រាជធានីភ្នំពេញ ៖ តារាកំប្លែងនាយខាត់ ចំរើន រួមទាំងបងប្អូន ជាអ្នកសិល្បៈទាំងអស់ សុទ្ធតែមមាញឹក ស្ទើរដកឃ្លាមិនរួច ដោយសារតែជា រដូវចូលរោងការ ។ ដោយសារតែនៅជាមួយ អាជីពកាត់សក់មង្គលការ បែបនេះហើយ ទើបលោកខាត់ ចំរើន បង្កើតការងារផ្សេងទៀត គឺវង់តន្ត្រីសម័យផ្ទាល់ខ្លួនសម្រាប់បម្រើ កម្មវិធី ផ្សេងៗ ពិសេសពិធីជប់លៀង មង្គលការ ដោយទទួលបានភាពទាក់ទាញខ្លាំងគ្រាន់បើ ។

ឱ្យតែដល់រដូវរៀបការសំពះផ្ទឹម បងប្អូនត្រកូលខាត់ ចែកផ្លូវគ្នាច្រៀងកាត់សក់ តាមការចង់បានពីម្ចាស់ដើមការ ។ ក្នុងរដូវមង្គលការ វត្តមានលើកញ្ចក់ ទូរទស្សន៍របស់ខាត់ សុឃីម និងខាត់ ចំរើន មិនសូវឃើញទេ ដោយសារតែមានកាលវិភាគ ជាប់ច្រៀងភ្លេងការរហូត ធ្វើឱ្យមហាជនយល់ថា នេះជាទម្លាប់ទៅហើយ ។

មានការសង្កេតឃើញថា បើនិយាយពីមុខរបររកសុីវិញ ត្រកូលខាត់ មានស្ទើរគ្រប់មុខទៅហើយ បើសិនជាអតិថិជនត្រូវការ ជួលសម្អាងការមានសព្វបែបយ៉ាង មិនឱ្យទើសចិត្តឡើយ មើលទៅការងារនេះមូលទាំងអស់តែម្តង ។ លើសពីនេះអ្វីដែលប្លែកបន្ថែមទៀតនោះ ពួកគេទើបតែបង្កើតវង់តន្ត្រីសម័យ មួយក្រុមសុទ្ធតែជាតន្ត្រីករ ត្រកូលខាត់ ប្រគំជូនភ្ញៀវយ៉ាងសប្បាយរីករាយ មិនថាតែបទពីដើម ឬសម័យបច្ចុប្បន្នទេ ពួកគេអាចប្រគំកំដរជូនបាន ។

លោកខាត់ ចំរើន ដែលជាសមាជិកត្រកូលខាត់ ឱ្យដឹងកាលពីពេល ថ្មីៗនេះថា លោកទើបតែចេញមុខគ្រប់គ្រង ក្រុមតន្ត្រីសម័យមួយដាក់ឈ្មោះថា «ខាត់ ចំរើន តន្ត្រីសម័យ» រយៈពេលជាង២ខែមកហើយសម្រាប់ ប្រគំតន្ត្រីតាមពិធីបុណ្យទាន ជប់លៀង ឬពិធីមង្គលការជាដើម ។ មិនមែនប្លែកទេព្រោះបងប្អូនលោក បានបង្ហាញសកម្មភាពតន្ត្រីនេះយូរ មកហើយ គ្រាន់តែមិនហ៊ានប្រកាសជាផ្លូវការ ព្រោះតែមិនទាន់ទុកចិត្តក្រុមតន្ត្រីករប៉ុន្មាន ចាំឱ្យស្ទាត់ជំនាញ រៀងៗខ្លួនគឺប្រកាសដាក់ឈ្មោះក្រុមតែម្តង ។ ទើបតែពេលកន្លងទៅ ថ្មីៗនេះ បានលេចចេញវង់ភ្លេងជាផ្លូវការ ដោយឱ្យតែគេជួលសម្អាងការរបស់ខាត់ សុឃីម គឺគេបន្តសួរនាំរឿងភ្លេងសម័យដែរ ដោយសារតែតម្លៃជួលសមរម្យ ។ លោកបានសិក្សាទីផ្សារច្បាស់ គឺបើចេញទៅច្រៀងតាមខេត្តមានតម្លៃផ្សេងខុសពីនៅភ្នំពេញ ។

តារាកំប្លែងរូបនេះនិយាយថា ឥឡូវនេះលោក និងនាងខាត់ សុឃីម មិនសូវជាមានពេលឡើងច្រៀង តាមទូរទស្សន៍ញឹកញាប់ដូចមុនឡើយ ព្រោះមិនបាច់ប្រាប់ក៏គេដឹងថា ពួកលោករវល់ច្រៀងភ្លេងការ ។ ទោះជាយ៉ាងណាក្តី មិនបាត់មុខទាំងស្រុងទេ នៅតែសម្តែងតាមស្ថានីយទូរទស្សន៍ជា រឿយៗឱ្យតែទំនេរ ។ ខាត់ ចំរើន ថ្លែងអំណរគុណមហាជនដែលគាំទ្រត្រកូលខាត់ ហើយសូមឱ្យគាំទ្របន្តទៀត ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម