ខេត្ត​កំពត​ ៖​​ ​រថយន្ត​ម៉ាក​​​ហ៊្វុយ​ហ្សូ​ដឹក​ឥដ្ឋ​និង​ស៊ីម៉ង់​ត៍​មួយ​គ្រឿង​ ត្រូវ​​បាន​នគរ​បាល​ចរាចរ​​សណ្តាប់​ធ្នាប់​ក្រុង​កំពត​​នាំ​ទៅ​កាន់​ អធិការដ្ឋាន​នគរ​បាល​ក្រុង​​ ​​កាល​ពី​​វេលា​ម៉ោង​៩ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ឧសភា ដើម្បី​ធ្វើ​ការ​អប់​រំ​អ្នក​បើក​បរ​ពី​បញ្ហា​​នៃ​ការ​ចត​រថយន្ត​គ្មាន​ សណ្តាប់​ធ្នាប់​ ។​រថយន្ត​នេះ​ដឹក​សម្ភារ​សំណង់​​​ចត​រាំង​ផ្លូវ​ធ្វើ​ដំណើរ​ ហើយ​ពេល​នគរ​បាល​ចរាចរសណ្តាប់​ធ្នាប់​ទៅ​ប្រាប់​ឱ្យ​ចត​ត្រឹម​ត្រូវ​កុំ​ឱ្យ ​ប៉ះ​ពាល់​ផ្លូវ​សាធារណៈ​​បែរ​ជា​អ្នក​បើក​បរ​ថយន្ត​នោះ​និយាយ​សម្តី​អសុរោះ ​​​បក​មក​ប៉ូលិស​វិញ ដោយ​ពាក្យ​ប្រមាថ​ធ្ងន់​ៗ​ ទើប​នគរ​បាល​​រៀប​ចំ​សណ្តាប់​ធ្នាប់​រាយ​ការណ៍​ជូន​ការិ​យាល័យ​ចរាចរណ៍​​ សណ្តាប់​ធ្នាប់​ក្រុង​ ក៏​មាន​វិធាន​​ការ​នាំ​ទៅ​កាន់​ការិយា​ល័យ ។

មន្ត្រី​នគរ​បាល​ចរាចរ​ក្រុងកំពត​​ឱ្យ​ដឹង​ថា រថយន្ត​ដែល​នគរ​បាលយក​មក​ណែ​នាំ​អ្នក​​​បើក​បរ​​នេះ​ម៉ាក​ហ្វុ៊យ​ហ្សូ ពណ៌​ខៀវ​​ឆ្នូតស ចំណុះ​៥​តោន អ្នក​បើក​បរ​​ឈ្មោះ​ហែម វ៉ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទី​លំ​នៅ​ភូមិ​កែប​ថ្មី ឃុំ​បឹង​ទូក ស្រុក​ទឹក​ឈូ ខេត្ត​កំពត ។ ក្រោយ​ពី​សមត្ថ​​កិច្ច​ធ្វើ​ការ​អប់​រំ​អស់​ជា​ច្រើន​ម៉ោង​រួច​មក ​ម្ចាស់​រថយន្ត​បាន​ទទួល​ស្គាល់​ពី​កំហុស​នៃ​ការ​ឈប់​ចត​គ្មាន​​សណ្តាប់​​ ធ្នាប់​របស់​ខ្លួន​ ​ហើយ​ក៏​បាន​ឱ្យ​ម្ចាស់​រថយន្ត​រូប​នេះ​ធ្វើ​កិច្ច​សន្យា​​​ឈប់​ឱ្យ​មាន​ ទង្វើ​ខុស​ឆ្គ​ង​នៃ​​ការ​ឈប់​ចត​ក៏​ដូច​ជា​ការ​​ជេរ​​ប្រមាថ​​សមត្ថ​​កិច្ច​ ត​ទៅ​ទៀត​ចាប់​ពី​ពេល​នេះ​តទៅ​ ។

ក្រោយ​ពី​ធ្វើ​ការ​អប់​រំ​រួច​ សមត្ថ​កិច្ចក៏​​បាន​ដោះ​លែង​ឱ្យ​យក​រថយន្ត​ចេញ​ពី​អធិការដ្ឋាន​នគរ​បាល​ ក្រុង​​នៅ​វេលា​ម៉ោ​ង​៤​រសៀល​ថ្ងៃដដែល​នោះ​ ៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]