បាត់ដំបងៈ រថយន្តក្រុងក្រុមហ៊ុនកាពីតូល បានបុកបុរសម្នាក់ស្លាប់ភ្លាមៗ នៅកណ្តាលក្រុងបាត់ដំបង ខណៈពេលបុរសម្នាក់នេះ បានមកឃាត់រថយន្តក្រុងនេះ បានបើកកៀបុរសម្នាក់ទៀត បានដួល តែមិនស្លាប់បែរជារងគ្រោះស្លាប់ ខ្លួនឯងទៅវិញ កាលពីវេលាម៉ោង ១៥និង១៥នាទី រសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១២ នៅចំណុចផ្លូវបំបែក មុខសណ្ឋាគារបាណន់ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ចំណែករថយន្តត្រូវ នគរបាលចរាចរណ៍ ឃាត់យក មករក្សាទុក នៅការិយាល័យជំនាញ។ ឯសពរគ្រោះ បានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា បុរសម្នាក់បានស្លាប់មានឈ្មោះ ហួត ហៀង ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិ-សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង។ ចំណែកតៃកុងរថយន្តកាពីតូល មានឈ្មោះ ជា សារុន ភេទប្រុស អាយុ៤២ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង។

បើតាមសាក្សីម្នាក់ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ បុរសមិនគ្រប់លក្ខណៈ (ឆ្កួត)បានដើរកាត់ថ្នល់ មិនដឹងអីធ្វើឲ្យរថយន្ត កាពីតូលនេះ បានបើកកៀ បណ្តាលឲ្យដួលរងរបួសភ្លាមៗនោះបុរស ជាជនរងគ្រោះ ដែលបានស្លាប់នោះ បានមកទះទ្វាររថយន្តកាពីតូល ដើម្បីឲ្យឈប់មើលអ្នករងគ្រោះ តែពេលនោះ ជនរងគ្រោះ មិនបានមើលឃើញឧបសគ្គផ្សេងទៀត ទេស្រាប់តែរថយន្ត ១គ្រឿងផ្សេងទៀត បានមកបុកគាត់ (ជនរងគ្រោះ) ខ្ទាតមកចូលមកខាងមុខ រថយន្ត កាពីតូលដដែលកំពុងតែ បើកទៅមុខបានបុកមួយទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។

ក្រោយពីហេតុការណ៍កើតឡើង ហើយរថយន្តនេះ ត្រូវបានសមត្ថកិច្ចឃាត់ បាននាំយកតៃកុង មកសាកសួរ ទើបដឹងថា តៃកុងរថយន្តមិនមែនជាអ្នកបង្កហេតុនោះទេ គឺរថយន្ត១គ្រឿងទៀត បានបុកជនរងគ្រោះមុនរួចក៏ខ្ទាតមកចំមុខរថយន្តកាពីតូល បុកតាមក្រោយតែម្តងទៅ។

សមត្ថកិច្ចបានអះអាងថា យោងតាមសាក្សីនៅជិតកន្លែងកើតហេតុ បានបំភ្លឺរួចមកតៃកុងរថយន្តនេះ មិនមែនជាអ្នកបង្កហេតុមុនទេ ទើបសមត្ថកិច្ចអនុញ្ញាត ឲ្យត្រឡប់ទៅផ្ទះវិញ។ តែសមត្ថកិច្ចបានឃាត់រថយន្តទុក នៅការិយាល័យចរាចរណ៍ ជាបណ្តោះអាសន្នសិន រង់ចាំដោះស្រាយនៅពេលក្រោយ ។

សាក្សីផ្សេងទៀតបានិយាយថា រថយន្តដែលបានបុកជនរងគ្រោះស្លាប់នោះ គឺជារថយន្តកាពីតូលនេះឯង មិនមានរថយន្តណាផ្សេងនោះទេ។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងធ្វើការស៊ើបអង្កេតបន្តទៀត ដើម្បីស្វែងរកការពិតបន្ថែមទៀត តាមក្រោយ ៕

ដោយ៖ ជាយ ក្រុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]