រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីសម៉ាក  RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ២N-២១៦៩ មួយគ្រឿង ដែលបើកបរក្នុងល្បឿនលឿនឡើងស្ពានព្រែក ព្នៅបានជ្រុលទៅបុករថយន្ត ដឹកកុងតឺន័រពីក្រោយ ពេញទំហឹងបណ្តាលឱ្យស្រុញក្បាល កៀបជាប់អ្នកបើកបរដែលគេស្គាល់ថា ជាថៅកែនំបញ្ចុកកៀបស្លាប់ក្នុងរថយន្ត ។ ហេតុការណ៍ការដ៏រន្ធត់នេះកើតឡើងកាល ពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៣ មករា នៅលើស្ពានព្រែកព្នៅប៉ែកខាងកើត ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌឫស្សីកែវ បណ្តាលឱ្យរថយន្តស្រុញមុខ ខូចខាតស្ទើរតែទាំងស្រុង ។

ជនរងគ្រោះដែលស្លាប់ឈ្មោះមុំ វៃ ភេទប្រុស អាយុ៦៨ឆ្នាំ ជាថៅកែនំបញ្ចុកមានទីលំនៅតាមផ្លូវជាតិលេខ៤ ក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌសែនសុខ ត្រូវកៀបស្លាប់ក្នុងរថយន្តយ៉ាងអាណោចអធម័បំផុត ។ មន្ត្រីនគរបាលមូលដ្ឋានឱ្យដឹងថា ការកើតមានគ្រោះថ្នាក់នេះដោយសារ តែរថយន្តម៉ាកឡិចស៊ីសខាងលើបើកបរ ក្នុងល្បឿនលឿនប្រុងវ៉ា តែវ៉ាមិនបានក៏ជ្រុលចង្កូតទៅបុករថយន្តកុងតឺន័រ ពាក់ស្លាកលេខភ្នំពេញ៣A-៩៨៦៤ មួយគ្រឿង ដែលធ្វើដំណើរស្របទិសគ្នាពីក្រោយពេញទំហឹង ។

សាក្សីនៅកន្លែងកើតហេតុឱ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តម៉ាកឡិចស៊ីស បើកដោយបុរសម្នាក់ដែលជាថៅកែនំបញ្ចុកធ្វើដំណើរឡើងស្ពានព្រែកព្នៅក្នុងទិសដៅពីកើតទៅលិច ។ នៅពេលឡើងស្ពានក៏បង្កើនល្បឿនវ៉ា រថយន្តកុងតឺន័រ ហើយវាក់នឹងរថយន្តមួយគ្រឿង ទៀតធ្វើដំណើរពីលិចទៅកើតបញ្ច្រាសទិសគ្នា ។ ឃើញបែបនេះក៏គេចមកស្តាំវិញ រួចជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយ ពេញទំហឹងបណ្តាល ឱ្យស្រុញមុខកៀបជាប់ស្លាប់នៅក្នុងរថយន្តនោះ ។

ទោះបីជាយ៉ាងណាក្រុមគ្រួសារមិនជឿ ហើយសង្ស័យថារថយន្តកុងតឺន័រឡើងស្ពាន មិនរួចបានរអិលធ្លាក់បុករថយន្តឡិចស៊ីសវិញ ។ នៅក្នុងគ្រោះថ្នាក់នេះមន្ត្រីនគរបាលបាន ឃាត់ខ្លួនបុរស២នាក់ ដែលអះអាងថាជាអ្នកបើកបររថយន្តកុងតឺន័រ និងព្រូដែលកំពុងរៀបចំកល់រថយន្តបញ្ជូនទៅកាន់ស្នាក់ការ នគរបាលរដ្ឋបាលស្វាយប៉ាក ប៉ុន្តែជននេះបានបដិសេធដោយនិយាយថា រូបគេជាអ្នកបើកបររថយន្តដឹកឥដ្ឋ ដែលធ្វើដំណើរមកដល់ឃើញក៏ជួយតែប៉ុណ្ណោះ ។ បន្ទាប់ពីកើតមានគ្រោះថ្នាក់ភ្លាមៗ នគរបាលបានទាក់ទងទៅក្រុមគ្រួសារមក ដល់ហើយនាំគ្នាគាស់ រថយន្តទាញសពចេញអស់រយៈពេល ប្រមាណ២ម៉ោងរហូត ដល់ម៉ោង៨យប់ទើបយកសពចេញបាន ។

កូនស្រីជនរងគ្រោះបានឱ្យដឹងថា នៅវេលាម៉ោង១រសៀលថ្ងៃទី២៣ មករា ឪពុករបស់នាងបានបើករថយន្តធ្វើដំណើរទៅស្រោចទឹកនៅវត្តវិហារសួគ៌ ហើយបានជិះរថយន្តត្រឡប់មកផ្ទះវិញក៏ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតតែម្តង គិតទៅគ្រោះចង្រៃនៅតែគេចមិនផុត ។ សពថៅកែនំបញ្ចុកនោះត្រូវបានកូនចៅ និងបងប្អូននាំយកទៅធ្វើបុណ្យនៅលំនៅឋានតាមប្រពៃណី ។

ចំណែករថយន្តទាំង២ត្រូវនគរបាលស្ទូចបញ្ជូនទៅកាន់ ការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាន រាជធានីភ្នំពេញដើម្បីដោះស្រាយតាមច្បាប់ ៕

សោកនាដកម្មស្លាប់៤ របួស២នាក់ ដោយសារកាមរីបុកជាមួយរថយន្ត FUSO
ខេត្តបន្ទាយជ័យ ៖ មនុស្ស៤បានស្លាប់រដូករណែលគួរឱ្យអនិច្ចាក្នុង ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បន្ទាប់ពីរថយន្តកាមរីបុកគូទរថយន្ត FUSO ដែលចតលើដងផ្លូវមិនដាក់ភ្លើងបំភ្លឺជាសញ្ញា ។ គ្រោះថ្នាក់នេះកើតឡើងលើផ្លូវជាតិលេខ៥ ក្នុងភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោងជាង៩យប់ថ្ងៃទី២៣ មករា ។ ក្រៅពីអ្នកស្លាប់នៅមានបុរស២នាក់ទៀតរងរបួសបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត ។

ជនរងគ្រោះដល់ជីវិតក្នុងហេតុការណ៍ដ៏រន្ធត់នេះ ១-ឈ្មោះ សុខ ពិសិដ្ឋ ភេទប្រុស អាយុ២៤ឆ្នាំ ២-ឈ្មោះ រុំ សងលី ហៅតុងម៉ុង ភេទប្រុស អាយុ៣២ឆ្នាំ ៣-ឈ្មោះ សួន ស៊ីញ ភេទប្រុស អាយុ២២ឆ្នាំ និង៤-ឈ្មោះ ញ៉ូវ សារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ ។ អ្នករបួស២នាក់ឈ្មោះ ឯក លីន ភេទប្រុស អាយុ៣៤ឆ្នាំ របួសធ្ងន់ និងឈ្មោះ ឈិន ម៉ាលី ភេទប្រុស អាយុ២៦ឆ្នាំ របួសស្រាល ។ អ្នកស្លាប់ទាំង៤នាក់មានលំនៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ហើយឈ្មោះ រុំ សងលី ហៅតុងម៉ុង ជាអ្នកបើកបររថយន្ត និងជាទាហានក្នុងកងវរៈ៥១៥ ចំណុះឱ្យកងពលថ្មើរជើងលេខ៥១ ប្រចាំការនៅបន្ទាត់ព្រំដែនឃុំអូរបីជាន់ និងឈ្មោះ ញ៉ូវ សារិទ្ធ ជាទាហានសឹករងស្រុកអូរជ្រៅ មានលំនៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះទាំងអស់ជិះរថយន្តកាមរីស៊េរី១៩៩៣ ចង្កូតស្តាំ ពណ៌ស ពាក់ស្លាកលេខបន្ទាយមានជ័យ 2A-2451 ធ្វើដំណើរតាមផ្លូវជាតិលេខ៥ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏បុករថយន្ត FUSO ចង្កូតស្តាំពណ៌ក្រហម ពាក់ស្លាកលេខ 3A-0493 ជារថយន្តដឹកឥដ្ឋដែលខូចហើយ ចតលើដងផ្លូវចំផ្នែកខាងក្រោយ ចំហៀងខាងឆ្វេងរយះមុខកាមរីមួយចំហៀងខាង ស្តាំបណ្តាលឱ្យបែកក្បាលធ្លាយខួរអ្នកបើកបរ ហើយរថយន្តកាមរីនោះមិនទាន់អស់ល្បឿនទេបានស្ទុះទៅមុខ ប្រហែលជិត១០០ម៉ែត្រពីកន្លែងកើតហេតុ ទើបរេចង្កូតធ្លាក់ស្នាមភ្លោះខាងឆ្វេងដៃ លិចតួរថយន្តនៅគូទហើបចេញពីទឹកបន្តិច ។ ភ្លាមៗអ្នកស្រុកនៅក្បែរនោះបាននាំគ្នាចុះ ទៅជួយគាស់ទ្វាររថយន្តទាញមនុស្សចេញមកក្រៅបាន៤នាក់ ចំណែក២នាក់ទៀតជាប់ក្នុងរថយន្តទាល់តែសមត្ថកិច្ចយករថយន្តមក ស្ទូចឡើងគោកទើបទាញយកសពបាន ។ ចំណែកមនុស្ស៤នាក់ដែល ទាញបានពីក្នុងរថយន្តនោះ ក៏បានស្លាប់ម្នាក់និងរបួសធ្ងន់ធ្ងរ២នាក់ស្រាលម្នាក់ពេលបញ្ជូន ដល់មន្ទីរពេទ្យបានស្លាប់ម្នាក់ទៀត ។

