រិត ត្រូវបានក្រុមគ្រួសារ ដឹកយកទៅមន្ទីរពេទ្យ ព្រះកុសុមះ។ 

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានបន្តទៀតថា ក្រោយកើតហេតុភ្លាមៗ គេឃើញរថយន្តសង្គ្រោះបន្ទាន់ របស់អង្គភាព ៧១១ នៃកងពលតូចលេខ៧០ ធ្វើដំណើរទៅដល់ ដើម្បីប្រុងជួយដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ខណៈជនរងគ្រោះដែលរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារ របស់គេដឹកបញ្ជូនទៅកាន់មន្ទីរព្រះកុសុមៈបាត់ហើយ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច មូលដ្ឋាន និងកម្លាំងនគរបាល ចរាចរជើងគោក រាជធានីភ្នំពេញ បានចុះទៅជួយ អន្តរាគមន៍ ដោយបានស្វែងរក អត្តសញ្ញាណសព រួចហើយទាក់ទងទៅក្រុមគ្រួសារ ឲ្យមកយកទៅធ្វើបុណ្យ តាមប្រៃណី នៅឯស្រុកកំណើត រីឯម៉ូតូទាំង២គ្រឿង ត្រូវបានយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំការដោះស្រាយគ្នា តាមក្រោយទៀត៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]