បាត់ដំបងៈ គោយន្តកន្រ្តៃមួយគ្រឿង បែកកង់ មុខជ្រុលទៅបុកខាងស្តាំដៃរថយន្តកាពីតូល បណ្តាលឲ្យក្រឡាប់ ធ្វើឲ្យអ្នកដំណើររបួសធ្ងន់ស្រាល ១៣នាក់ ដឹកយក ទៅមន្ទីរពេទ្យរៀងខ្លួន។ ចំណែកអ្នកបើកគោយន្ត ២នាក់ រត់គេចខ្លួនបាត់ កាលពីល្ងាចម៉ោង៥និង៣០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១២ នៅចំណុចខាងជើងផ្សារ កកោះ តាមបណ្តោយផ្លូវជាតិ លេខ៥ ស្ថិតក្នុងភូមិ.ឃុំកកោះ ស្រុកមោងឫស្សី។

ប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា កាលពីវេលាម៉ោង៥ល្ងាច មានករណីគ្រោះថ្នាក់ចរាចរមួយ កើតឡើងរវាងរថយន្តកាពីតូល ដឹកអ្នកដំណើរពីភ្នំពេញ មកបាត់ដំបង និងគោយន្តកន្រ្តៃ ១គ្រឿង បើកពីទិសបាត់ដំបងទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុ ស្រាប់គោយន្តនោះ បានបែកកង់មុខខាងឆ្វេង បួងទាញ ទៅ ចំពីមុខរថយន្តកាពីតូល ធ្វើឲ្យអ្នកបើកបរបាត់ម្ចាស់ការខ្លួនឯង ក៏បុកគោយន្តនោះ បណ្តាលឲ្យដាច់ម៉ាស៊ីន ធ្លាក់ចូលស្រែ ហើយរថយន្តកាពីតូល បានក្រឡាប់ផ្អៀង ខាងស្តាំ បែកកញ្ចក់ខាងស្តាំស្ទើរទាំងស្រុង រួចអូសទៅមុខបានចម្ងាយប្រហែល ៤០ម៉ែត្រ បណ្តាលឲ្យអ្នកធ្វើដំណើរ ជិះក្នុងរថយន្តរបួសធ្ងន់ និងស្រាលចំនួន ១៣ នាក់ ក្នុងនោះជនជាតិថៃ ៣នាក់. ជនជាតិខ្មែរ ៩នាក់ និងបារាំង ១នាក់ ត្រូវបានរថយន្តនគរបាលចរាចរ ជួយដឹកយកទៅមន្ទីរពេទ្យខេត្ត ខ្លះទៀតក៏នាំគ្នាជិះ រថយន្តផ្សេង ទៀតបន្តទៅផ្ទះរៀងៗខ្លួន។ ចំណែកអ្នកបើកបរគោយន្ត មានគ្នា២នាក់ មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់។

បច្ចុប្បន្នមធ្យោបាយទាំង ២គ្រឿង ត្រូវបាននគរបាលចរាចរខេត្ត អូសយកមករក្សាទុកបណ្តោះអាសន្ននៅការិយាល័យខេត្ត រង់ចាំភាគីទាំងពីរចូលខ្លួនមកដោះស្រាយ តាមច្បាប់។ រថយន្តកាពីតូល និងគោយន្តកន្រ្តៃ យកមកទុកនៅការិយាល័យចរាចរណ៌ខេត្ត៕

ដោយ៖​ ជាយក្រុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]