នៅថ្ងៃនេះ ក្រុម MATIC តំណាងប្រទេសនានា បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់ ដើម្បីចូលរួមក្នុងយុទ្ធនាការ ប្រកួតស្វែងរកជើងឯកអន្តរជាតិ MATIC 2014 ដែលរៀបចំឡើងនៅក្នុងប្រទេសកម្ពុជា។

ការធ្វើដំណើរមកដល់របស់ក្រុមប្រកួតទាំងនោះ បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅ ពីក្រុមការងាររៀបចំ MATIC 2014 នៅប្រលានយន្តហោះអន្តរជាតិភ្នំពេញ។

ក្នុងដំណើរមកដល់ប្រទេសកម្ពុជា ក្រុមចូលរួមប្រកួតបានបង្ហាញអារម្មណ៍រំភើបជាខ្លាំង ជាពិសេសចំពោះការទទួលស្វាគមន៍ យ៉ាងរួសរាយរាក់ទាក់ និងទឹកមុខប្រកបដោយស្នាមញញឹមរបស់ម្ចាស់ផ្ទះ សម្រាប់ការបង្ហាញវត្តមាន ជាលើកដំបូងរបស់ពួកគេ ក្នុងយុទ្ធនាការប្រកួតស្វែង រកជើងឯកអន្តរជាតិ MATIC 2014 ដែលរៀបចំនៅក្នុងប្រទេសកម្ពុជា។

ក្រុម MATIC 2014 អន្តរជាតិ នឹងស្នាក់នៅសណ្ឋាគារកាំបូឌីយ៉ាណា ដើម្បីត្រៀមខ្លួនចូលរួមប្រកួត MATIC 2014 ដើម្បីជ្រើសជើងខ្លាំងជាងគេ គ្រងតំណែងជើងឯកនៅថ្ងៃសៅរ៍ និងអាទិត្យនេះ។

ព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកសេវាកម្សាន្តអន្តរជាតិ MATIC 2014 មានសរុប ១៦ ក្រុម តំណាងមកពីប្រទេសចិន, ថៃ, ម៉ាឡេស៊ី, សិង្ហបុរី, ឥណ្ឌូណេស៊ី, កម្ពុជា និងកោះតៃវ៉ាន់។ ការប្រកួតប្រជែងសមត្ថភាពនេះ ចំណាយពេលពីរថ្ងៃដើម្បីគ្រងតំណែងជើងឯក MATIC ឆ្នាំ២០១៤។ ដោយឡែក កម្ពុជាម្ចាស់ផ្ទះគឺមាន ៣ ក្រុមដូចជា YouWillKnow, NeverCare និង FiveMilitary នឹងចូលរួមប្រជែង ដណ្ដើមតំណែងកំពូលអ្នកប្រយុទ្ធ AK អន្តរជាតិនៅឆ្នាំនេះ។

MATICជាការប្រកួតសេវាកម្សាន្តជាលក្ខណៈអន្តរជាតិ រៀបចំដើម្បីស្វែងរកក្រុមជើងខ្លាំងបំផុតសម្រាប់សេវាកម្សាន្ត MAT (Mission Against Terror) ប្រភេទសេវាកម្សាន្ត FPSដែលបង្កើតដោយក្រុមហ៊ុន Kingsoft។ ការប្រកួតលក្ខណៈអន្តរជាតិប្រចាំឆ្នាំ MATIC ត្រូវបានចាប់ផ្ដើមដំបូងនៅប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ ២០១២ និង ឆ្នាំ ២០១៣ បានបន្តធ្វើឆ្នាំទីពីរនៅក្នុងប្រទេសថៃ។ នៅឆ្នាំ ២០១៤ នេះ កម្ពុជាមានកិត្តិយសទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។

 

ប្រាក់រង្វាន់សម្រាប់ MATIC 2014 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកើនឡើងយ៉ាងច្រើន ដោយម្ចាស់គ្រងតំណែងជើងឯក នឹងទទួលបានប្រាក់រង្វាន់រហូតដល់ ១.១០០០ ដុល្លារអាមេរិក, ជើងឯករងទទួលបានទឹកប្រាក់រង្វាន់ ៦.០០០ ដុល្លារ, លេខ ៣ ទទួលបាន ៤.០០០ ដុល្លារ និងចំណាត់ថ្នាក់លេខ ៤ ទទួលបាន ២.០០០ ដុល្លារ។

កម្មវិធីនេះក៏មានវត្តមានតារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា និង កញ្ញា ទេព បូព្រឹក្ស ដែលនឹងបង្ហាញក្បាច់រាំប្លែកៗ  អមដោយបទចម្រៀងយ៉ាងពីរោះ កំដរឆាកប្រយុទ្ធគ្មានពីរមិនធ្លាប់មាននៅកម្ពុជា។ ក្រៅតែពីតារាចម្រៀងទាំងពីរនេះ នៅមានកម្មវិធីកម្សាន្ត និង រង្វាន់ជាច្រើនទៀតសម្រាប់អ្នកចូលរួមកម្មវិធី ដូចជា ទូរសព្ទ iPhone 5s ទូរសព្ទ Alcatel one Touch Mini Idol និងទូរសព្ទ Dell Venue  Celebrities ជាច្រើនរង្វាន់។

ប្រិយមិត្តអាចចូលរួមទស្សនាដោយឥតគិតថ្លៃ។ មិនត្រឹមតែមានឱកាសឈ្នះរង្វាន់ ខាងលើប៉ុណ្ណោះទេ ប្រិយមិត្តនឹងទទួលបានទស្សនាវដ្ដី Sabay ដោយឥតគិតថ្លៃដោយមានបន្ថែមជូនទំព័រពិសេស និងកាដូប្រតិទិនឆ្នាំ២០១៤ ដ៏ស្រស់ស្អាតទៀតផង។ សូមប្រញាប់រួសរាន់ឡើងព្រោះកាដូមានកំណត់។

កម្មវិធីនឹងចាប់ផ្ដើមនៅម៉ោង ៩:០០ ព្រឹកស្អែកថ្ងៃសៅរ៍នេះ។

MATIC 2014 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទទួលបន្ទុករៀបចំទាំងស្រុងដោយ Sabay និងទទួលបានឧបត្ថម្ភពី Cellcard XG។ អ្នកចូលចិត្តប្រើអ៊ីនធឺណិតច្រើននិងមានល្បឿនលឿន សូមភ្ជាប់គម្រោង Cellcard XG។ ដើម្បីភ្ជាប់គម្រោងនេះសូមចុច #8181#៕











បញ្ចូលអត្ថបទ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស