រាជធានីភ្នំពេញ ៖ ​ឧកញ៉ា​​ម្នាក់​រួមជាមួយ​​អង្គ​រក្ស​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​ ​ស្ទាក់​ចាប់​បាន​នៅ​ចំណុច​មុខ​​សណ្ឋា​គារ​ភ្នំពេញ ស្ថិត​ក្នុង​សង្កាត់​​ស្រះ​ចក ខណ្ឌ​ដូនពេញ បន្ទាប់​ពី​​ផ្ទុះ​​អាវុធ​​អានាធិបតេយ្យ​​ចំនួន​២​គ្រាប់​​នៅ​តាម​ផ្លូវ​ ជាតិ​លេខ​៥ ក្នុង​ស្រុក​ពញា​ឮ ខេត្ត​​កណ្តាល ​ហើយ​ត្រូវ​សមត្ថ​កិច្ច​ដេញ​ប៉ផាប់​ចាប់​ពភីង​រហូត​មកដល់​ កណ្តាលរាជធានីភ្នំពេញ ។

​បន្ទាប់​​ពី​ចាប់​​ខ្លួន និង​​ដក​ហូត​បាន​រថយន្ត​ម៉ាក​ RANGE ROVER ពណ៌​​ខ្មៅ ​និង​​កាំភ្លើង​​​ខ្លី​ម៉ាក​ឡុកមួយ​ដើមហើយ​ ត្រូវ​កង​​រាជ​អាវុធហត្ថ​​ខណ្ឌ​ដូន​ពេញ ​នាំ​យក​ទៅ​កាន់​ទី​បញ្ជា​ការ​ដណ្តើម​យក​​ស្នាដៃ​ ។ ទោះ​បី​​ជា​យ៉ាងណា កង​រាជ​អាវុធ​ហត្ថ​​ព្យា​យាម​​លាក់​ឈ្មោះ​ និង​អត្តសញ្ញាណ​​ជន​បង្ក​ផ្ទុះ​​អាវុធ​នោះ ប៉ុន្តែ​អ្នក​ដំណើរ​​ស្គាល់​ច្បាស់​ថា ជា​ឧកញ៉ា​ម្នាក់ (យើង​មិន​ទាន់​បញ្ចេញ​ឈ្មោះ​ទេ) ​និង​ជា​ថៅកែ​ផ្លូវ​យក​លុយ​រថយន្ត​នៅ​ក្នុង​រាជ​ធានីភ្នំពេញ ។ ​ហេតុការណ៍​ព័ទ្ធ​ចាប់​​បាន​ជន​បង្ក​ផ្ទុះ​អាវុធ​អនាធិបតេយ្យ​​នេះ​បានធ្វើ​ ឱ្យ​​​មាន​ការ​ភ្ញាក់​ផ្អើល​កាលពីវេលា​​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃទី​​១៤ ឧសភា ​នៅ​មុខ​សណ្ឋា​គារ​ភ្នំពេញ ដោយ​​សមត្ថ​កិច្ច​មាន​ការ​ខ្វែង​គំនិត​គ្នា ដើម្បី​ដណ្តើម​យក​ស្នាដៃ​​រៀងៗ​ខ្លួន ។

​តាម​ព័ត៌​មាន​ឱ្យ​ដឹងថា នៅ​មុន​ពេល​កើត​ហេតុ​​​មាន​រថយន្ត​ម៉ាក RANGE ROVER ​មួយ​គ្រឿង​ខាងលើ ​បើក​បរ​ដោយ​មន្ត្រី​កង​រាជ​អាវុធហត្ថ​​លើ​ផ្ទៃ​ប្រទេស​ម្នាក់​​​ជា​អង្គ​ រក្ស​​លោក​ឧកញ៉ា​​​ថៅកែ​ផ្លូវ​ម្នាក់​នោះ​បាន​ធ្វើដំណើរ​​តាម​ផ្លូវ​ជាតិ​ លេខ​៥ ក្នុង​ភូមិ​​សាស្ត្រ​​ស្រុក​ពញា​ឮ​ ហើយ​បាន​បាញ់​លេង​ចំនួន​២​គ្រាប់ នៅពេល​​ចុះ​​បត់​​ជើង​តូច ។ នៅ​ក្នុង​ការ​ផ្ទុះអាវុធ​​នោះ​​គាប់​ជួន​លោក​អធិ​ការ​ស្រុកពញាឮ ​ឃើញ​ក៏​បាន​ដេញ​​ និង​ប្រកាស​​តាម​វិទ្យុ​ទាក់​ទង​​មក​អធិ​ការ​ដ្ឋាន​​ខណ្ឌ​ឫស្សី​កែវ ​​ឱ្យ​ជួយ​ស្ទាក់ចាប់ ។ ​នៅ​យប់​នោះ​សមត្ថ​​កិច្ច​ខណ្ឌ​ឫស្សីកែវ ​រួម​ទាំង​កម្លាំង​ប៉ូលិស​នៃ ស្នង​ការ​​​ដ្ឋាន​រាជធានីភ្នំពេញ បាន​ដេញ​ស្ទាក់​ចាប់​​​យ៉ាង​ប៉ផាប់​ចាប់​ពភីង​ ហើយ​ទី​បំផុត​ចាប់​បាន​នៅ​មុខ​សណ្ឋា​​គារ​ភ្នំពេញ ។

ភ្លាមៗ​​កម្លាំង​​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌដូនពេញ ​បាន​ទៅដល់​ហើយ​នាំ​ខ្លួន​ជន​នោះ​មក​កាន់​ទី​បញ្ជា​ការ​កង​រាជអាវុធហត្ថ​ ខណ្ឌ ។ ​នៅ​យប់​នោះ​មាន​ការភ្ញាក់​ផ្អើល​ដោយ​សមត្ថ​កិច្ច​ប្រទាញ​ប្រទង់​គ្នា​ ដណ្តើម​​យក​អ្នក​បាញ់បោះ ។ ពេល​បញ្ជូន​ទៅ​ដល់​ទី​បញ្ជា​ការ​ ប៉េអឹមព្យា​យាម​​លាក់​​ឈ្មោះ​ជន​បង្ក។ ​ទោះបីជា​យ៉ាងណា​​ព័ត៌​មាន​ទំលាយ​ថា ​ជន​​បង្ក​ជា​ឧកញ៉ា​​ថៅកែផ្លូវម្នាក់ និង​​អង្គ​រក្ស​ម្នាក់​ជា​មន្ត្រី​​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឈ្មោះ​ សុខ ហួត ។ គេ​ពុំ​ដឹង​ថា សមត្ថ​កិច្ចចាត់​ការ​តាម​ច្បាប់ ឬ​ដោះ​លែង​នោះ​​ទេ ​ប៉ុន្តែ​​​បើ​ព្យា​យាម​​លាក់​ឈ្មោះបែប​នេះ​ហើយ គឺ​​អាច​ថា ដោះ​លែង​ច្រើន​ជាង ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]