ភ្នំពេញៈ បន្ទាប់ពីអតីតកញ្ញាឯក លេខ២ ក្នុងកម្មវិធី “យុវតារា” របស់ស្ថានីយទូរទស្សន៍ បាយ័ន កញ្ញា វ៉ាឌី ភាលីង បានបាត់មុខបាត់មាត់ ពីការងារសិល្បៈសូន្យឈឹង ដោយគ្រួសារបានចេញមុខប្រកាសថា នាងមានបញ្ហាខាងផ្នែកសុខភាព ដូច្នេះត្រូវដកឃ្លាពីសិល្បៈមួយរយៈ ដើម្បីទៅសម្ងំព្យាបាលជំងឺ។ តែរហូតមកដល់ពេលនេះ គេនៅតែមិនទាន់ឃើញវត្តមាន របស់នាង វិលចូលសិល្បៈវិញ ដោយធ្វើឲ្យអ្នកគាំទ្រមួយចំនួន មានការសង្ស័យថា ការលើកឡើង របស់តារាស្រីរូបនេះ ទំនងគ្រាន់តែជា លេសនាងចង់ឈប់ពីសិល្បៈតែប៉ុណ្ណោះ ។

អស់រយៈពេលជិត២ឆ្នាំហើយ តារាសម្តែង និងជាពិធីការិនី កញ្ញា វ៉ាឌី ភាលីង បានផ្តាច់ខ្លួន ចេញពីវិស័យសិល្បៈ ស្ងាត់គ្មានដំណឹង អ្វីឡើយ ទើបតែពេលនេះ មានការលើកឡើងថា ដើមចមនៃការផ្អាក ការងារសិល្បៈនេះ គឺក្រោយពីនាងចាប់ផ្តើម មានទំនាក់ទំនង ស្នេហាថ្មី ជាមួយបុរសអ្នកជំនួញរកស៊ី មានទ្រព្យធនម្នាក់ ដោយជារឿយៗបុរសរូបនោះ តែងតែរំអុកចង់ឲ្យឈប់ ពីសិល្បៈយូរហើយ គ្រាន់តែកន្លងមកនាង មិនដាច់ចិត្ត ។ ទើបតែពេលនេះ នាងសម្រេចចិត្តឈប់ពីសិល្បៈតែម្តង ព្រោះមិនចង់ធ្វើឲ្យ ស្នេហាថ្មោងថ្មី មានភាពល្អក់កករ មើលមុខគ្នាមិនចំ ។

ប្រភពខាងលើ ប្រាប់ឲ្យដឹងទៀតថា ក្រោយពី កញ្ញា ភាលីង ឈប់ពីសិល្បៈគេសង្កេតឃើញថា នាងហាក់រស់នៅក្នុងជីវភាពមួយ សម្បូរសប្បាយចាយលុយមិនខ្វះ និងប្រើប្រាស់សម្ភារៈ និយមតម្លៃថ្លៃៗសម្ងំ នៅតែក្នុងផ្ទះថែរក្សាសម្រស់ មិនខ្វល់ខ្វាយអ្វីឡើយ ព្រោះថាបុរសអ្នក ជំនួញរូបនេះ បានធានាចិញ្ចឹមនាង ឲ្យរស់នៅសុខស្រួល មិនឲ្យខ្វះលុយចាយ ដើម្បីជាថ្នូរ និងជាការលួងលោម ដល់សង្សារបណ្តូលចិត្ត ដែលនាងព្រមបោះបង់ការងារ ដើម្បីតម្រូវចិត្តសង្សារ ។

ពាក់ព័ន្ធនឹងការលើកឡើងនេះ ត្រូវបានប្អូនស្រីរបស់ កញ្ញា វ៉ាឌី ភាលីង គឺ កញ្ញា វ៉ាឌី ភាលី បកស្រាយប្រាប់ LookingTODAY យ៉ាងខ្លីកាលពីពេលថ្មីៗនេះថា មូលហេតុនៃការផ្អាក សិល្បៈ របស់បងស្រីនាង នាពេលកន្លងមក គឺបណ្តាលមកពី សុខភាពបងស្រីនាង ធ្លាក់ខ្លួនឈឺធ្ងន់ ទើបមិនអាចប្រឡូក ក្នុងសិល្បៈបាន មិនមែនដូចការលើកខាងឡើង គ្មានមូលដ្ឋានពី អ្នកមាត់វែងមាត់ខ្លីនោះទេ ។ នាងអះអាងថា "ហើយម្យ៉ាងទៀតបងស្រីខ្ញុំ គាត់ក៏មិនបានផ្តាច់ខ្លួន ចេញពីសិល្បៈទាំងស្រុងទេ ជាក់ស្តែងពេលនេះ សុខភាព គាត់មានការធូរស្រាល ហើយគាត់ក៏បានត្រឡប់មក ចាប់អាជីពសិល្បៈ ដូចដើមវិញ ជាធម្មតាគ្រាន់តែ គាត់មិនទាន់ហ៊ាន ទទួលការងារច្រើន និងចេញមុខមាត់ច្រើន ដូចមុនតែប៉ុណ្ណោះ "៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]