ខេត្ត​​​បាត់​ដំបង​ ៖  សមត្ថកិច្ចនិយាយថា យ៉ាងហោចណាស់មានមនុស្សម្នាក់បាន​ស្លាប់ និង​២នាក់ទៀតរងរបួសធ្ងន់ដោយសារគ្រោះ​ថ្នាក់​ ចរាចរណ៍ចំនួន២លើកនៅក្នុងស្រុកសង្កែ និងនៅ​ក្នុង​ក្រុងបាត់ដំបង ។

មន្រ្តីជំនាញប្រាប់ថា លើកទី១ បានកើត​ឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី​១២ ឧសភា លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់​ចំណុច​​ភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ដែល​បង្កឡើងដោយរថយន្តដឹកស៊ីម៉ង់ត៍របស់ក្រុម​ហ៊ុន«ប៉ាស៊ីហ្វិច»បុកអ្នក​​ ថ្មើរជើង​ម្នាក់បណ្ដាល​ឲ្យស្លាប់ហើយ​​​​អ្នក​​បើកបរ​​រថយន្ត​​នោះ​បាន​​​​ រត់​​គេច​ខ្លួន​​​បាត់​ ។ មន្ត្រីនគរបាលមូលដ្ឋានបាន​​និយាយថា ករណីនេះ​គឺជនរងគ្រោះស្ថិតក្នុង​ស្ថាន​ភាពស្រវឹង និងមានសតិមិន​ប្រក្រតី​ផង បានរត់ចូលកង់រថយន្តក្នុងគ្រា​ដែល​រថយន្ត​កំពុង​ធ្វើ​ដំណើរ​ ពីទិសខាងលិចឆ្ពោះទៅ​ទិស​​ខាង​កើតដោយ​មានផ្ទុកស៊ីម៉ង់ត៍ជាង៣០តោនផង។​

សាក្សីដែលឃើញហេតុការណ៍​​នេះនិយាយ​ដែរ​ថា ដំបូងគេឃើញបុរសនោះអង្គុយម្នាក់ឯង​​ក្បែរចិញ្ចើមផ្លូវ លុះពេល​ឃើញ​រថយន្ត​បើក​មក​​ដល់ ស្រាប់តែគាត់​រត់ចូលកង់រថយន្តខាង​​ក្រោយបណ្ដាលឲ្យកង់រថយន្តដែលមើលទៅ​​ ដូចជើងម្រើម​ព្រះកិនខ្ទេច​ត្រឹម​ដើម​ទ្រូងចុះ​ក្រោមស្លាប់ភ្លាមមួយ​រំពេច ។

រីឯករណីទី២ សមត្ថកិច្ចនិយាយថា បាន​កើត​ឡើងកាលពីវេលាម៉ោង៥និង១០នាទីព្រឹកថ្ងៃទី ១៣ឧសភា នៅចំណុចចុងស្ពានថ្ម (អតីតស្ពាន​ដែកចាស់)ត្រើយខាងកើត ក្នុងភូមិរំចេក៤ ​សង្កាត់​រតនៈ ក្រុងបាត់ដំបង បង្កឡើងរវាងរថ​យន្តដឹកដីនិងម៉ូតូសណ្ដោង​រ៉ឺម៉កដឹកបន្លែ ។

សមត្ថកិច្ចប្រាប់ថា រថយន្តនោះ​ពាក់ស្លាក​លេខ ក ៣៩០១ ភព៣ បើកបរ​ដោយ​ឈ្មោះ​គង់ សុវណ្ណ ភេទប្រុស អាយុ២២ឆ្នាំ នៅ​ភូមិ​រំចេក​៤ សង្កាត់រតនៈ។ រីឯអ្នកជិះម៉ូតូមានគ្នា​២​នាក់ជាស្រ្តី បានរងរបួសធ្ងន់ទាំងអស់គ្នា ​តែ​មិនទាន់ស្គាល់ឈ្មោះ​ទេ។សមត្ថកិច្ច​និយាយ​ថា គ្រោះថ្នាក់នេះកើតឡើងដោយសារតែការ​បើក​បរកាត់ទទឹងផ្លូវគ្នា មើលគ្នាមិនឃើញ​ដោយ​សារបាំងផ្ទះលក់​ដូរបែប​អនាធិបតេយ្យ​នៅកាច់​ ជ្រុងរបងវត្តកណ្ដាល ។

សាក្សីនិយាយថា រថយន្តនោះបើកមកពី​ទិស​​ខាងជើងទៅទិស​ខាងត្បូង រីឯអ្នកជិះម៉ូតូអូស​រ៉ឺម៉ក​ដឹកបន្ថែធ្វើ​ដំណើរពីកើតទៅលិច   លុះមក​ដល់​ចំណុច​ផ្លូវបំបែកក៏ត្រូវរថយន្តបុកអ្នកជិះ​ម៉ូតូនោះពេញ​ទំហឹង ហើយអូសប្រហែល១០០​ម៉ែត្រទើប​ឈប់ បណ្តាល​ឱ្យ​អ្នកជិះម៉ូតូទាំង២​នាក់​រងរបួសធ្ងន់ និង​បន្លែត្រូវខូចខាតទាំងស្រុង។

មន្ត្រី​នគរបាលចរាចរបាននិយាយដែរថា  ករណីទី១-គឺបង្កឡើងដោយអ្នកថ្មើរជើង​ដែល​បាន​រត់ចូលរថយន្តខ្លួន​ឯងក្នុងចេតនា​ ចង់​ស្លាប់ ។ រីឯករណីទី២-គឺជាការធ្វេសប្រហេសពេលបើក​បរ ប៉ុន្តែកំហុសមួយផ្នែកធំត្រូវបានស្ដីបន្ទោស​ទៅលើ​ក្រុម​អ្នកលក់ដូរបែប​ គ្មានសណ្ដាប់ធ្នាប់​នៅផ្លូវកាច់ជ្រុង​ក្បែររបងវត្តកណ្ដាល ។  សមត្ថ​កិច្ច​​បញ្ជាក់ថា អ្នក​ធ្វើដំណើរមកពីទិសខាង​ជើង​និងមកពីកើតទៅ​លិច​មិនអាចមើលគ្នាឃើញទេ ដល់ចំណុចផ្លូវបំបែក​នោះ ព្រោះបាំងនឹងអ្នក​លក់​ដូរនៅកាច់ជ្រុងរបង​វត្តកណ្ដាលនោះ  ។

ដូច្នេះ​សមត្ថកិច្ចជំនាញនិង​អាជ្ញាធរគួរតែមានវិធានការ ​ចំពោះសំណង់​អនាធិបតេយ្យទាំងនោះ ព្រោះ​នៅ​​ចំណុច​នោះ​មានគ្រោះថ្នាក់​ចរាចរណ៍​ស្ទើរ​រាល់​ថ្ងៃមិនដែលខានទេ ។ ទោះ​​​បី​ជាបែបណា រថយន្តបង្កគ្រោះថ្នាក់ទាំង២ករណី​នេះត្រូវ​បាន​សមត្ថកិច្ចជំនាញ​យក​ទៅ​​​ រក្សា​ទុក​​​នៅ​​ការិយា​ល័យ​ជំនាញរង់​ចាំ​ដោះស្រាយតាម​ផ្លូវច្បាប់ ៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]