រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ ២០១២ នៅសាលារាជធានីភ្នំពេញ បាន​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​លើ​សំណើ​សុំ​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​របស់​ក្រុមហ៊ុន CFOCN លើ​គម្រោង​ទម្លាក់​បណ្តាញ​ខ្សែកាប្លិ៍​លើ​អាកាស​មករត់​ក្រោម​ដី​នៅក្នុង​រាជធានី​ភ្នំពេញ ក្រោមការដឹកនាំដោយ លោក ជ្រាង សុផាន់ អភិបាលរងរាជធានីភ្នំពេញ និងមានការចូលរួមពីតំណាងក្រុមហ៊ុន CFOCN អភិបាលរងខណ្ឌទាំង៩ និងមន្ទីរជំនាញពាក់ព័ន្ធក្រោមឱវា ទរាជធានីភ្នំពេញ។ 

សូមបញ្ជាក់ជូនផងដែរថា ​ក្រុមហ៊ុន CFOCN ធ្លាប់បាន​​ស្នើ​សុំ​ទទួលការ អនុញ្ញាតពីរាជរដ្ឋាភិបាល ក៏ដូចជា​សាលា​រាជធានី​ភ្នំពេញ ធ្វើការ​ជីកខួង​ឆ្លងកាត់​ថ្នល់​ និងចិញ្ចើមថ្នល់សំរាប់​ដំណាក់កាលទី១ នៅឆ្នាំ​២០០៨ ប្រវែង​១២៤គីឡូ​ម៉ែត្រ​ ហើយពេលនេះ​ជា​សំណើ​សុំ​ជីកក្នុង​ដំណាក់កាលទី២ មានប្រវែង​៦០គីឡូ​ម៉ែត្រ​ទៀតទូទាំងរាជធានី។​ 
ក្នុងឱកាសនោះ តំណាងក្រុមហ៊ុនបានលើកឡើងពី គោលបំណង ក៏​ដូចជា​ការ​ជូន​ដំណឹង​ដល់​បណ្តា​សហគ្រាស ក្រុមហ៊ុនទូរគមនាគមន៍ អ្នកផ្តល់សេវា អ៊ិនធឺណែត និង​ទូរទស្សន៍​ខ្សែ​កាប្លិ៍​ទាំងអស់​ស្តីពី​ភាព​អន្តរាយ​ដែល​កើត​ឡើង​ពី​ភាព​រញ៉េរញ៉ៃ​នៃ​ការ​ព្យួរបណ្តាញខ្សែកាប្លិ៍អាកាសទាំងនោះ និង​ដើម្បី​ទម្លាក់​បណ្តាញ​ខ្សែ​កាប្លិ៍​អាកាស​ដែល​មាន​ស្រាប់​របស់​ប្រតិបត្តិករ​ទូរគមនាគមន៍ មក​បង្កប់​ក្នុង​ប្រព័ន្ធ​បំពង់​ក្រោម​ដី​នៅ​ក្នុង​រាជធានីភ្នំពេញ។ ទន្ទឹម​នោះ​មន្ទីរជំនាញ បានមានមតិលើកឡើងថាសូមឱ្យក្រុមហ៊ុនត្រូវសហការផ្តល់ប្លង់ទីតាំង ពេល​វេលា​បើក​ការដ្ឋាន​ដើម្បី​ជាស​វាង​ការជីកគាស់ប៉ះបណ្តាញដែលមានស្រាប់ ដូចជាខ្សែកាប្លិ៍អគ្គិសនី ប្រព័ន្ធ​បំពុង​ទឹក​មេ​ជាដើម។ បញ្ហាបច្ចេកទេស ខួងដាក់បំពង់ក្រោមដីធានាមិន​ស្រុត ពិសេស​​ការ​​ជីក​គាស់​ត្រូវ​ធ្វើ​ឱ្យ​បាន​ល្អ​ដូច​ដើម​វិញ។ 

នៅក្នុងឱកាសនោះ លោកអភិបាលរង ប្រធានអង្គប្រជុំ ក៏បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​សហការ​ជាមួយ​មន្ទីរ​សាធារណៈការ និង​អង្គភាព មន្ទីរពាក់ព័ន្ធទាំងអស់ សូមផ្តល់ប្លង់ទីតាំង ពេលវាលាបើកការដ្ឋាន។ ក្រុមហ៊ុន​ត្រូវ​ចុះ​កិច្ចសន្យា ជាមួយ សាលារាជធានីភ្នំពេញ និងគោរពទៅតាមកិច្ចសន្យា។ ពេល​អនុវត្ត​ត្រូវ​មាន​ឯក​សណ្ឋាន​ឱ្យ​បានច្បាស់លាស់ ដើម្បី សម្គាល់ក្រុមហ៊ុន និងមានការទទួលខុសត្រូវ។

ចំនុចចុងក្រោយស្នើសុំមតិដឹងនាំពីឯកឧត្តមអភិបាលរាជធានីភ្នំពេញ លើចំនុចទាំងបីនេះ៕

ពត៌មានពីសាលាក្រុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]