ចោរសម័យថ្មី លួចម៉ូតូគេបានហើយ មិនទាន់យកទៅលក់ទេ គឺយកទៅបញ្ចាំសិន ដោយហេតុថា ខ្វះលុយសងថ្លៃស្រា ទីបញ្ចប់អ្នកទទួលបញ្ចាំ សង្ស័យរាយការណ៍ឲ្យនគរបាល ចាប់បានទាំងពីរនាក់។

លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ត្រូវបានឃាត់ខ្លួន កាលពីវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០១២ នៅកន្លែងជាងជួសជុលម៉ូតូ ស្ថិតក្នុងភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីពួកគេ លួចកាលពីយប់ថ្ងៃទី១៣។

លោកអធិការបន្ដថា វាចម្លែកដែរ ចោរក្រុមនេះ ពួកគេលួចម៉ូតូក្នុងភូមិពោធិ៍មង្គល ហើយយកទៅបញ្ចាំ ឲ្យ អ្នកភូមិពោធិ៍មង្គល ទើបសមត្ថកិច្ចងាយស្រួល ក្នុងស្រាវ ជ្រាវដើម្បីឃាត់ខ្លួនក្រុមនេះ។

ជនសង្ស័យ ដែលត្រូវឃាត់ខ្លួន ទី១.ឈ្មោះប៉័ង ញ៉ អាយុ២២ឆ្នាំ, ទី២.ឈ្មោះ នួន អែម អាយុ២៣ អ្នកទាំងពីរ ស្នាក់នៅភូមិពោធិ៍មង្គល ហើយក៏ជាមុខសញ្ញា ដើរលួច ដ៏សកម្ម នៅក្នុងភូមិដែរ។ ចំណែកជនរងគ្រោះមាន ឈ្មោះ ង្វៀង យ៉ាំងអ៊ុក អាយុ ២២ឆ្នាំ ជនជាតិវៀតណាម មានមុខរបរនេសាទត្រី។

ក្រោយចាប់ខ្លួន សមត្ថកិច្ចបានប្រគល់ម៉ូតូ ម៉ាក សង់កូរ៉េ ឲ្យទៅជនរងគ្រោះវិញហើយ ចំណែកជនសង្ស័យ កម្លាំងនគរបាលខណ្ឌសែនសុខ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយៈ ជួន សុជាតិ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]