ភ្នំពេញ​ ៖ យុវជន​ម្នាក់​ដែល​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ករណី​ឆបោក​ក្លែងបន្លំ​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ​ទូរស័ព្ទ​លេខ​ ០៦៦​ ៥៥៦​ ៩៦៤​ មាន​បំណង​ចង់ទៅ​បើក​យក​ម៉ូតូ​ម៉ាក​ ហ្វី​ណូ​ ១​គ្រឿង​ដែល​គេ​ត្រូវ​រង្វាន់​ពី​ក្រុម​ហ៊ុន​ Beeline​ ត្រូវ​បាន​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ សម្រេច​ឃុំខ្លួន​បណ្ដោះ​អាសន្ន​នៅ​ល្ងាច​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១២​ ពី​បទ​ឆបោក​តាម​មាត្រា​៣៧៧​ និង​៣៧៨​នៃ​ក្រមព្រហ្មទណ្ឌ​ ។​

យុវជន​រូប​នោះ​មានឈ្មោះ​ជន​ ចំណាន​ អាយុ​១៩​ឆ្នាំ​ ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ ផ្លូវ​ជាតិ​លេខ​២​ ភូមិ​ព្រែក​ហូរ​ ក្រុង​តា​ខ្មៅ​ ខេត្ដកណ្ដាល​ ជា​កម្មករ​ធ្វើ​អណ្ដូងស្នប់​ ។​

គួរ​រំលឹក​ថា​ បុរស​រូប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១២​ តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ​ឡុ​ង​ សុធា​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ មុខ​របរ​ជាទី​ប្រឹក្សា​អ្នក​ច្បាប់​ក្រុមហ៊ុន Beeline និង​មានការ​ឯកភាព​ពី​លោក​សុខ​ រឿ​ន​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​ ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ឈ្មោះ​ជន​ ចំណាន​ និង​នារី​ម្នាក់​បាន​ទៅ​សុំ​បើក​លេខ​ទូរស័ព្ទ​ ០៦៦​ ៥៥៦​ ៩៦៤​ ពី​ក្រុម​ហ៊ុន Beeline ដោយ​អះអាង​ថា​ លេខ​ទូរស័ព្ទ​នេះ​ជា​របស់​ខ្លួន​តែ​ត្រូវ​ជ្រុះ​បាត់​ ។​

ជនសង្ស័យ​ធ្វើ​បែប​នេះ​មាន​បំណង​បើក​យក​ម៉ូតូ​ម៉ាក​ហ្វី​ណូ​១​គ្រឿង​ ដែល​ក្រុមហ៊ុន Beeline បាន​ប្រកាស​តាម​ទូរស័ព្ទ​ផ្ដល់​រង្វាន់​ដល់​ម្ចាស់​លេខ​ទូរស័ព្ទ​ដូច​ខាងលើ​។​ ប៉ុន្ដែ​អ្នកជំនាញ​ផ្នែក​ច្បាប់​របស់​ក្រុមហ៊ុន​មិន​បាន​ផ្ដល់​រង្វាន់​ទៅ​បុគ្គល​នោះ​ទេ​ ។

ក្រោយ​សិក្សា​ជាមួយ​ក្រុមបច្ចេកទេស​ឃើញ​ថា​ម្ចាស់​ទូរស័ព្ទ​ លេខ​ ០៦៦​ ៥៥៦​ ៩៦៤​ ពិតប្រាកដ​នៅ​មាន​សុពលភាព​ប្រើប្រាស់​ និង​ជា​អ្នក​ឈ្នះ​រង្វាន់​ម៉ូតូ​នេះ​ឈ្មោះ​ណាំ​ និ​ត​ ភេទ​ស្រី​ មាន​អាសយដ្ឋាន​នៅ​ខេត្ដបាត់ដំបង​ទើប​សមត្ថកិច្ច​សម្រេច​ឃាត់ខ្លួន​តែ​ម្ដង​ ។​ ចំណែក​នារី​នោះ​ត្រូវ​ដោះ​លែង​វិញ​ ព្រោះ​នាង​គ្រាន់តែ​ជា​អ្នក​ទៅ​ជាមួយ​ប៉ុណ្ណោះ​ ៕

ដកស្រង់ ពីគេហទំព័រ នគរវត្ត

សូមមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]