រាជធានីភ្នំពេញ​ ៖ ​មាន​រយៈពេល​​ជាង​១០​ថ្ងៃ​មក​ហើយ​​​ដែល​បុរស​ជាជន​​ដៃដល់​មិន​ទាន់​​​ ត្រូវបាន​​​​ចាប់​ខ្លួន​​​​នៅឡើយ​​ទេ ពីបទចាក់​សាំង​​​ដុត​​​ស្ត្រី​មេម៉ាយ​​ស្រស់​​​ប្រិម​ប្រិយ​​ម្នាក់​​ទាំង​ រស់​​​​បណ្តាល​ឱ្យ​​រងគ្រោះ​​​ធ្ងន់​ធ្ងរ​​​បញ្ជូន​​​​មក​សង្គ្រោះ​​នៅ​​ មន្ទីរពេទ្យ​​កាល់​​ម៉ែត​ ​ហើយ​​​បន្ទាប់​មក​​​​ត្រូវ​បាន​​​ក្រុម​គ្រួសារ​​​បញ្ជូន​​​​បន្តទៅ​ ព្យាបាល​​​នៅ​ប្រទេស​វៀត​ណាម​​ ។​

ក្រុមគ្រួសារស្រ្តីរងគ្រោះបានឲ្យកោះសន្តិ ភាពដឹងថា ស្រ្តីមេមា៉យកូនបីរូបនេះ​ឈ្មោះ ស៊ុយ វ៉ាន់ឌី មានទីលំនៅភូមិ ឃុំថ្មស ស្រុកបទុម​សាគរ ខេត្តកោះកុង ត្រូវជនអគតិឈ្មោះយក់​វណ្ណៈ យកសាំងចាក់ស្រោចពីលើហើយយក​ដែកកេះឆួលដុតទាំងរស់នៅមុខផ្ទះ​កាលពី​ វេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៦ ខែឧសភា​ឆ្នាំ២០១២បណ្តាលឲ្យឆេះរោលពេញខ្លួននិង​​​ត្រូវ​បាន​ដឹកតាមអូប័រ​ បញ្ជូនទៅមន្ទីរពេទ្យ​ខេត្តព្រះ​សីហនុ ។ ដោយ​របួសធ្ងន់ពេកក៏បញ្ជូនបន្តមក​មន្ទីរពេទ្យ​កាល់​ម៉ែតរាជធានី​ភ្នំពេញ ។ សម្រាក​ព្យាបាលនៅមន្ទីរ​ពេទ្យកាល់ម៉ែតបានបួនថ្ងៃ ដោយមើលឃើញស្រ្តី​រង​គ្រោះស្ថិតក្នុងសភាព​ធ្ងន់ធ្ងរពេក​សាច់ញាតិ​ក៏​សម្រេច​ ចិត្ត​សុំគ្រូពេទ្យ​បញ្ជូនទៅមន្ទីរពេទ្យ​ប្រទេស​វៀតណាម ។

អស់រយៈ​ពេល​៥ថ្ងៃមកហើយ​ដែលស្រ្តីរង​គ្រោះឈ្មោះស៊ុយ វ៉ាន់ឌី កំពុងត្រូវ​បានសម្រាក​ព្យាបាលនៅមន្ទីរពេទ្យចារី ឯទី​ក្រុងហូជីមិញ ក៏ប៉ុន្តែអ្នករងគ្រោះរូបនេះ​ស្ថិត​ក្នុងសភាពធ្ងន់ធ្ងរ​ដដែល។ តាមរយៈលោក​គ្រូពេទ្យនៅទីនោះបាន​ប្រាប់​ថា  ជនរងគ្រោះ​​​រលាកទងសួតធ្ងន់ធ្ងរត្រូវ​ប្រើរយៈពេល​យូរ​ក្នុងការ​ ព្យាបាលនិងសុំឲ្យក្រុម​គ្រួសារត្រៀម​ប្រាក់ចាប់ពី៥ពាន់ដុល្លាដល់មួយ​ ម៉ឺនដុល្លារ​សម្រាប់ការចំណាយទិញឈាមបញ្ចូល​និងថ្នាំ​ ពេទ្យផ្សេងៗទៀតសម្រាប់ព្យាបាល ។ ​ក្រុម​គ្រួសារ​ស្រ្តីរងគ្រោះបានបញ្ជាក់ថា​ រហូត​មក​​​ដល់ថ្ងៃទី១៥ ឧសភា នេះ ជនរងគ្រោះអាច​និយាយបានខ្លះៗនិងហូបបានបន្តិបន្តួចដែរ ។

ស្ថិតនៅក្នុងស្ថានភាពចំពោះមុខនេះ​​ក្រុម​ គ្រួសារស្រ្តីរងគ្រោះក៏ដូចជាកូនប្រុស ស្រីបីនាក់​ដែលកំពុងកំព្រីកំព្រាខ្វះភាពកក់ក្តៅពីម្តាយបាន​លើក​ដៃ​ប្រណម្យ​ សុំ​កិច្ច​អន្តរា​គមន៍ពីលោកជំទាវ​កិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក​បាទ​ក្រហមកម្ពុជា ដែលតែងតែយកចិត្តទុក​ដាក់ដល់​ស្រ្តី​គ្រប់​រូបដែល​ត្រូវគេ​រំលោភ​បំពាន​​ ប្រើអំពើហិង្សានោះ​​ មេត្តា​​​ជួយ​ផង​... ។

គួររំលឹក​ថា​ ​រឿង​រ៉ាវ​​ដុត​មនុស្ស​​​​ទាំងរស់​​​នេះ​ គឺ​ផ្តើម​​ចេញពី​ស្នេហា​ត្រី​កោណ​​មួយ​បាន​​​ផ្ទុះភ្លើង​កំហឹង​​​កើ​តឡើង​​ នៅ​ភូមិ​ថ្ម​ស ឃុំ​ថ្ម​ស ស្រុក​​បទុម​​​​សាគរ រហូត​ឈានដល់​​ការ​ចាក់សាំង​​ដុត​មនុស្ស​​​ទាំង​​រស់ ដោយ​​​ចោទ​ថា​​​អ្នក​មេម៉ាយ​​​រូប​ស្រស់​​ក្បត់​ពាក្យ​​សន្យា​​ថា នឹង​​រៀប​ការ​​​ខែឧសភា ឆ្នាំ​​២០១២ ​​​តែបែរ​ជា​​ដោះ​ដៃ​​ទៅវិញ ធ្វើ​ឱ្យ​​ខាង​ប្រុស​​លែង​ប្រពន្ធ​ខក​។

គួររំលឹក​ថា លោក​​អនុសេនីយ៍​​ទោ ហ៊ួយ​ តារា នាយ​ប៉ុស្តិ៍​​​នគរបាល​​​​​ឃុំ​ថ្ម​ស បានប្រាប់​​កោះ​សន្តិភាព​​​តាម​ទូរស័ព្ទ​​​​​កាលពី​ថ្ងៃទី​​៧ ឧសភាថា ​រឿង​នេះ​​ផ្តើម​​​ពី​​​ស្នេហា​ត្រី​កោណ ។ លោក​មេ​ប៉ុស្តិ៍​​និយាយ​ថា​ បុរស​​ម្នាក់​​ឈ្មោះ​ យក់​​ វណ្ណៈ អាយុ​​៤២ឆ្នាំ ជាគ្រូ​ពេទ្យតូច​តាច​ម្នាក់​​មាន​​ទូរ​លក់​ថ្នាំ​​មួយ​នៅ​មុខ​ផ្ទះ​​​ និង​មាន​ប្រពន្ធ​​​​ឈ្មោះ​ យ៉េង បាវ អាយុ​​​៤១​ឆ្នាំ​ ​​។ ក្នុង​អំឡុង​​ពេលប្រហែល​​​១ឆ្នាំ​​​​កន្លងផុត​ទៅ​​​គ្រូ​ពេទ្យ​​យក់ វណ្ណៈ ​បានតាម​ស្រឡាញ់​​ស្រ្តី​​មេម៉ាយ​​​កូន​​៣​​ ឈ្មោះ​ ស៊ុយ វ៉ាន់​ឌី អាយុ​​​៣៧ឆ្នាំ មាន​មុខ​​របរ​​​ជា​អ្នក​លក់​​​សាំង​និង​​គ្រឿង​ទេស​បន្តិច​បន្តួច​​ ​​​។ ស្នេហា​​​ត្រី​កោណ​​​នេះ​​​បាន​អូស​បន្លាយ​​​​​​​អស់​​ពេលជាង​​​១ឆ្នាំ រហូត​ដល់​អ្នក​​ភូមិ​ថ្ម​ស​​​បាន​​ដឹង​ឮ​​ស្ទើរ​​មួយ​ភូមិ​​ ។

