ខេត្ត​បន្ទាយ​មានជ័យ ៖​​ ​​រថយន្ត និងម៉ូតូ ​បុកគ្នា​បណ្តាលឲ្យអ្នកជិះម៉ូតូពីក្រោយធ្លាក់ ហើយ​ត្រូវ​រថយន្តកិនស្លាប់​ ឯអ្នក​បើក​គេច​ផុត​ពី​របួស​ ។ ហេតុការណ៍​នេះ​កើតឡើង​កាល​ពី​វេលា​ម៉ោង១ និង​១០នាទីរសៀលថ្ងៃទី១០​ ឧសភា ឆ្នាំ២០១២ ​នៅលើផ្លូវលំមុខសាលា បឋមសិក្សា​ដង​ត្រាង​ ក្នុងភូមិដងត្រាង ឃុំចំណោម ស្រុក​មង្គល​បុរី ​។

លោកវរសេនីយ៍ត្រី យ៉ត សោផល អធិការ​នគរ​បាលមង្គលបុរី​ ឱ្យ​ដឹងថា​ អ្នក​ស្លាប់ឈ្មោះ​សួន ព្រែក ភេទប្រុស អាយុ៥៣ឆ្នាំ នៅ ភូមិដង​ត្រាង ​ចំណែក​ឯ​អ្នកបើក​ម៉ូតូឈ្មោះតាន់ កាន់ ភេទប្រុស​ អាយុ​៤៣ឆ្នាំ នៅភូមិជាមួយគ្នា។ ដោយ​ឡែក​អ្នក​បើក​​​រថយន្តដឹក​ដី​ឈ្មោះជា វុទ្ធី ភេទប្រុស អាយុ​២៧​ឆ្នាំ នៅភូមិដងត្រាងកើត ឃុំចំណោម ​។

លោកអធិការ​បន្តថា តាមការបំភ្លឺពី​សាក្សី​នៅកន្លែងកើតហេតុថា ជន​រង​គ្រោះ​បើកម៉ូតូ​ម៉ាក​ឌ្រីម​សេ១២៥ ​​នៅពីមុខរថយន្ត​ លុះ​ដល់​ចំណុច​កើតហេតុ​ បត់ខាង​ឆ្វេង​ចូលផ្ទះដោយមិន​មើល​​មុខ​​ក្រោយ​ ឯរថយន្តជាន់​ហ្វ្រាំងមិនទាន់​ក៏បុក​​ពេញ​ទំហឹង​។ ការ​បុកនោះ បណ្តាល​ឱ្យ​ឈ្មោះសួន​ ព្រែក​ ធ្លាក់ពីលើម៉ូតូ​ត្រូវ​​រថយន្តកិន​ស្លាប់​ភ្លាម​​ ដោយឡែក​អ្នកបើកមិន​រងរបួស​ទេ ដែល​ចាត់​ទុក​ជាសំណាង​មួយក្នុងមួយពាន់​គ្រោះ​ថ្នាក់​​ ។​ ទោះជា​យ៉ាង​ណា​ក្តី ម៉ូតូ​រង​ការ​ខូច​ខាត​​ ។

អ្នកបើក​រថយន្តក្រោយពីកើត​ហេតុ​ រត់គេច​ខ្លួនបាត់​​ ។ លោកអធិការ​​​បញ្ជាក់​ថា​ ​វត្ថុតាង​​ទាំង​២​គ្រឿង ត្រូវ​​សមត្ថ​កិច្ច​ជំនាញ​យក​ទៅរក្សាទុក​នៅ​​អធិការ​ដ្ឋាននគរ​បាលស្រុករងចាំ ​ដោះស្រាយ​តាម​​ច្បាប់​ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]