ភ្នំពេញៈ ដោយសារតែឃើញ ទង្វើឪពុកចុង ប្រព្រឹត្តិអំពើខុសច្បាប់ ដោយការវាយដំ ខណៈដែលមើលឃើញ ទើសភ្នែកពេក កូនកត្តញ្ញូបានស្ទុះ ទៅជួយរារាំង តែលទ្ធផលបែរជា តបស្នង នូវអំពើអយុត្តិធម៌ ។

ជនជាប់ចោទឈ្មោះ ងួន លាងហាក់ ហៅ ជ្រូក វ័យទើបតែ១៧ឆ្នាំ ត្រូវបានគេចោទប្រកាន់ថា បង្ករបួសស្នាមទៅលើ ឪពុកចុង ខណៈដែលចុះទៅជួយ ម្តាយបង្កើតនៅពេលឪពុកចុងធ្វើបាប នេះបើតាមការអះអាង ពីមន្ត្រីនគរបាល ខណ្ឌទួលគោក ។

យោងទៅតាមចម្លើយរៀបរាប់ពីភាគីទាំងសងខាង បានប្រាប់សមត្ថកិច្ចថា យុវសិស្ស ថ្នាក់ទី១២ រៀននៅវិទ្យាល័យ បាក់ទូក ឈ្មោះ ហាក់ ត្រូវបានសមត្ថកិច្ចហៅយកមកសាកសួរ កាលពីព្រលប់ថ្ងៃទី១៣ ឧសភា បនា្ទប់ពីឪពុកចុង ប្តឹងចោទថា បង្ករបួសស្នាមលើផ្ទៃមុខ ។ ដោយឡែកដើមបណ្តឹងជាឪពុកចុង ឈ្មោះ លឹម ហុក វ័យ៤៥ឆ្នាំ ជាមន្ត្រីក្រុមប្រឹក្សាខណ្ឌទួលគោក ត្រូវបានគេអះអាងថា បានយកស្ត្រីជាម្តាយបង្កើត ជនជាប់ចោទតាំងពី ឆ្នាំ២០០៧មកម្លេះ ដោយពុំបានចុះសំបុត្រ អាពាហ៍ពិពាហ៍ទេ ។

ដើមហេតុដែលឈានទៅដល់ការហឹង្សា ដោយសារតែម្តាយហៅឲ្យជួយ នៅពេលដែល ឪពុកចុង បានវាយខណៈ ដែលចងកំហឹង បន្ទាប់ពីលក់ម៉ូតូតម្លៃជាង១ពាន់ដុល្លារ សងបំណុលធនាគារ១ខែ១៧០០ដុល្លារ ។

ប្រជាពលរដ្ឋមួយចំនួន បានធ្វើការវិភាគថាតើនេះជាកំហុសកូន ឬជាកំហុសឪពុកចុង ក្រោយពីឪពុកចុងបានវាយ មកលើ ម្តាយខ្លួន ធ្វើឲ្យកូនទ្រាំពុំបាន ក៏ស្ទុះទៅជួយបែរជាត្រូវចោទប្រកាន់ ថាបង្ករបួសស្នាម ។ តែសម្រាប់ឪពុកចុងវិញ គេដឹងថា ជាមន្រ្តីរាជការនិងជាអ្នកចេះច្បាប់ទម្លាប់ត្រឹមត្រូវ មិនគួរណាយកហឹង្សា មកដោះស្រាយជាបញ្ហានោះទេ ៕

ដោយ៖ ទេព មនោរ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]