នៅកន្លែងកើតហេតុ គេឃើញមានសមត្ថកិច្ចជំនាញ រួមទាំងមន្ត្រីយោធាជា ច្រើនរូបបានចុះដល់កន្លែងកើតហេតុ ។ ថ្វីត្បិតតែដើមចមដែលបណ្តាលឱ្យកើតមានគ្ រោះថ្នាក់នេះគេពុំដឹងពីមូលហេតុពិតប្រាកដ ព្រោះអ្នករបួសមិនអាចសួរនាំបានក្តី តែសមត្ថកិច្ចជំនាញសន្និដ្ឋានថា ករណីគ្រោះថ្នាក់ធ្ងន់ធ្ងរនេះជាកំហុសរបស់រថយន្តធំចតលើទ្រូងផ្លូវពុំមានភ្លើងសម្គាល់ ដាក់ស្លឹកឈើតិចតួចដែរ តែចម្ងាយ៤ទៅ៥ម៉ែត្រពីរថយន្តប៉ុណ្ណោះ មិនអាចឱ្យអ្នកបើកបរយានយន្តដទៃ ចាប់អារម្មណ៍ពីឧបសគ្គខាងមុខបានទេ។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយពេលកើតហេតុអ្នកបើកបររថយន្ត FUSO គេចខ្លួនបាត់ ។ ចំណែករថយន្តតូចត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្ត ។ រថយន្តធំខូចបើកបរមិនកើតសមត្ថកិច្ចដាក់កម្លាំងយាមនិងដាក់ភ្លើងបំភ្លឺដើម្បីជាសញ្ញាដល់អ្នកដំណើរ។សពជនរងគ្រោះទាំង៤នាក់ត្រូវសាច់ញាតិទទួលយកទៅធ្វើបុណ្យរៀងខ្លួន ។

គួរបញ្ជាក់ថា កាលពីអំឡុងដើមឆ្នាំ២០០៨ ដោយសារចតរថយន្តមិនមានភ្លើងសម្គាល់ បែបនេះលើផ្លូវជាតិលេខ៥ ក្នុងភូមិកើតខាងលើបានធ្វើឱ្យរថយន្តស៊េរីទំនើបមួយគ្រឿង បោះពួយពីលិចទៅកើតបុកគូទរថយន្តធំដឹក ជ្រូកពេញទំហឹងរបួសធ្ងន់៣នាក់ ៕ 

