ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់បានស្លាប់នៅ នឹងកន្លែងយ៉ាង អាណោចអាធ័ម បន្ទាប់ពីត្រូវរថយន្ត ហ៊ីយ៉ាន់ដាយ ដឹកអង្ករ បើកបរដោយ បុរសជាប្តីកិន កាលពីវេលាម៉ោង ១០និង៤០នាទីព្រឹក ថ្ងៃទី២៥ មករា ២០១៤ នៅលើកំណាត់ ផ្លូវជាតិលេខ៦ ស្ថិតក្នុង ភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ។

ស្ត្រីរងគ្រោះត្រូវបានគេ ស្គាល់ឈ្មោះ គង់ វណ្ណា អាយុ៥២ឆ្នាំ មានទីលំនៅ ភូមិលេខ៤ ឃុំអំពិលតាពក ស្រុកអូររាំងឪ ចំណែកអ្នក បើករថយន្តឈ្មោះ ឌី ចាន់ អាយុ៦០ឆ្នាំ ជាប្តីស្ត្រីរងគ្រោះ ។

បើតាម លោកអនុសេនីយ៍ទោ ជាង សែ អធិការរងស្រុកជើងព្រៃ បានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តយីឌុបកង់១០ ម៉ាកហ៊ីយ៉ាន់ដាយ ដឹកអង្ករពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះវិហារ តាមបណ្តោយផ្លូវជាតិលេខ៦ ។ លុះមកដល់ ចំណុចកើតហេតុ រថយន្តបានធ្លាយទុយោហ្វ្រាំង ធ្វើឱ្យជាន់ហ្វ្រាំងមិនស៊ី ខណៈមានរថយន្តឡិចស៊ីស មួយគ្រឿងបើកបរនៅខាងមុខ ។

ប្រភពបន្តថា ដោយខ្លាចពេលចុះផ្លូវ បង្កជាគ្រោះថ្នាក់ អ្នកបើករថយន្តដឹកអង្ករ បានបួងចង្កូតមកខាងស្តាំដៃ វិះនឹងក្រឡាប់ ។ ពេលនោះ ស្ត្រីជាប្រពន្ធអ្នកបើករថយន្ត បានបើកទ្វារលោតចុះ ក៏ត្រូវកង់រថយន្តខាងក្រោយ កិនស្លាប់តែម្តង ៕

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]