ភ្នំពេញ៖ តារាសម្តែង និងជាតារាបង្ហាញម៉ូដ ប្រចាំក្រុម Sun Super Model កញ្ញា សុខ មុន្នីពិសី ចាប់តាំងពីក្លាយ ជាតារាសិល្បៈរហូតមកដល់ ពេលបច្ចុប្បន្ននេះ គឺប្រជាប្រិយភាពរបស់នាង ហាក់មានភាព លេចធ្លោគួរសម តាមរយៈការបញ្ចេញសមត្ថភាព ផ្ទាល់ខ្លួន និងរូបសម្រស់ដ៏ស្រស់សោភា។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏តារាស្រី សម្បូរទៅដោយមន្តស្នេហ៍ តែងធ្វើឲ្យក្រុមកន្លង់ៗទាំងក្នុង និងក្រៅស្រុកប៉ងប្រាថ្នា ចង់ក្រេបក្លិនថ្ពាល់ ដ៏សែនក្រអូបសាយរបស់នាង។

ទន្ទឹមនឹងអាជីពការងារសិល្បៈ កាន់តែមានសន្ទុះ មុននេះបន្តិច ក៏មានព័ត៌មាន អំពីរឿងរ៉ាវជីវិត ស្នេហាឯកជន របស់តារាស្រីរូបនេះថា នាងបាននឹងកំពុងតែមានទំនាក់ទំនង យ៉ាងជិតស្និទ្ធ ជាមួយបុរសអាណិកជន ក្រៅស្រុកម្នាក់ ទើបធ្វើឲ្យមានការសង្ស័យថា សុខ មុន្នីពិសី អាចកំពុងផ្តើមស្នេហ៍ដំបូង។ ស្របគ្នានេះ ក៏ធ្លាយដំណឹងមកទៀតថា រាល់ថ្ងៃតារាវ័យក្មេងរូបនេះ បានលួចផ្អែមល្ហែមស្នេហ៍ជាមួយ បុរសអាណិកជនខ្មែរ រស់នៅលើទឹកដីសហរដ្ឋអាមេរិក។

បើតាមប្រភព ពីរង្វង់អ្នកសិល្បៈ បានឲ្យដឹងថា សព្វថ្ងៃតារាសម្តែង និងជាអ្នកបង្ហាញម៉ូដ វ័យក្មេងរូបស្រស់ កញ្ញា សុខ មុន្នីពិសី កំពុងតែសម្ងំ សាងសម្ព័ន្ធភាពស្នេហ៍ ដ៏ផ្អែមល្ហែម ជាមួយបុរសវ័យជាង៤០ឆ្នាំ ជាអាណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក។ ចំពោះទំនាក់ទំនងស្នេហ៍ រវាងតារាសម្តែងនាង សុខ មុន្នី ពិសី និង បុរសអាណិកជនឆ្លងទ្វីប ត្រូវបានប្រភពខាងលើ និយាយថា រហូតមកដល់ពេលនេះ មានរយៈពេលជិត២ឆ្នាំ មកហើយ។

ប្រភពបន្ថែមថា សុខ មុន្នីពិសី នឹងគូស្នេហ៍ម្នាក់ គឺតែងទាក់ទង រកគ្នាជាប្រចាំ តាមរយៈ ការ និយាយទូរស័ព្ទឆ្លងឆ្លើយគ្នា ទៅវិញទៅមកហើយ។ ម្យ៉ាងទៀតបុរសម្នាក់នោះ តែជួយផ្គត់ផ្គង់ឧបត្ថម្ភ ដល់ជីវភាពរស់នៅ ប្រចាំថ្ងៃទៀតផង។

ជុំវិញព័ត៌មានលេចឮ ខាងលើគេហទំព័រ LookingTODAY មិនអាចសុំការបំភ្លឺ ពីកញ្ញា សុខ មុន្នីពិសី បាននៅឡើយទេ នៅព្រឹកថ្ងៃទី០៣ ខែ មករា ឆ្នាំ២០១៤នេះ។ គេហទំព័រ LookingTODAYនិងព្យាយាម ទំនាក់ទំនង ដើម្បីរកការបំភ្លឺ ពីតារា សម្តែងស្រី សុខ មុន្នីពិសី នៅពេលក្រោយ។ កញ្ញា សុខ មុន្នីពិសី គឺជាតារាសម្តែង និងតារាបង្ហាញម៉ូដ ប្រចាំក្រុម Sun Super Model នាងក៏ជា តារាស្រីមួយដួង ដែលមានសម្រស់ស្រស់ស្អាត ឆើតឆាយ ធ្វើឲ្យបុរសៗជាច្រើន បានឈ្លក់វង្វេង រហូតមានអ្នកខ្លះព្យាយាម តាមទាក់ទងសុំ ធ្វើជាម្ចាស់គ្រងបេះដូង របស់នាងទៀតផង ៕

















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]