កំពង់ធំ ៖ អគ្គិភ័យដែលមាន រយៈពេល២ម៉ោង បានបំផ្លាញ តូបតូចៗបណ្តោះអាសន្ន ចំនួន២០០តូប និងផ្ទះប្រជាពលរដ្ឋ ចំនួន៥ខ្នងផ្ទះ (តួរលេខដំបូង) ស្ថិតនៅ ក្នុងបរិវេណ បេនរថយន្ត ផ្សារកំពង់ថ្ម (ផ្សារផ្នែកខាងក្រោម)ដោយបានកើតឡើង នៅវេលាម៉ោង ប្រមាណ៩ និង៣០នាទី យប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤ ហើយបានរលត់ទៅវិញ ទៅវិញនៅវេលា ម៉ោងប្រមាណ ១១៖៣០នាទី យប់ថ្ងៃដដែលនេះ ក្រោយពីមានអន្តរាគមន៍ ពីរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាន នគរបាលខេត្ត និងមកពីក្រុមហ៊ុន ចំការកៅស៊ូ ចំការលើ ។

លោក គង់ វិមាន អភិបាលរង ខេត្តកំពង់ធំ ដែលចូលរួមទៅជួយ អន្តរាគមន៍ ជាមួយអភិបាលខេត្តនោះ បានថ្លែងឲ្យដឹងថា មូលហេតុពិតប្រាកដ នៅមិនទាន់ដឹងនៅឡើយទេ ដោយរង់ចំាការ ស្រាវជ្រាវជាបន្តទៀត ខណៈដែលប្រជាពលរដ្ឋ ខ្លះសង្ស័យថា អាចបណ្តាលមកពីការអុជធូប ឫអាចបណ្តាលមកពី ទុស្សខ្សែភ្លើង ។

លោក គង់ វិមាន បានបន្តទៀតថា តូបតូចៗ បណ្តោះអាសន្ន ជាប្រភេទតូប លក់ខោអាវ ជជុះ លក់សាច់ ជាដើមនោះ ត្រូវបានឆេះបំផ្លាញទាំងស្រុង និងផ្ទះប្រជាពលរដ្ឋ ចំនួន៥ខ្នង ក៏រងការខូចខាត ទាំងស្រុងផងដែរ។

យ៉ាងណាក៏ដោយ បើតាមលោក គង់ វិមាន បានបញ្ជាក់ថា អគ្គិភ័យនេះមិនបានកើតឡើង នៅចំកណ្តាលផ្សារនោះឡើយ ពោលនៅក្នុងបេនរថយន្ត តែប៉ុណ្ណោះ។

ជុំវិញ បេនរថយន្តខាងលើនេះ មន្រ្តីនគរបាល មួយរូបបានថ្លែងឲ្យដឹង កន្លងទៅ អាជ្ញាធរ ខេត្តកំពង់ធំ បានហាមថៅកែបេនរថយន្តមាន ឈ្មោះ ទង់ គឹមឡា កុំឲ្យមានការដាក់លក់ ដូរផ្សេងៗ នាំឲ្យមានភាព រញ៉េរញ៉ៃ  និងគ្មានសណ្តាប់ធ្នាប់ តែថៅកែបេនរូបនេះ មិនព្រមស្តាប់ឡើយ នៅតែបន្តធ្វើទៀត ហើយក៏ជួបហេតុការណ៍បែបនេះតែម្តង ។ ដូច្នេះថៅកែបេនរថយន្ត ត្រូវតែទទួលខុសត្រូវចំពោះបញ្ហានេះ។ សម្រាប់ទំហំនៃការខូចខាតនោះ នៅមិនទាន់ដឹងនៅឡើយ ដោយរង់ចាំ ការស្រង់របាយការណ៍ ពីសំណាក់អាជ្ញាធរ មូលដ្ឋានជាមុនសិន៕













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]