រាជធានីភ្នំពេញ ៖ តាំងពីអ្នកនាងសារ៉ាយ សក្ខណា រៀបការរួចមក (ខែធ្នូ ឆ្នាំ២០១៣) នាងមិនបានឡើងបង្ហាញមុខ នៅលើកញ្ចក់ទូរទស្សន៍ ដូចមុនទាល់តែសោះ បន្ទាប់ពីនាងសម្រេចចិត្ត ដកថយពីពិភពសិល្បៈដែលធ្លាប់ជួយឱ្យ នាងល្បីឈ្មោះដោយសារតែ នាងត្រូវចេញទៅរស់នៅអាមេរិកជាមួយ ស្វាមីបណ្ដូលចិត្តនៅថ្ងៃទី២២ មករា ខាងមុខនេះ ។ ប៉ុន្តែមុននឹងនាងចាកចេញទៅនាងបាន បង្ហាញមុខក្នុងកម្មវិធី «ប្រស្នាតារា» របស់ស្ថានីយទូរទស្សន៍អប្សរាដែលមានលោកហ្វៃ សំអាង ជាអ្នកគ្រប់គ្រងជាលើកចុងក្រោយ ដើម្បីជម្រាបលាមហាជនទាំងអស់ ដែលធ្លាប់គាំទ្រនាងផងដែរ ។

អ្នកនាងសារ៉ាយ សក្ខណា បន្ទាប់ពីបានរៀបការជាមួយលោក កែវ ប៊ុនមេត្រី ជាអាណិកជនរស់នៅអាមេរិកមានតួនាទីជាមេធាវីមក នាងបានប្រកាសផ្អាកការងារសិល្បៈ ដែលកំពុងតែត្រូវប៉ាន់ ទាំងអារម្មណ៍សោកស្ដាយជាពន់ពេក ។រយៈពេលជាច្រើនថ្ងៃមកហើយ តាំងពីរៀបការរួចមក សក្ខណាមិនមានវត្តមាន នៅលើកញ្ចក់ទូរទស្សន៍ទៀតទេ ។ ក្រោយពីសម្ងំថតរឿងភាគបញ្ចប់ និងថតស្ប៉តពាណិជ្ជកម្មនៅប្រទេ សកូរ៉េរួចរាល់ នាងនឹងឡើងយន្តហោះ ចេញទៅសាងជីវិតថ្មីជាមួយស្វាមីបណ្ដូល ចិត្តជាផ្លូវការហើយ ជាមួយតារា២ដួងទៀតគឺនាងនី មុនីនាថ និងតារាចម្រៀងប្រចាំផលិតកម្មសាន់ដេលោក កែវ វាសនា ដែលត្រូវទៅសម្ដែងនៅអាមេរិក៣ខែដែរ ឯនាងមិនសម្ដែងទេគ្រាន់តែជិះយន្តហោះប៉ះវ៉ុលជាមួយគ្នា តែប៉ុណ្ណោះ ។

ក្នុងជំនួបចុងក្រោយមួយកាលពីថ្ងៃទី១៥ មករា ជាមួយអ្នកនាងសារ៉ាយ សក្ខណា ពេលកំពុងតែមកបង្ហាញវត្តមាននៅក្នុងកម្មវិធី «ប្រស្នាតារា» ឱ្យលោកហ្វៃ សំអាង នៅស្ថានីយទូរទស្សន៍អប្សរា តារាសម្ដែងនិងតារាបង្ហាញម៉ូដ ល្បីឈ្មោះរូបនេះបានរៀបរាប់ឱ្យ ដឹងថា នាងមកបង្ហាញមុខលើកនេះ ជាលើកចុងក្រោយហើយសម្រាប់ជីវិតជា តារាសម្ដែងដែលនាងបានចាប់យក អស់ជាយូរឆ្នាំមកហើយ ព្រោះនាងនឹងចេញទៅរស់នៅ ជាមួយស្វាមីនៅអាមេរិកនាថ្ងៃទី២២ មករា ខាងមុខនេះ ។

ដោយសារតែនាងមិនចង់ ចាកចេញដោយមិនជូនដំណឹង ដល់បងប្អូនទស្សនិកជន ដែលធ្លាប់គាំទ្រការសម្ដែងរបស់នាងទើប នាងសម្រេចចិត្តចេញមុខ លើកញ្ចក់ទូរទស្សន៍ក្នុងកម្មវិធី «ប្រស្នាតារា» ឱ្យលោកហ្វៃសំអាង ដើម្បីប្រកាសជាសាធារណៈ ថានាងនឹងទៅអាមេរិក រួមរស់ជាមួយស្វាមី កសាងគ្រួសារថ្មី ។ តារាសម្ដែងដែលទទួលបានពានរង្វាន់ អប្សរាឆ្នាំ២០១៣ ផ្នែកសម្ដែងបានគ្រប់ទម្រង់ទាំងអស់រូបនេះ បានថ្លែងទៀតថា ក្រោយពេលរៀបការរួចភ្លាម នាងបានស្រូតរួសរាន់ថតបាន ប៉ុន្មានរឿងដែរមានទាំងរឿងដុំ និងថតកម្មវិធីរបស់ ទូរទស្សន៍ផ្សេងៗទៀត ទុកជាស្នាដៃចុងក្រោយជូនប្រិយមិត្ត ទស្សនាតាមកញ្ចក់ទូរទស្សន៍ បានប្រមាណជាកន្លះឆ្នាំទៀតដែរ ក្រោយពីនាងដកខ្លួនចេញពីពិភពសិល្បៈ ។ ជាមួយនេះដែរអ្នកនាង សារ៉ាយ សក្ខណា បានរៀបចំពិធីជប់លៀងខ្នាតតូចមួយ ជាមួយមិត្តភក្ដិជិត ស្និទ្ធក្នុងន័យសម្ដែងភាពរីករាយ និងលាគ្នាជាលើកចុងក្រោយ។ ទោះបីយ៉ាងណានាងបានបញ្ជាក់ថា នាងនឹងត្រឡប់មកលេងស្រុកវិញ ក្នុងពេលឆាប់ៗតាមដែលអាចធ្វើ ទៅបាន ហើយបើមានពេលច្រើននាង នឹងនៅតែទទួលថតរឿងដដែលប្រសិនបើបណ្ដា ផលិតកម្មនានា នៅតែផ្ដល់កិត្តិយសឱ្យនាង ព្រោះការងារសិល្បៈ តែងស្ថិតក្នុងដួងចិត្តនាង ជានិច្ចមិនអាចកាត់ផ្ដាច់បានឡើយ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