ខេត្តបន្ទាយមានជ័យ ៖  យុវជនម្នាក់ មកពីស៊ីឈ្នួល នៅប្រទេសថៃ ចាញ់បោកមេខ្យល់ អស់ប្រាក់ពីខ្លួន ពេលត្រលប់ មកដល់ផ្ទះ គ្មានប្រាក់ឲ្យថ្លៃរថយន្ត បានសុំប្រាក់ពីឪពុកឲ្យគេ ភ្លាមនោះស្រាប់ តែប្អូនប្រុស ម្តាយចុង បានចេញមុខ មកមើលងាយមើលថោក និងជេប្រមាថ បណ្តេញឲ្យ ខ្លួនចេញពី ផ្ទះ ដោយទ្រាំ មិនបានយុវជនរូបនោះក៏បានទាញពូថៅកាប់ ទៅលើប្អូនប្រុស ម្តាយចុងបណ្តាល ឲ្យរបួសធ្ងន់ រួចរត់គេចខ្លួន ក្រោយមកនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤ នៅភូមិថ្នល់បំបែក ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវកម្លាំង អ ហ ស្នាក់ការ៨៨៨ ស្ទាក់ចាប់ខ្លួន ដើម្បីសួរនាំ ។

មេបញ្ជាការរង អ ហ ខេត្តបន្ទាយមានជ័យ លោក ម៉ែន ភីរម្យ បានឲ្យដឹងនៅថ្ងៃទី២៤ ខែ មករា ឆ្នាំ២០១៤ នេះថា ការឃាត់ខ្លួន ជនសង្ស័យឈ្មោះ ទូច កក្កដា ភេទប្រុស អាយុ២៦ឆ្នាំ គឺសមត្ថកិច្ចធ្វើឡើង ក្រោយពីទទួល បានពាក្យបណ្តឹង ពីជនរងគ្រោះម្នាក់ឈ្មោះ មោង ខ្នា ភេទប្រុស អាយុ២៦ឆ្នាំ បានរៀបរាប់ថា ខ្លួនត្រូវបានឈ្មោះខាងលើកាប់ចំនួន០៣ពូថៅ បណ្តាល ឲ្យរបួសត្រង់ដៃស្តាំ និងក្បាល ។

លោក ម៉ែន ភិរម្យ បានបន្តថា មុនពេលកើតហេតុ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤ វេលាម៉ោង៥ល្ងាចកន្លងទៅ ជនសង្ស័យ ទូច កក្កដា ត្រលប់មកពី ស៊ីឈ្នួលនៅថៃ មកដល់ផ្ទះគ្មានប្រាក់ឲ្យថ្លៃសោហ៊ុយឡានតាក់ស៊ី បានសុំលុយឪពុកឲ្យគេ ភ្លាមនោះស្រាប់តែ ប្អូនប្រុស របស់ម្តាយចុងខ្លួន ឈ្មោះ មោង ខ្នា ចេញមកថា ជេដៀល មើលងាយមើលថោក ថាគ្មានកំណើត និងបណ្តេញមិនឲ្យចូលផ្ទះ ធ្វើឲ្យឈ្មោះ ទូច កក្កដា ទ្រាំនិងការមើលងាយលេងបាន ជនសង្ស័យបានរត់ទៅយក ពូថៅមកកាប់ឈ្មោះ មោង ខ្នា តែម្តង បណ្តាលឲ្យរបួសធ្ងន់ចូល ពេទ្យទាំងយប់ រួចជនដៃដល់រត់គេខ្លួនលុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤ មិ្សលមិញនេះទើបឃាត់ ខ្លួនបាន។

ក្រោយសួរនាំជនសង្ស័យ និងវត្ថុតាងពូថៅ ដៃមួយដើម ត្រូវបានកសាង សំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមនិតិវិធីច្បាប់ កាលពីវេលាម៉ោង ៣ រសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]