ខេត្តក្រចេះ ៖ ស្ត្រីមានផ្ទៃពោះជនជាតិព្នងម្នាក់ បានចាក់សាំងដុត ប៉ុនប៉ងសម្លាប់ខ្លួនតែមិនបានសម្រេចគ្រាន់ តែបណ្ដាលឱ្យរងរបួស ក្រោយពីស្ត្រីរូបនេះ ធុញទ្រាន់នឹងការរស់ជាមួយប្ដីដែល តែងតែបង្កហិង្សាក្នុងគ្រួសារជាបន្តបន្ទាប់។

ការប៉ងធ្វើអត្តឃាតរបស់ស្ត្រីជនជាតិព្នង នេះបានកើតឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២២ មករា នៅលើកាំជណ្ដើរផ្ទះ ក្នុងភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី ។

អ្នកភូមិនិយាយថា ស្ត្រីរងគ្រោះរូបនេះឈ្មោះណិះ ក្រាក់ អាយុ២៧ឆ្នាំ មានផ្ទៃពោះ២ខែ និងមានកូន២នាក់ នៅក្នុងបន្ទុក ចំណែកប្ដីឈ្មោះយុន ជិន អាយុ៣០ឆ្នាំ ជាអ្នកធ្វើចម្ការ ។  មន្ត្រីប៉ូលិសប៉ុស្ដិ៍រដ្ឋបាលកន្ទួតនិយាយថា មូលហេតុដែលនាំឱ្យស្ត្រីរូបនេះ ប៉ុនប៉ងសម្លាប់ខ្លួន គឺបណ្ដាលមកពីអំពើហិង្សាក្នុងគ្រួសារ ដោយបុរសជាប្ដីតែងតែ វាយធ្វើបាបជាបន្តបន្ទាប់ រាល់ពេលផឹកស្រាស្រវឹងម្ដងៗ ។

បើតាមអ្នកភូមិនិយាយថា នៅថ្ងៃទី២២ មករា នោះបុរសជាប្ដីស្រវឹងស្រា និងកើតមានទំនាស់ជាមួយប្រពន្ធ រហូតឈានទៅដល់ការវាយដំ ទៀត ។ ស្ត្រីជាប្រពន្ធតូចចិត្តនឹងជីវិត អពមង្គលរបស់ខ្លួន ក៏យកសាំងមកចាក់ស្រោចលើខ្លួន ហើយដុតនៅកាំជណ្ដើរ មុខផ្ទះបណ្ដាលឱ្យឆេះសន្ធោសន្ធៅ ប៉ុន្តែត្រូវបានអ្នកភូមិជិតខាងជួយពន្លត់ និងដឹកតាមរថយន្តសង្គ្រោះ របស់ស្នងការដ្ឋាននគរបាលខេត្ត នាំមកកាន់មន្ទីរពេទ្យខេត្តភ្លាមៗ ។

លោកអនុសេនីយ៍ទោ ម៉េត ប៊ុនធឿន នាយប៉ុស្ដិ៍រដ្ឋបាលកន្ទួតបានឱ្យដឹងថា នគរបាលនឹងហៅបុរសជាប្ដីមកធ្វើការអប់រំ និងធ្វើកិច្ចសន្យាឱ្យ បញ្ឈប់ការប្រើហិង្សាក្នុងគ្រួសារ តទៅទៀតដោយព្រមានចាត់វ ិធានការតាមច្បាប់ ។  ក្រុមគ្រូពេទ្យនិយាយថា ស្ត្រីរងគ្រោះមានអាការៈធ្ងន់ធ្ងរ ដែលពិបាកក្នុងការសង្គ្រោះ ព្រោះរាងកាយត្រូវភ្លើងឆេះរោលរាល ហើយគ្រូពេទ្យបានជំរុញឱ្យក្រុមគ្រួសារ នាំទៅសង្គ្រោះនៅមន្ទីរ ពេទ្យឯរាជធានីភ្នំពេញ ដោយសារតែការឆេះនេះ ឈានដល់៨០%ទៅហើយ និងមានសង្ឃឹមរស់តិចតួចណាស់ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]