ខេត្តកំពង់ធំ​​ ៖ កាល​ពី​​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​​ទី​១១ ឧសភា ​សមត្ថកិច្ច​​​នគរ​បាល​​​ក្រុង​ស្ទឹង​​សែន ​បាន​​ចាប់​ខ្លួន​​ជន​សង្ស័យ​ម្នាក់ ​ឈ្មោះ​លួន វីរៈ ហៅ​ម៉ាប់ នៅ​​ផ្ទះ​សំណាក់​​ ហេង ឡាយ ស្ថិត​ក្នុង​ភូមិ​អាចារ្យ​​លាក់ សង្កាត់​អាចារ្យ​លាក់ ក្រុង​​ស្ទឹង​សែន​ ​ក្រោម​ការ​បញ្ជា​របស់​លោក​ផាន់ ​សុផេង ​ស្នង​ការ​​នគរ​បាល​​ខេត្ត ដឹក​នាំ​​កម្លាំង​ដោយ​​លោក​ញ៉ែម ឈុន​លី​ អធិការ​​ក្រុង និង​មន្ត្រី​ក្រោម​ឱវាទ​ ពី​បទលួច​ម៉ូតូ​​ម៉ាក​​​ឌ្រីម សេ​១២៥​ កាល​ពី​ថ្ងៃ​ទី​៦ ​ឧសភា  ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជន​សង្ស័យ​​​​​​​​​សារភាព​​​​ថា គេ​​បាន​ជួប​ម្ចាស់​ម៉ូតូ​ឈ្មោះ​ឡេង ប៊ុន​ធឿន នៅ​​ជិត​​សណ្ឋាគារ​​អរុណ​រះ​ក៏​​ប្រើ​ល្បិច​​​ធ្វើ​ហាក់​ដូច​ជា​ធ្លាប់​ ស្គាល់​គ្នា ។ ក្រោយ​ពី​បាន​និយាយ​​​លេង​ជា​មួយ​គ្នា​រួច​មក​​ គេ​សុំ​ម្ចាស់​​ម៉ូតូ​​​ទៅ​ដេក​ជា​មួយ​​ក្រែង​​មាន​បងប្អូន ឬ មិត្ត​​​ភក្តិ​មាន​ផ្ទះ​​នៅ​កំពង់​ធំ​​ ។ ការ​ប្រើ​ល្បិច​នេះបាន​​​សម​ដូច​បំណង​​គឺម្ចាស់​ម៉ូតូ​​យល់​ព្រម​​ឱ្យ​​​​ទៅ ​ដេក​​ជា​មួយ ។

ម្ចាស់​ម៉ូតូ​មាន​មិត្ត​ម្នាក់​ឈ្មោះ​នឹម ជុប មាន​ផ្ទះ​នៅ​ភូមិ​អាចារ្យ​លាក់ សង្កាត់​អាចារ្យលាក់ ហើយ​​ម្ចាស់​​​ផ្ទះនោះ​​យល់​​ព្រម​​ឱ្យ​អ្នក​ទាំង​ពីរ​​នាក់​ស្នាក់​​នៅ​​ ដោយ​នឹក​ស្មាន​ថាពួក​គេ​​​ជា​សាច់​ញាតិ ឬ​មិត្ត​ភក្តិ​​នឹង​គ្នា ។ជន​សង្ស័យ​​​សារ​ភាព​ទៀត​ថា ​នៅ​វេលា​​ម៉ោង​១១​និង​៣០​នាទី​​យប់​​ថ្ងៃ​ទី​៦ ឧសភា ​នៅ​ពេល​​​ម្ចាស់​ម៉ូតូ​កំពុង​​ដេក​លក់​ គេ​​​​​​លូក​ហោ​ប៉ៅ​ខោ​យក​កូន​សោ​ម៉ូតូ​ រួច​ហើយ​ជិះ​​ម៉ូតូ​​គេច​ខ្លួន​បាត់​ ។​​ គេ​យក​ម៉ូតូ​នេះ​ជិះ​ដើរ​លេង​ ហើយ​យក​ទៅ​លក់​​ជា​ច្រើន​កន្លែង​ តែ​គ្មាន​អ្នក​ណា​ហ៊ាន​ទិញ​ទេ​ ពី​ព្រោះ​​​គ្មាន​ប័ណ្ណ​សម្គាល់​ទោចក្រយាន​យន្ត​ និង​សំបុត្រ​ស្នាម​​អ្វី​ទាំង​អស់ ។ ដោយ​រូប​គេ​ទាល់​​​តំរិះ​រហូត​ដល់​​យប់​កើត​ហេតុ​ក៏​​ទៅ​ជួល​ផ្ទះ​សំណាក់​ ហេង ឡាយ ​ដេក ហើយ​ត្រូវ​​សមត្ថកិច្ច​​ចាប់​ខ្លួនតែ​ម្តង​ ។

មន្ត្រី​ប៉ូលិស​​​ឱ្យ​ដឹងទៀត​ថា ​ជន​សង្ស័យ​ឈ្មោះ​​លួន វីរៈ ​អាយុ​២៤​ឆ្នាំ ​រស់​នៅ​​ភូមិ​សាលា​វិស័យ​កើ​ត ​ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្ត​កំពង់​ធំ ។ក្រោយ​ពី​កសាង​ក​សំណុំ​រឿង​​ចប់​សព្វ​​គ្រប់​ជន​សង្ស័យ​ត្រូវ​បាន​បញ្ជូន​ ទៅ​ស្នង​ការដ្ឋាន​​នគរ​បាល​​​ខេត្ត ដើម្បី​ចាត់​ការ​​តាម​នីតិវិធី ៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]