ខេត្តកំពង់ឆ្នាំង ៖ បុរស៤នាក់ក្នុងចំណោម ៦ទៅ៧នាក់ បាននាំគ្នាព្រុស និងខ្លះទៀតលូធ្វើតម្រាប់ តាមសត្វឆ្កែ បន្ទាប់ពីពួកគាត់នាំគ្នា ផឹកស្រាក្លែមសាច់ឆ្កែ ដែលស្ងោរដាក់កញ្ឆា កាលពីល្ងាចថ្ងៃទី១៩ មករា កន្លងមក នៅក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ។

រឿងចម្លែកពុំធ្លាប់មាននេះ អ្នកទាំង៤នាក់ក៏ត្រូវបានអ្នកស្រុក និងសាច់ញាតិដឹកបញ្ជូនតាម រ៉ឺម៉កម៉ូតូមកកាន់មន្ទីរពេទ្យបង្អែក ខេត្ដទាំងភ័យស្លន់ស្លោ ដើម្បីសង្គ្រោះ ព្រោះគិតថា ពួកគេបានពុលឬឆ្លង ជំងឺពីសត្វឆ្កែ ។ ទោះជាយ៉ាងណា ជុំវិញករណីខាងលើនេះ ក្រុមគ្រួសារ និងសាច់ញាតិក៏ប្រញាប់ដឹក ទៅកាន់លំនៅឋានវិញ បន្ទាប់ពីគ្រូពេទ្យបានដាក់សេរ៉ូម និងចាក់ថ្នាំឱ្យ ព្រោះខ្លាចអ្នកកាសែតនិ ងអ្នកថតទូរទស្សន៍ ។

មន្ដ្រីនគរបាលប៉ុស្ដិ៍រដ្ឋបាល រលាប្អៀរឱ្យដឹងថា ករណីខាងលើនេះពិតជាកើតមានមែន នៅក្រោយវត្ដត្រពាំងស្នោ ក្នុងភូមិព្រៃខ្មែរ កាលពីល្ងាចថ្ងៃទី១៩ មករា ។ នាល្ងាចថ្ងៃនោះ មានបុរស៦ទៅ៧នាក់នាំ គ្នាផឹកស្រាក្លែមសាច់ឆ្កែ ដែលស្ងោរដាក់កញ្ឆា លុះក្រោយពេលផឹកស៊ីហើយ ស្រាប់តែមានបុរស៤នាក់ដែលមានអាការៈ ពុលខ្លាំងជាងគេ ឬអាចនិយាយថាស្រវឹងកញ្ឆា ខ្លះព្រុស ខ្លះលូ និងខ្លះធ្វើត្រាប់តាមសត្វឆ្កែ ។ ដោយសារកើតអាការៈបែបនេះ ក្រុមសាច់ញាតិក៏បាន ដឹកទៅកាន់មន្ទីរពេទ្យខេត្ដ ។

ប្រជាពលរដ្ឋនៅក្នុងផ្សារព្រៃខ្មែរជាច្រើ ននាក់និយាយដូចៗគ្នាថា មុនពេលមានហេតុការណ៍ បែបនេះកើតឡើង មានបុរសនិងយុវជនមួយក្រុមមានគ្នា ៦ទៅ៧នាក់បានចាប់ឆ្កែមួយក្បាល (ខ្លះថាលួចឆ្កែវត្ដ ខ្លះថាលួចឆ្កែអ្នកស្រុក) យកមកធ្វើម្ហូបក្លែមស្រា ដោយស្ងោរទឹកដូងលាយ ជាមួយកញ្ឆា១ដុំធំ មិនដឹងថាបានមកពីណាទេ ប៉ុន្ដែពេលភ្លក្សទំនងជាមិនសូវឆ្ងាញ់ ក៏ដាក់ថែម១ដុំទៀត ។ ចំពោះការចម្អិន គឺបានស្ងោររំងាស់រហូតរីងទឹកដូង ទើបគេចាប់ផ្ដើមដួសយក មកក្លែមស្រា ដោយហាន់សាច់ឆ្កែជ្រលក់ជាមួយទឹកប្រហុក ។

ប្រភពដដែលបន្ដថា នៅពេលហូបបណ្ដើរ ខ្លះនិយាយលេងបណ្ដើរពីរឿងស៊ីសាច់ឆ្កែ និងខ្លះទៀតក៏ធ្វើជាព្រុស និងខ្លះលូ ដូចឆ្កែ ។ លុះជាងមួយម៉ោងក្រោយមក ក៏ស្រវឹងជោកជាំគ្រប់គ្នា ណាសាច់ឆ្កែក៏ក្ដៅ ស្រាក៏ក្ដៅ ជាតិកញ្ឆាក៏ចាស់ បានធ្វើទុក្ខបណ្ដាលឱ្យពួកគេ ស្រវឹងក្ដៅអន្ទះអន្ទែងគ្រប់គ្នា អ្នកខ្លះទៅជាឡប់ ខ្លះព្រុស ខ្លះលូធ្វើតម្រាប់តាមឆ្កែផ្អើលគេឯងពេញស្រុក ។ ក្នុងពេលនោះ អ្នកស្រវឹងខ្លាំង៤នាក់ត្រូវបានមិត្ដភក្ដិក្នុងភូមិ ដឹកបញ្ជូនមកកាន់ពេទ្យខេត្ដ ព្រោះគិតថាពួកគាត់ពុល ឬក៏អាចឆ្លងជំងឺពីឆ្កែ តែពេលដល់មន្ទីរពេទ្យត្រូវបានគ្រូពេទ្យដាក់សេរ៉ូម និងចាក់ថ្នាំបន្សាបឱ្យ ហើយក៏ប្រញាប់ដឹកទៅលំនៅឋានវិញ ព្រោះគ្រូពេទ្យបញ្ជាក់ថា គ្មានជំងឺអីទេ គឺស្រវឹងកញ្ឆា ។

លោកគ្រូពេទ្យនៅមន្ទីរពេទ្យខេត្ដបានឱ្យដឹងថា កញ្ឆាពេលស្រវឹងដល់កំណត់ពិតជាដូចមនុស្សឆ្កួត គឺឃើញអីក៏សើច គ្រាន់តែស្លឹកឈើបក់ក៏សើច និងឃើញអីក៏ធ្វើតម្រាប់តាមដែរ ។ គាប់ជួនមុនពេលស្រវឹងបានធ្វើលេងត្រាប់តាមឆ្កែ ដូចជាព្រុស និងលូជាដើម លុះពេលស្រវឹងកញ្ឆាខ្លាំងក៏បណ្ដាល ឱ្យទៅជាបែបនេះ ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]