រាជធានីភ្នំពេញ ៖ លោកអង់ ឆាយទី ជាតួអង្គប្រុសមានការទទួលស្គាល់ចំពោះទេពកោសល្យពីទស្សនិកជន បន្ទាប់ពីបានរួមសម្តែង ជាមួយតារាស្រីពូកែបង្ហូរទឹកភ្នែកនី មុនីនាថ ក្នុងខ្សែភាពយន្តភាគរឿង «សន្យាស្នេហ៍» នៅលើកញ្ចក់ទូរទស្សន៍សុីធីអិន ។ ដោយសារតែរឿងនោះហើយ ទើបធ្វើឱ្យតារាប្រុសម្នាក់នេះមានប្រជាប្រិយភាពហក់ឡើងគួរឱ្យ កត់សម្គាល់ ។ កាលពីមិនទាន់បានជួប សម្តែងជាមួយនី មុនីនាថ លោកអង់ ឆាយទី ប្រឡូកក្នុងពិភពសិល្បៈយូរឆ្នាំកន្លងមកហើយ តែមិនមានលទ្ធផលគួរឱ្យកត់សម្គាល់ទេ។

តារាប្រុសរូបនេះទទួលស្គាល់ថា ធ្វើជាតួឯកជាមួយកញ្ញានី មុនីនាថ ពិតជាយឹតយោងឱ្យលោកងើបមុខខ្លាំងនៅលើវិថីសិល្បៈ និងកាន់តែមមាញឹកជាងមុន ។ ដោយសារតែខ្សែរឿងភាគ «សន្យាស្នេហ៍» ដែលចាក់បញ្ចាំងរៀងរាល់ថ្ងៃចន្ទ រហូតដល់ថ្ងៃពុធ នៅលើកញ្ចក់ទូរទស្សន៍សុីធីអិន ជាប្រភេទខ្សែរឿងមនោសញ្ចេតនាជ្រាលជ្រៅធ្វើឱ្យមហាជនច្រើនចាប់ អារម្មណ៍តាមដានទស្សនា ។ ម្យ៉ាងទៀតមកពីតួអង្គប្រុស និងតួអង្គស្រីសុទ្ធតែជាអ្នកពូកែសម្តែងឈុតឆាកគួរឱ្យទាក់ទាញ ពិសេសលោកឆាយទី និងមុនីនាថ ជាតួអង្គឯកសំខាន់បានសម្តែងក្នុងឈុតឆាកស្នេហាកម្សត់ស្រក់ទឹក ភ្នែកយ៉ាងល្អ ធ្វើឱ្យតារា២ដួងនេះទទួលបានការកោតសរសើរពីអ្នកទស្សនា ។

លោកអង់ ឆាយទី ដែលប្រាថ្នាក្លាយជាតារាល្បីឈ្មោះយូរមកហើយនោះសប្បាយចិត្តមិន ស្ទើរទេ នៅពេលសំឡេងគាំទ្រកាន់តែផុសឡើងជាងមុនតាមរយៈខ្សែរឿងដែលខ្លួន សម្តែងចុងក្រោយនេះ ។ ព្រោះតែសម្តែងសុីចង្វាក់គ្នាល្អជាមួយនី មុនីនាថ បែបនេះហើយទើបពួកគេធ្លាប់រងពាក្យចចាមអារ៉ាមស្នេហាក្រៅឆាក ហើយមានគេតាមសួរនាំដេញដោលមិនស្ទើរទេ ទម្រាំតែ ម្នាក់ៗរលាស់ខ្លួនចេញពីព័ត៌មានមួយនេះបាន ហើយមហាជនឈប់ងឿងឆ្ងល់ទៀត ដោយសារតែល្បីថា នី មុនីនាថ មានម្ចាស់ស្នេហ៍ជាអ្នកនៅក្រៅប្រទេស ។

ជួបជាមួយតារាប្រុសទើបតែឡើងកូដលោកអង់ ឆាយទី ថ្លែងប្រាប់អ្នកយកព័ត៌មានកោះសន្តិភាពកាលពីពេល ថ្មីៗនេះថា លោកប្រឡូកក្នុងវិស័យសិល្បៈអស់ជាច្រើនឆ្នាំមកហើយ តែនៅមិនទាន់ទទួលបានលទ្ធផលគាប់ប្រសើរឡើយ ក្រៅពីមានការងារ មួយៗហក់ចូលមក ។ មួយរយៈនេះលោកយល់ថា ខ្លួនឯងប្លែកណាស់មានគេហៅសម្តែងគួរឱ្យកត់សម្គាល់តាំងពីបានដើរ តួឯកជាមួយកញ្ញានី មុនីនាថ នៅលើកញ្ចក់ទូរទស្សន៍សុីធីអិនមក គឺ អ្នកណាៗក៏ស្គាល់ច្រើន ធ្វើឱ្យយល់ថា ខ្លួនឯងអាចមានឈ្មោះបោះសំឡេងនឹងគេហើយក្នុងទំព័រសិល្បៈ ។ ពេលចាប់ផ្តើមផុសឡើងនេះ ធ្វើឱ្យលោកសប្បាយចិត្ត ព្រោះតារាប្រុសមិនងាយបានល្បីស្រួលឡើយ ទាល់តែបានសម្តែងរឿងអ្វីមួយគួរឱ្យកត់សម្គាល់នោះ ទើបឡើងប្រជាប្រិយភាពបាន ។

តារាប្រុសដែលផ្តើមចេញពីកម្មវិធីប្រកួតស្រី ស្អាត ប្រុសស្អាត នៅទូរទស្សន៍សុីធីអិន កាលពីឆ្នាំ២០០៨រូបនេះ បានថ្លែងថា «ខ្ញុំបានមុនីនាថ ជួយលើកមុខច្រើនមែនទែននៅពេលសម្តែងជាមួយនាង ។ ប្រការសំខាន់ដោយសារតែយើងព្យាយាមសម្តែងឱ្យបានដិតដល់ថែមទៀត ។ ពេលជួបជាមួយតួគេល្បីស្រាប់ ហើយយើងអាចសម្តែងបានយ៉ាងរលូនទៀតនោះកាន់តែជួយឱ្យយើងបានហក់ទៅ មុខដូចអំឡុងពេលនេះតែម្តង។ ខ្ញុំរីករាយជាពន់ពេកនៅពេលដែលក្តីប្រាថ្នារបស់ខ្លួនសម្រេចបាន ខ្លះ បើទោះជាខ្ញុំនៅមិនទាន់ហក់ឡើងខ្លាំងដូចរៀមច្បង តែក៏ពេលនេះបានទទួលការងារជាបន្តបន្ទាប់ មានស្ថានីយទូរទស្សន៍មួយចំនួនទាក់ទងថតនេះ ថតនោះរាប់តាំងពីកម្មវិធីហ្គេមកម្សាន្តជាដើម គឺមានច្រើន ។

លើសពីនោះ ខ្ញុំក៏ជាប់ឈ្មោះជាបេក្ខជនប្រកួតលើកពានអប្សរា ជាមួយអ្នកសិល្បៈមួយចំនួនទៀត ដែលទាំងនេះហើយកាន់តែជួយឱ្យខ្ញុំបានចេញមុខស្រូបយកពិន្ទុតាម រយៈការបង្ហាញទេពកោសល្យ ។ ខ្ញុំរំពឹងថា កេរ្តិ៍ឈ្មោះរបស់ខ្ញុំកាន់តែកើនជាងឆ្នាំមុនសម្រាប់រដូវកាល២០១៤ នេះ» ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