មន្ត្រី​​នគរបាល​​​ប៉ុស្តិ៍​​​ដដែល​​បាន​រៀប​រាប់​​ ទៀត​​​ថា​​ ដោយ​សារ​​​ការ​ផ្អែម​ល្ហែម​​​រវាង​អ្នក​​មេម៉ាយ​​កូន​​៣​ និង​ពេទ្យ​ណាក់​​​មើល​ទៅ​ដូច​​​ស្រមោច​​និង​ស្ករ​ ធ្វើ​ឱ្យ​​​ប្រពន្ធ​​​ដើម​​ពេទ្យ​ណាក់​​​បាន​ទៅជេរអ្នក​មេម៉ាយ​​ដោយ​ចោទ​ថា ជាស្ត្រី​​ដណ្តើម​​ប្តី​​គេ ។ ពេល​អ្នក​​មេម៉ាយ​​ឮដូច្នេះ​​ក៏បាន​​រក​រឿង​​ឈ្លោះ​ជាមួយ​​ប្រពន្ធ​ពេទ្យ​ ណាក់​ដល់​ផ្ទះ មិន​តែប៉ុណ្ណោះ​ អ្នក​មេ​ម៉ាយ​​បានកាប់​ស្ត្រី​ជា​​ប្រពន្ធ​​ដើម​១កាំបិត​​ចំដៃ​​ទៀត​ផង កាល​ពី​​អំឡុង​​ពេលប្រហែល​​៨ខែ​​​កន្លង​ផុត​ទៅ​ ។ បន្ទាប់​មក​រឿង​នេះ​​ ក៏​បាន​​ក្តីក្តាំង​​រវាង​​ប្រពន្ធ​​ប្តី​​​រហូត​ដល់​​តុលាការ​​​ចេញ​​សាល​ ក្រម​​លែងលះ​គ្នា​​​ ទៀត​​ផង​​ ។ នៅក្នុង​​ខណៈ​​នោះ​ដែរ​​​អ្នក​មេម៉ាយ​​​កូន​​៣​​ ក៏​បាន​​​សន្យា​​​ជាមួយ​​ពេទ្យ​ណាក់​​ថា បើ​​​លែង​​​លះ​​ដាច់​ស្រឡះ​​​ជាមួយ​ប្រពន្ធ​ដើម ខ្លួន​​​ព្រម​​​រៀប​ការ​​ជាមួយ​នៅ​ខែ​​​ឧសភានេះ ។

ប្រភព​ដដែល​បន្ត​ទៀតថា រហូត​ដល់​​ថ្ងៃទី​​៦ ឧសភា ឆ្នាំ​​២០១២  មិន​ដឹង​​ជា​មាន​​ទំនាស់​​សម្តី​គ្នា​​​​យ៉ាង​ម៉េច​​​ ទើប​​​​ខាងស្រី​​​ប្រកែក​​ថា មិន​ព្រម​​រៀប​ការ​ ​​ហើយក៏មាន​​​ការ​​ប្រតាយ​ប្រតប់​​គ្នា រហូត​ដល់​មាន​​ការ​​ខឹងសម្បាក៏យក​សាំង​​ដប​​​ដែល​មាន​នៅ​​នឹង​ផ្ទះ​​​ស្រាប់ ​​​នោះជះ​​​ទៅលើ​​អ្នក​មេម៉ាយ​​​រួច​​​ឆួល​​ដែក​កេះ​ដុត​​​ស្ត្រី​មេម៉ាយ​​ កូន​​៣​​ជា​គូស្នេហ៍​​​​​របស់​ខ្លួន​​​នោះ​តែម្តង ហើយ​​​គេច​ខ្លួនបាត់ ។ ដោយ​សារ​​​រាត្រី​នោះមាន​​ភ្លៀង​​​ធ្លាក់​​​ខ្លាំង​​ អ្នក​​​មេម៉ាយ​​ដែល​​ត្រូវ​​ភ្លើង​ឆេះ​​ពេញ​រាង​កាយ​​​ក៏​បាន​​ននៀល​ខ្លួន​​ ​ទៅនឹង​​ដី​សើម​​​ផង​​និងទឹក​​ភ្លៀង​​​ជួយ​​រំលត់​​ភ្លើង​​​ផង គឺ​ននៀល​​រហូត​ដល់​រលត់​​​​គ្មា​ន​អ្នក​ណា​ឃើញ​ឡើយ ។ ឆ្លៀត​ពេល​​​កំពុង​ភ្លៀងខ្លាំង​​ ​​​​បុរស​អគតិ​​នោះ​ ក៏គេច​ខ្លួន​តាម​​​អូប័រ​​​បាត់​ទៅ​។​

ទោះ​ជាយ៉ាងណា​​ក៏ដោយ ការ​ចាក់​សាំង​​ដុត​មនុស្ស​ទាំង​​រស់​​បែបនេះ​​ជាការប៉ុនប៉ង​​​ធ្វើ​មនុស្ស​ ​ឃាតដោយ​ចេតនា ជាបទ​​ឧក្រិដ្ឋ​​ និង​​ជាអំពើ​​ដែល​មនុស្ស​​​​​​ស្អប់​ខ្ពើម​​បំផុត ​​ត្រូវ​តែ​ចាប់​​ខ្លួន​​នាំមក​​ផ្តន្ទាទោស​​តាម​ច្បាប់  ដែល​​​រហូត​​​មក​​ដល់​​​ពេល​នេះ ​មហា​ជន​​កំពុង​​​រង់​ចាំ​​​មើល​​ស្នា​ដៃសមត្ថ​កិច្ចស្រុក​​បទុម​សាគរ តើ​ចាប់ឬអត់ ? ​​

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]