ភ្នំពេញ : តារា​សម្តែង និង​ចម្រៀង​ស្រី​កម្ពុជា​មួយ​ចំនួន​ដែល​ជា​អ្នក​ដើម​ទ្រូង​ពើង​ធំ​និយម កំពុង​ដេក​មិន​លក់​បក់​មិន​ល្ហើយ ព្រួយ​ខ្លាច​ដើម​ទ្រូង​កែ​កុន​របស់​ខ្លួន​ត្រូវ​ទទួល​រង​ការ​វាយ​ប្រហារ ដោយ​ជំងឺ​មហា​រីក​។

ក្តី​បារម្ភ​នេះ បាន​កើត​មាន​ឡើង​ក្រោយ​ពេល​ដែល ភ្នំពេញ​ ប៉ុស្តិ៍​ បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១១​ថា ក្រសួង​សុខាភិបាល​ប្រទេស​បារាំង​បាន​ចេញ​បម្រាម​ប្រើប្រាស់​នៃ​ស៊ីលីកូន PIP ហើយ​សុំ​ឲ្យ​ស្ត្រី​បារាំង​ប្រមាណ​៣​ម៉ឺន​នាក់ ដែល​មាន​ផ្ទុក​ស៊ីលីកូន​ប្រភេទ​នេះ​ក្នុង​ទ្រូង ឲ្យ​យក​ថង់​ស៊ីលីកូន​នោះ​ចេញ និង​ប្រើប្រាស់​នូវ​ស៊ីលីកូន​ប្រភេទ​ថ្មី​ជំនួស​វិញ ក្រោយ​ពី​រក​ឃើញ​មាន ករណី​មហារីក​សុដន់​កើត​ឡើង​លើ​ស្ត្រី​៨​នាក់។

តារា​ចម្រៀង និង​សម្តែង​ស្រី​មួយ​ក្តាប់​ធំ​ដែល​តែង​តែ​ឡើង​ចុះ​ ហើយ​ស្ទើរ​តែ​ចាត់​ទុក​ប្រទេស​ថៃ ឬ​ប្រទេស​ជិត​ខាង​មួយ​ចំនួន​ទៀត​ជា​ឆ្នាំង​បាយ​នៃ​ការ​កែ​សម្ផស្ស​ទៅ​ហើយ នោះ កំពុង​ញញឹម​គ្មាន​សំណើម​ ភ័យ​ព្រួយ​រឿង​សម្ផស្ស​និយម​ ដែល​នាំ​ទៅ​រក​ជំងឺ​មហារីក​ដ៏​ធ្ងន់ធ្ងរ​មិន​អាច​ព្យាបាល​បាន​។

តារា​សម្តែង​មាន​ឈ្មោះ​បោះ​សំឡេង​បង្គួរ​ម្នាក់​ដែល​តែង​គិត​ថា ការ​កែ​សម្ផស្ស​ផ្សេង​ៗ ពិសេស​ការ​កែ​កុន​ដើម​ទ្រូង​ឲ្យ​ពើង​ធំ​មូល​ក្បំ ជា​សម្រស់​ជីវិត​ដ៏​ផូរផង់​នោះ បាន​ឲ្យ​ដឹង​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា នាង​បាន​ចំណាយ​ប្រាក់​កាស​មួយ​ចំនួន​ធំ​ដើម្បី​កែ​កុន​ និង​ជួសជុល​សម្រស់​របស់​នាង​ឲ្យ​មាន​ភាព​ទាក់​ទាញ ហើយ​អ្វី​ដែល​នាង​គិត​ថា ពិសេស​ដែល​មិន​អាច​មើល​រំលង​បាន​គឺ​ដើម​ទ្រូង​ដ៏​សិចស៊ី​។ តារា​លាក់​អត្ត​សញ្ញាណ​រូប​នេះ បាន​បន្ត​ថា រូប​នាង​បាន​ទៅ​សម្រាក​កែ​សម្ផស្ស​ជា​ញឹក​ញាប់​នៅ​ប្រទេស​ថៃ ហើយ​ក្នុង​នោះ​ក៏​មាន​អ្នក​សិល្បៈ និង​អ្នក​ក្រៅ​សិល្បៈ​ជា​ច្រើន​រូប​ទៀត​ក៏​បាន​ទៅ​ត្រដំ​ត្រសង​នឹង​គ្នា​នោះ ​ដែរ​។

អ្នក​សិល្បៈ​រូប​នេះ​ បាន​និយាយ​ថា៖ «​ខ្ញុំ​គិត​ថា នារី​មាន​ដើម​ទ្រូង​ធំ​ស្អាត ​ពិត​ជា​សិច​ស៊ី អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​ទៅ​ថៃ​ហ្នឹង​កែ​វា​ (​ដាក់​ស៊ីលីកូន​)​ តែ​មិន​មែន​មាន​តែ​ខ្ញុំ​ទេ មាន​អ្នក​សិល្បៈ​ និង​អ្នក​សាមញ្ញ​ៗ​ជា​ច្រើន​ទៀត​ដែល​ទៅ​កែ​សម្ផស្ស​នៅ​ហ្នឹង​»។

ខណៈ​ដែល​ប្រទេស​បារាំង​បាន​ប្រកាស​អាសន្ន​ពី​អ្នក​កែ​ដើម​ទ្រូង​ដោយ​ដាក់ ថង់​ស៊ីលីកូន ឬ​អ៊ីមភ្លែន (Implant) ប្រភេទ PIP (Poly Implant-Prothese ) កំពុង​ប្រឈម​នឹង​ជំងឺ​មហា​រីក​នោះ តារា​ស្រស់​ស្រី​របស់​កម្ពុជា​ឯណេះ​វិញ​ក៏​កំពុង​ជ្រួល​ជ្រើម និង​បារម្ភ​ស្ទើរ​ដេក​មិន​លក់​ដែរ ខ្លាច​សប្បាយ​ក្លាយ​ជា​ទុក​ ចង់​ស្អាត​បែរ​ជា​ស្លាប់​ខ្លួន​នោះ​។

តារា​សម្តែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ខាង​លើ​បាន​ថ្លែង​ថា៖ «​មែន​បង! ពេល​ខ្ញុំ​បាន​ដឹង​ពី​ព័ត៌​មាន​ហ្នឹង ខ្ញុំ​ភ័យ​ណាស់ ហើយ​ខ្ញុំ​ក៏​បាន​ទៅ​ឲ្យ​ពេទ្យ​ពិនិត្យ​រួច​ដែរ ​ព្រោះ​មិន​ទុក​ចិត្ត​ តែ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ»។

ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា អ៊ីមភ្លែន​របស់ PIP បាន​ប្រើប្រាស់​នូវ​ស៊ីលីកូន ដែល​បង្កើត​ឡើង​សម្រាប់​ធ្វើ​ជា​ពូកជ័រ ហើយ​វា​មាន​តម្លៃ​ថោក​ជាង​១០​ដង​បើ​ធៀប​ទៅ​នឹង​ស៊ីលីកូន​ដែល​អនុញ្ញាត​ឲ្យ ប្រើប្រាស់​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​វះកាត់​កែ​សម្ផស្ស។

ដោយ​ឡែក​សម្រាប់​តារា​សម្តែង​លើក​ពាន​ជា​ច្រើន​ឆ្នាំ​ជាប់​ៗ​គ្នា​ផ្នែក​ដើម ​ទ្រូង​ធំ​សិច​ស៊ី នាង កុល ដាវី ដែល​បាន​សារ​ភាព​ថា នាង​បាន​វះ​កាត់​ដាក់​ស៊ីលីកូន​នៅ​ក្នុង​សុដន់​ទាំង​គូ​នោះ ក៏​កំពុង​សម្តែង​ក្តី​បារម្ភ​ពី​ការ​កើត​មាន​ជំងឺ​មហា​រីក​ចំពោះ​រូប​នាង ដែរ ខណៈ​ដែល​មាន​ការ​ប្រកាស​ទូទាំង​ពិភព​លោក​នោះ​។

 

តារា​សម្តែង​ និង​ជា​ពិធី​ការិនី​វ័យ​២៧​ឆ្នាំ នាង កុល ដាវី បាន​ឲ្យ​ដឹង​ថា នាង​បាន​ទៅ​កែ​សម្ផស្ស​ដោយ​វះ​កាត់​ដាក់​ស៊ីលីកូន​នៅ​ក្នុង​សុដន់​នៅ​ប្រទេស ​ថៃ​កាល​ពី​ប្រមាណ​២​ឆ្នាំ​មុន ពោល​គឺ​តាំង​ពី​ពេល​ដែល​នាង​ទើប​តែ​មាន​ឈ្មោះ​ល្បី​តិច​តួច​ក្នុង​វិស័យ​ សិល្បៈ​។

នាង​បាន​បន្ត​ថា ក្រោយ​ពេល​ដែល​នាង​បាន​ទទួល​ព័ត៌​មាន​ស្តី​ពី​ជំងឺ​មហា​រីក​ដែល​កើត​ចេញ​ពី​ ការ​ដាក់​បញ្ចូល​ថង់​ស៊ីលីកូន​នេះ នាង​ក៏​មាន​ការ​បារម្ភ​ចំពោះ​ខ្លួន​ឯង​ផង​ដែរ តែ​នាង​បាន​បញ្ជាក់​យ៉ាង​មាន​ទំនុក​ចិត្ត​ថា​ រឿង​អាក្រក់​នោះ​នឹង​មិន​កើត​មាន​ចំពោះ​នាង​ឡើយ ខណៈ​ដែល​នាង​ក៏​មាន​ការ​វះ​កាត់​​តាម​វេជ្ជ​សាស្ត្រ​បាន​យ៉ាង​ត្រឹម​ត្រូវ​ នោះ​។

