រាជធានីភ្នំពេញ ៖ តារាស្រី៣ដួងមាន ឱក សុគន្ធកញ្ញា ,មាស សុខសោភា និងកញ្ញា សុគន្ធ នីសា ជាតារាស្ថិតក្នុងភាពប្រជែងគ្នាទាញយក ប្រជាប្រិយភាពរៀងរាល់ឆ្នាំ ។ ដោយសារតែពួកនាងសុទ្ធតែជាតារាឈរ លើចំណុចកំពូលដូចគ្នាទើបម្នាក់ៗផ្ចិតផ្ចង់អភិវឌ្ឍ ខ្លួនជាលំដាប់ទាំងក្បាច់រាំ ទឹកដមសំឡេង ការស្លៀកពាក់សម្រាប់បម្រើអារម្មណ៍ ប្រិយមិត្ដទស្សនិកជន បើទោះជា ម្នាក់ៗអះអាងថា មិនចង់ប្រជែងជាមួយដៃគូណា ម្នាក់ក្រៅពីប្រឹង រៀងៗខ្លួនក្ដី ។

មហាជនចង់តាមដានការសម្ដែង របស់តារាចម្រៀង ឱក សុគន្ធកញ្ញា ,មាស សុខសោភា និងសុគន្ធ នីសា ។ តារាចម្រៀងផ្នែកនារី៣ដួងនេះ តាំងពីមុនមករហូតចូលឆ្នាំថ្មី២០១៤នេះត្រូវអ្នក ទស្សនារង់ចាំតាមដានមើលស្ទីល ថ្មីៗជាប្រចាំ ព្រោះ ម្នាក់ៗត្រូវម្ចាស់ផលិតកម្មយកចិត្ដទុកដាក់ សម្រិតសម្រាំងបទចម្រៀងផ្ទាល់ខ្លួនពិសេសជាងគេ ។ ចំពោះឱក សុគន្ធកញ្ញា វិញមានសមត្ថភាពពូកែណាស់ នាងធ្វើបានល្អស្ទើរតែគ្រប់ផ្នែកនៃបទចម្រៀង មិនថាតែបទកម្សត់ ឬញាក់ក្រមិចក្រមើមឡើយ ។

លើសពីនេះនាងត្រូវមហាជនទូទៅនិយាយថា ពូកែរាំណាស់មើលទៅលេចធ្លោតែម្ដង ។ ការរាំរបស់សុគន្ធ កញ្ញា រស់រវើកតែម្ដង ។ គ្រប់ពេលដែលនាងឡើងសម្ដែងតែងតែធ្វើឱ្យមហាជនជក់ចិត្ដ ។ ក្រៅពីច្រៀងពីរោះសុគន្ធកញ្ញា ត្រូវគេចាត់ទុកថាពូកែខាងតែងខ្លួន ជាមួយម៉ូដសម្លៀកបំពាក់ទាន់សម័យ សូម្បីតែមិត្ដយុវវ័យមួយចំនួនក៏និយមយក ស្ទីលតែងខ្លួនស្លៀកពាក់តាមនាងដែរ។

ចំពោះមាស សុខសោភា ជាតារាចម្រៀងមានទឹកដមសំឡេងពីរោះផ្អែម តែងតែឆក់អារម្មណ៍ប្រិយមិត្ដ អ្នកស្ដាប់តាមរយៈបទ ចម្រៀងបែបមនោសញ្ចេតនា ។ អ្នកស្ដាប់យល់ឃើញថា មាស សុខសោភា ច្រៀងបានល្អខាងបទមនោសញ្ចេតនា ។ ដោយសារតែច្រៀងបទកម្សត់បានល្អនេះហើយ ទើបនាងទទួលបានពានរង្វាន់កន្លងមក ។ មួយរយៈកន្លងមកនេះ ក្នុងពិភពសិល្បៈមានការប្រជែងគ្នាខ្លាំង ហើយតារាចម្រៀងជាច្រើននាំ គ្នារំលេចក្បាច់រាំជាមួយក្រុមរាំផ្ទាល់ខ្លួន ដូច្នេះមាស សុខសោភា ក៏ទទួលបានភាពរីកលូតលាស់មិនតិច ឬអន់ជាងគេឡើយដោយនាងប្ដូរស្ទីល សម្ដែងជាបន្ដបន្ទាប់ និងចុងក្រោយនេះបញ្ចេញ បទចម្រៀងផ្ទាល់ខ្លួនជាបទញាក់ ។ អ្វីកាន់តែប្លែកនោះ សុខសោភា បានរំលេចក្បាច់រាំមើលទៅពិសេស ដោយកាយវិការរបស់នាងក្នុងការរាំត្រូវ ចង្វាក់ជាមួយក្រុម ស្រុះគ្នាល្អ ទើបក្រុមយុវវ័យសរសើរថានាងរាំ មិនចាញ់គេប៉ុន្មានឡើយ ។

ចំពោះសុគន្ធ នីសា ត្រូវប្រិយមិត្ដអ្នកទស្សនាផ្ដល់រហស្សនាមថា តារាចម្រៀងស្រគត់ស្រគំប្រកបដោយ ទឹកដមសំឡេងពីរោះ រូបសម្បត្ដិស្រស់ស្អាត ។ នីសា ឆក់អារម្មណ៍ប្រិយមិត្ដអ្នកស្ដាប់បានច្រើន ក្នុងផ្នែកចម្រៀងមនោសញ្ចេតនា ។ នាងជាតារាដែលទទួលបាន ពានរង្វាន់បែបមនោសញ្ចេតនា គឺជាតារាពូកែចូលតួស្រក់ទឹកភ្នែកបែបកម្សត់ ។ មួយរយៈនេះ ពិសេសចុងឆ្នាំ២០១៣សុគន្ធ នីសា បានប្ដូរការសម្ដែងយ៉ាងប្លែក ដោយនាងបញ្ចេញបទចម្រៀង ថ្មីៗបែបញាក់កន្ដ្រាក់អារម្មណ៍ ។

ម៉្យាងទៀត ក្នុងពេលប្ដូរច្រៀង និងរាំបទញាក់នីសាបានរំលេចចេញភាពក្រមិច ក្រមើមមើលទៅគួរឱ្យក្នាញ់ ហើយប្លែកទៀតដែលកម្រនឹងបានឃើញ ។ នីសា ពេលរាំជាមួយក្រុមបានល្អមិនចាញ់ក្រុមរាំអាជីពទេ ។ ក្រុមរាំប្រចាំជាមួយនាងសរសើរថា នាងធ្វើបានល្អ សក្ដិសមជាតារាសំណព្វចិត្ដរបស់មហាជនមែន ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា