ភ្នំពេញ៖ ស្រ្តីអាជីវករផ្សារធំ ទួលសង្កែម្នាក់ ត្រូវបានក្រុមចោរ ប្លន់ យកមាសអស់ ៤០តំឡឹង និងលុយ១៦លាន រៀលក្នុងបុរីពិភពថ្មី ទួលសង្កែ នៅវេលាម៉ោង ១៨៖២០នាទី ស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌ ប្ញស្សីកែវ ។

សមត្ថកិច្ចបានអោយដឹងថា ក្រុមចោរប្លន់បាន ផ្ទុះអាវុធ ៤គ្រាប់  បណ្តាលអោយសន្តិសុខម្នាក់ រងរបួសជាទំងន់ ចំណែកម្ចាស់ទ្រព្យដែលជាអាជីវករ ផ្សារធំទួលសង្កែនោះ ឈ្មោះ តែ វួចខេង ភេទស្រី អាយុ ៤៨ឆ្នាំ បានបាត់បង់មាសចំនួន ៤០តំឡឹង និង លុយ ១៦លានរៀល រួមទាំងរងរបួសដោយក្រុមចោរ វាយនឹងស្នប់កាំភ្លើង ៣ស្នប់ ។

សមត្ថកិច្ចបានបញ្ចាក់ថា ជនរងគ្រោះ ដែលត្រូវចោរបាញ់ចំជើងស្តាំនោះ ឈ្មោះ រឿន ចាន់រ៉ាត ភេទប្រុស អាយុ ៤៥ ជាបុគ្គលិក ក្រុមហ៊ុន ឯកជនភ្នំពេញ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ កាល់ម៉ែត ភ្លាមៗ បន្ទាប់ពីរងរបួស ។

សន្តិសុខម្នាក់ទៀត ដែលបានឃើញហេតុការណ៌នោះ បាននិយាយថា ជនល្មើសនោះ បានជិះម៉ូតូសង់សេរី ២០១១ ជាប្រភេទ ជាក្មេងស្ទាវ ចំនួន ២នាក់ រត់ចេញពីកន្លែង កើតហេតុ ដោយរូបខ្លួន និងសន្តិសុខម្នាក់ទៀត បានទាញច្រវ៉ាក់ ដើម្បីឃាត់កុំក្រុមល្មើសជិះម៉ូតូគេចខ្លួន រំពេចនោះក្រុមជនល្មើស បានដកកាំភ្លើង បាញ់ចំនួន៤គ្រាប់ មកលើសន្តិសុខតែម្តង ។

ស្ត្រីជាអាជីវករ រូបនោះបានប្រាប់ថា ករណីប្លន់នេះ កើតឡើងនៅពេល រូបគាត់ជិះម៉ូតូ ត្រឡប់មកពីផ្សារ ក៏ឃើញជនល្មើស ២នាក់ ជិះម៉ូតូមកតាមពីក្រោយ រួចចុះមកប្លន់យក គ្រឿងអលង្ការ ចំនួន ២ស្បោង ក្នុងនោះមានលុយ ១៦លានរៀល និង មាស ៤០តំឡឹង ពេលនោះក៏មានការប្រតាយប្រតប់ ដោយជនល្មើស បានវាយ៣ស្នប់កាំភ្លើង ។

ដោយ៖ ទេព មនោ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]