ឡង់គ្រីស្ស័រពន្លះគោយន្តដឹកដំឡូងមីពីក្រោយស្លាប់២ របួសធ្ងន់៦នាក់
ខេត្តរតនគិរី ៖ ជនជាតិវៀតណាមពីរនាក់ស្លាប់ភ្លាមៗ និង៦នាក់ទៀតរងរបួសធ្ងន់ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ ចរាចរណ៍ដ៏រន្ធត់រវាងរថយន្តឡង់គ្រីស្ស័របុកជាមួយគោយន្តដឹកដំឡូងមី លើកំណាត់ផ្លូវជាតិលេខ៧៨A កាលពីវេលាម៉ោង ៧និង១៥នាទីយប់ថ្ងៃទី២៣ មករា ចំណុចភ្នំពីរក្នុងភូមិត្រពាំងក្រហម ឃុំត្រពាំងក្រហម ស្រុកកូនមុំ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា បុរសពីរនាក់ស្លាប់កៀបជាប់ ក្នុងរថយន្តឡង់គ្រីស្ស័រនោះជាជនជាតិ វៀតណាម ម្នាក់ឈ្មោះឡេ វ៉ាហា អាយុ៣១ឆ្នាំ និងម្នាក់ទៀតឈ្មោះង្វៀង ប៉ាទីង អាយុ៣៦ឆ្នាំ រស់នៅខេត្តយ៉ាឡាយ ប្រទេសវៀតណាម ហើយត្រូវបានបញ្ជូនសពទៅប្រទេសវៀតណាមហើយ ។ ចំណែក៤នាក់ទៀតរងរបួសធ្ងន់ ១-ឈ្មោះឡេ វាំងឡេង ភេទប្រុស អាយុ៤២ឆ្នាំ របួសភ្លៅស្តាំ ២-ឈ្មោះវ៉ា វាំទៀង ភេទប្រុស អាយុ២៦ឆ្នាំ ៣-ឈ្មោះវិង បូហ្វៀ ភេទស្រី អាយុ៤២ឆ្នាំ ។ ទាំងបីនាក់រស់នៅខេត្តយ៉ាឡាយ ប្រទេសវៀតណាម និង៤-ឈ្មោះ ហ្វូ គឹមស៊ឹង ភេទប្រុស អាយុ៣៦ឆ្នាំ ជាជនជាតិវៀតណាម រស់នៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ជាអ្នកបើកបររថយន្តឡង់គ្រីស្ស័រ ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ២I-០៨៩០ ។ ឯគោយន្តដឹកដំឡូងមីជិះគ្នាពីរនាក់រងរបួសធ្ងន់ ម្នាក់ឈ្មោះទ្រី គីមិសុខ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិI ឃុំត្រពាំងក្រហម ស្រុកកូនមុំ ជាអ្នកបើកបរគោយន្ត និងឈ្មោះសុខ សុភាព ភេទស្រី អាយុ២៦ឆ្នាំ ជាជនជាតិខ្មែរ រស់នៅភូមិ៤ ឃុំត្រពាំងច្រេះ ស្រុកកូនមុំ ។

មន្ត្រីនគរបាលចរាចរផ្លូវគោកនៃស្នងការដ្ឋាន នគរបាលខេត្តបានឱ្យដឹងថា មុនពេលកើតហេតុគោយន្តនិងរថយន្ត ឡង់គ្រីស្ស័របើកបរស្របទិសគ្នាពីកើតទៅលិច តាមបណ្តោយផ្លូវជាតិលេខ៧៨A ដោយគោយន្តបើកខាងមុខ ។ ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុមានរថយន្តមួយគ្រឿងផ្សេ ងទៀតបើកមកពីមុខបញ្ច្រាសទិសគ្នា បញ្ចាំងភ្លើងហ្វារខ្លាំងធ្វើឱ្យចាំងភ្ នែកអ្នកបើកបរគោយន្ត ហើយក៏បន្ថយល្បឿនមកអែបចិញ្ចើមផ្លូវ ស្រាប់តែរថយន្តឡង់គ្រីស្ស័រដែលបើកមកពី ក្រោយក្នុងល្បឿនយ៉ាងលឿន ទំនងជាស្រវាំងភ្នែកដែរនោះ មើលមិនឃើញគោយន្តក៏បុកពីក្រោយពេញទំហឹងរួញចូលគ្នា រមៀលធ្លាក់ផ្លូវជាច្រើនត្រឡប់ បណ្តាលឱ្យអ្នកជិះក្នុងរថយន្ត ឡង់គ្រីស្ស័រកៀបស្លាប់២នាក់ភ្លាមៗ និង៤នាក់ទៀតរបួសធ្ងន់បញ្ជូនទៅ ប្រទេសវៀតណាម ចំណែកខាងគោយន្ត២នាក់ របួសធ្ងន់បញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត។ រថយន្តឡង់គ្រីស្ស័រនិងគោយន្តបញ្ជូនមករក្សាទុក នៅអធិការដ្ឋានស្រុកកូនមុំ ធ្វើកំណត់ហេតុរង់ចាំដោះស្រាយពេលក្រោយ ៕

















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]