កុល ដាវី បាន​និយាយ​ថា៖«​ខ្ញុំ​ភ័យ​បង! ខ្លាច​កើត​ជំងឺ​មហា​រីក​ហ្នឹង តែ​ពេទ្យ​ដែល​ខ្ញុំ​ធ្វើ​ការ​វះ​កាត់​ហ្នឹង​ជា​ពេទ្យ​កែ​សម្ផស្ស​ធំ​ជាង​គេ​នៅ​បាង​កក ខ្ញុំ​គិត​ថា ប្រហែល​ជា​មិន​អី​ទេ​!»។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​តារា​រូប​នេះ ​បាន​ប្រាប់​ថា នាង​នឹង​ទៅ​ពិនិត្យ​សុខ​ភាព​របស់​នាង​ជា​ថ្មី​ម្តង​ទៀត ដើម្បី​កុំ​ឲ្យ​ខ្លួន​បន្ត​ក្តី​បារម្ភ​នេះ​។

ដោយ​សារ​បញ្ហា​នៃ​ការ​កែ​សម្ផស្ស​នៅ​តែ​កើត​មាន​បញ្ហា​មួយ​ចំនួន​ ដូច្នេះ​តារា​ចម្រៀង​​សម្តែង​មួយ​ចំនួន​ក៏​សុខចិត្ត​មិន​សូវ​ស្អាត​ក៏ហី​ចុះ ដោយ​ពួក​គេ​មាន​ការ​ព្រួយ​បារម្ភ​មិន​ព្រម​ទទួល​យក​ការ​កែ​សម្ផស្ស​​ដែរ​ ដោយ​ពួក​គេ​មិន​ទុក​ចិត្ត​ពី​បច្ចេក​វិទ្យា​ទោះ​បី​ជា​ទំនើប ដោយ​ពួក​គេ​ខ្លាច​បណ្តាល​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព និង​កើត​មាន​ជំងឺ​ផ្សេង​ៗ​ដូច​ជា​មហា​រីក​ជា​ដើម​។

ជាក់​ស្តែង​តារា​ចម្រៀង​ដែល​ឈរ​ជើង​នៅ​រស្មី​ហង្សមាស​ជិត​១០​ឆ្នាំ​ ពេជ្រ សោភា ធ្លាប់​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ ថា​៖«​ខ្ញុំ​ធ្វើ​ដូច​សព្វ​មួយ​ដង ស្អាត​បែប​ធម្មតា​ ធ្វើ​ខ្លួន​បែប​សាមញ្ញ មិន​ចាំបាច់​បញ្ចេញ​លើ លេច​ក្រោម​អី​នោះ​ទេ​»។ នាង​បាន​បញ្ជាក់​យ៉ាង​មធ្យ័ត​ថា៖​«​ខ្ញុំ​អត់​មាន​កែ​ដើម​ទ្រូង​អី​ផង ខ្ញុំ​មិន​កែ​អី​ទេ ខ្លាច​ងាប់​! វា​មិន​ស្អាត​អីពី​អាដើម​ទ្រូង​ហ្នឹង​ទេ»។

តែ​ជា​ការ​ពិត​ កុល ដាវី ក៏​បាន​ទទួល​ភាព​ល្បីល្បាញ​មួយ​ផ្នែក​ធំ​ពី​ដើម​ទ្រូង​ដ៏​ធំ​ស​ខ្ចី​ទ្រលុក ​ទ្រលន់​របស់​នាង​ដែរ។ ទោះ​បី​យ៉ាង​ណា នេះ​ជា​ភាព​ក្លាហាន​មួយ​របស់​ កុល ដាវី ដែល​នាង​ហ៊ាន​បង្ហាញ​ពី​ការ​ពិត និង​អារម្មណ៍​ពិត ខណៈ​ដែល​តារា​ស្រី​មួយ​ចំនួន​មាន​ការ​បារម្ភ​ភ័យ​ តែ​មិន​ហ៊ាន​និយាយ​ សូម្បី​តែ​ខ្លួន​កែ​សម្រស់​ក៏​មិន​ព្រម​ទទួល​ដែរ​នោះ​៕

ដកស្រង់ ពីគេហទំព័រ PostKhmer

សូមមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា