ខេត្ត​កំពង់​ស្ពឺ-កំពត​ ៖ រថយន្ត​កាមរី​​ ធុន​បាឡែន ​១គ្រឿង​ ត្រូវ​បាន​ចោរ​បង្ខំចិត្ត​​បោះ​បង់​ចោល​​ ហើយ​រត់​​គេច​​ចូល​ព្រៃ​នៅ​វេលា​ម៉ោង​​ជាង​៨​យប់ ថ្ងៃ​ទី​១០​ ឧសភា ​នៅ​ភូមិ​​សាស្រ្ត​​​ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់​ស្ពឺ ដោយ​សារ​សមត្ថកិច្ច​​ដេញ​តាម​ប្រកិត​ពេក ។

ប្រតិបត្តិ​ការដេញ​​ស្ទាក់​​ឃាត់​រថយន្ត​​​កាម​រី​ ធុន​បាឡែន មួយ​គ្រឿង​ បន្ទាប់​ពី​ទទួល​បាន​​ព័ត៌មានពី​អំពើ​ប្លន់​រថយន្ត​​​នៅ​ទី​រួម​ខេត្ត​កំពត ​ដោយ​ចោរ​​​បាន​បាញ់​សម្លាប់​​ម្ចាស់ ​ហើយ​បាន​បើក​​គេច​​​ចេញ​ពី​ខេត្ត​​កំពត តែ​ក៏​ត្រូវ​​ស្ទាក់​ឃាត់​បាន​​នៅ​ខេត្ត​កំពង់​ស្ពឺ ។ ទោះ​បី​ជា​បែប​ណា​​ក្តី ​ដោយ​សារ​​​វេលា​​យប់​ការ​រត់​គេច​​​របស់​ចោរ​​មិន​ត្រូវ​ចាប់​ខ្លួន​បាន​ទេ ​ តែ​កម្លាំង​​សមត្ថកិច្ច​​​​មាន​ប៉ូលិស និ​ងកង​​រាជ​​អាវុធ​ហត្ថ​​ បាន​ធ្វើ​ការ​​ឡោម​ព័ទ្ធ​​នៅ​តាម​​ចំណុច​សង្ស័យ​មួយ​ចំនួន​ ដើម្បី​​ប្រមាញ់​​ចោរ​ដែល​​រត់​គេច​ខ្លួននោះ​ ។
តាម​ប្រភព​ព័ត៌មាន​ពី​ កន្លែង​​ដែល​ស្ទាក់​ចាប់​​ចោរ​ទាំង​យប់​​នេះ សមត្ថកិច្ច​​​ខេត្ត​កំពង់​ស្ពឺ​បាន​ឱ្យ​ដឹងថា ​ក្រោយ​ពី​មាន​ការ​ប្លន់​បាញ់​សម្លាប់​ ម្ចាស់​រថយន្ត​នៅ​ក្នុង​ខេត្ត​កំពត នា​យប់​ថ្ងៃ​ទី​១០​ ឧសភា ចោរ​បាន​បើក​រថយន្ត​រត់​គេច​ចេញ​ពី​ខេត្ត​កំពតដោយ​ឆ្លង​កាត់​​​ផ្លូវ​ជាតិ​ លេខ​៣ ដែល​លាត​សន្ធឹង​កាត់​ខេត្ត​តា​កែវ ខេត្ត​កណ្តាល​ និង​ឆ្លង​កាត់​តាម​ខេត្ត​កំពង់​ស្ពឺ ឆ្ពោះ​ទៅ​​ក្រុង​ព្រះ​សីហនុ​ ក៏​ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​កំពង់​ស្ពឺ​ បើក​ប្រតិបត្តិ​ការ​តាម​ប្រមាញ់​​យក​បាន​រថយន្ត​​មក​វិញ​នៅ​វេលា​ម៉ោង​​៨​ និង​៣២​នាទីយប់ ថ្ងៃ​ដដែល​ នៅ​ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​​៦៩និង​៧០ លើ​កំណាត់​ផ្លូវ​ជាតិ​​​លេខ​៤ ក្នុង​ភូមិសាស្ត្រ​​ភូ​មិ​​ក្រាំង​​តា​តន់ ​ឃុំ​អូរ​ ស្រុក​ភ្នំ​ស្រួច​ ។

មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កំពង់​ស្ពឺ​ លោក​ឧត្តម​សេនីយ៍​ត្រី​ម៉ែន ស៊ី​ប៊ន មាន​ប្រសាសន៍​ថា ក្រុម​ចោរ​ប្លន់​ប្រដាប​់​អាវុធ​​មាន​គ្នា​​ពី​បី​ទៅ​បួន​នាក់ បាន​បាញ់​ប​្លន់​​សម្លាប់​​​​ម្ចាស់​រថយន្ត​​ម៉ាក​កាមរី​​ ធុន​បាឡែន ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ ២K១៨៨៤​ ជា​របស់​ឈ្មោះ​សើ​ ដៀត ភេទ​ប្រុស​ អាយុ​៤២​​ឆ្នាំ រស់​នៅ​ភូមិ​កំពង់​បាយខាង​ជើង​ សង្កាត់​​កំពង់បាយ​ ក្រុង​កំពត ជា​អ្នករត់​ឈ្នួល​ដឹក​ភ្ញៀវ​ ។ ក្រោយ​ពេល​ប្លន់​​សម្លាប់​ម្ចាស់​រថយន្ត​​បាន​ហើយ ពួក​គេ​បាន​បើក​រថយន្ត​​នោះ​​​ក្នុង​គោល​ដៅ​ត្រឡប់​​ទៅ​ខេត្ត​កណ្តាល​​ដោយ​ ឆ្លង​​​កាត់​ខេត្ត​តា​កែវ និង​ខេត្ត​កំពង់​ស្ពឺ​ ។

លោកឧត្តម​សេនីយ៍​ម៉ែន ស៊ី​ប៊ន បន្តថា​​ ក្រោយ​​ពី​បាន​ទទួល​ព័ត៌មាន​​ជា​បទបញ្ជា​​ពី​លោក​នាយ​ឧត្តម​សេនីយ​៍​ មេ​បញ្ជា​ការ​​ប៉េអឹម​ផ្ទៃ​ប្រទេស​​ភ្លាម លោក​បាន​ដាក់​​ពង្រាយ​កង​កម្លាំង​​តាម​កំណាត់​ផ្លូវ​ជាតិ​លេខ​៤ ចំនួន​៣​បារ៉ាស ។ បារ៉ាស​ទី​១​ដាក់​នៅ​ក្រុង​ច្បារ​មន​ ព្រំប្រទល់​ស្រុក​សំរោង​ទង​ ទី២-​នៅ​ភូមិ​ត្រពាំង​អត់​ទឹក​ ទឹក​ដី​ស្រុក​ភ្នំស្រួច​ ទី​៣-​នៅ​អូរ​វែង(​វាល​ស្រែ​១០០) ក្នុង​ឃុំ​​កាហែង​​ ស្រុក​សំរោង​​ទង ។ លោក​និយាយថ​ា លោក​ផ្ទាល់​បាន​​​ដឹក​នាំ​កម្លាំង​អន្តរាគមន៍​​កង​​រាជ​អាវុធ​ហត្ថ​​ខេត្ត​ ស្រុក​ចំនួន​៧២​នាក់ ចុះ​​ប្រតិបត្តិ​ការ​​ស្ទាក់​រថយន្ត​​នោះ ។

រថយន្ត​ដែល​ចោរ​ប្លន់​​បើក​រត់​បាន​​ឆ្លង​កាត់​ចំណុច​ បារ៉ាស់​ទី​១របស់​លោក​មែន​ តែ​​ចោរ​បាន​ព្យាយាម​បើក​បុក​បារ៉ាស់​រហូត​​ដល់​បារ៉ាស់​​ទី​២ ក៏​បុក​បារ៉ាស់​ស្ទាក់​​ទៀត ។ ជា​មួយ​គ្នា​នោះ​ចោរ​បាន​​បាញ់​គំរាម​​​មក​លើ​សមត្ថកិច្ច​​ដែល​តាម​ប្រមាញ់​ ​ពី​ក្រោយ​ជា​ច្រើន​គ្រាប់​ដោយ​កាំ​ភ្លើង​ខ្លី​ ។ លោក​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​​បន្ត​ថា នៅ​បារ៉ាស់​ទី​៣​-​ចំណុច​មុខ​​ភូមិ​ក្រាំង​​តា​តន់ ​ក្នុង​ស្រុក​ភ្នំ​ស្រួច​ ដោយ​សារ​មាន​រថយន្ត​​កុង​តឺន័រ​ច្រើន​បើក​មក​ពី​មុខ​​​​​​ ចោរ​បាន​បង្ខំ​ចិត្ត​​បញ្ឈប់​រថយន្ត​​ដោយ​ពុំ​ពន្លត់​​ម៉ាស៊ីន​ទេ ។ មាន​ប្រភព​ថា ការ​​តាម​ប្រមាញ់​ពី​ក្រោយ​​ សមត្ថកិច្ច​​បាន​ឃើញ​មាន​ចោរ​តែ​ម្នាក់​ បាន​​បើក​ទ្វារ​​រត់​​​ចេញ​ពី​រថយន្ត​​ទាំង​ពុំ​ពន្លត់​​ម៉ាស៊ីន ដោយ​រត់​ទៅ​កាន់​ចំណុច​​ជើង​ភ្នំ​ទាំង​យប់ ហើយ​កម្លាំង​​សមត្ថកិច្ច​ ដែល​ដេញ​តាម​ប្រមាញ់​​បាន​ឡោម​ព័ទ្ធ​តំបន់​នោះ​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១១ ឧសភា ​​ក៏​នៅ​តែ​​ធ្វើ​ការ​ឡោម​​​ព័ទ្ធ​​ចាប់​ចោរ​​នៅ​ឡើយ ។

តាម​ការ​ផ្តល់​ព័ត៌មាន​​ពី​លោក​ឧត្ត​សេនីយ៍​​ត្រី​ ម៉ែន ស៊ី​ប៊ន បាន​ឱ្យ​ដឹង​ទៀត​ថា ការ​តាម​ប្រមាញ់​រថយន្ត​ដែល​ចោរ​ប្លន់​នេះ តាំង​ពី​រថយន្ត​​​ចូល​ទឹក​ដី​ក្រុង​ច្បារមន ចោរ​ពុំ​ព្រម​ឈប់​តាម​ការ​​ព្យាយាម​ដាក់​​បារ៉ាស់​​ស្ទាក់​​ទេ ។ មិន​តែ​ប៉ុណ្ណោះ​ បាន​​បាញ់​គំរាម​សមត្ថកិច្ច​​អស់​ជា​ច្រើន​គ្រាប់​ទៀត តែ​ពុំ​មាន​កម្លាំង​​កង​រាជ​អាវុធ​ហត្ថ​ ឬ​ប៉ូលិស​​ណា​ម្នាក់​រង​របួស​ទេ ។ ជា​មួយ​គ្នា​នេះ​ ​កម្លាំង​កង​​រាជ​អាវុធ​ហត្ថ​​បាន​បាញ់​តប​​ចំនួន​៤​គ្រាប់​ ត្រូវ​រថយន្ត​​ចំនួន​៣​គ្រាប់ ដែល​គ្រាប់​​​ទី​១​ចំពាក់​កណ្តាល​​កញ្ចក់​មុខ គ្រាប់ទី​២​​ចំ​កណ្តាល​ទ្វារ​ខាង​ឆ្វេង​​ដៃ ​អាច​ចំ​អ្នក​បើក​​ ប៉ុន្តែ​​គ្រាប់​ពុំ​ធ្លាយ​​​ទេ និង​គ្រាប់​ទី​៣​ចំ​ខាង​ក្រោម​ទ្វារ​​ឆ្វេង​ដៃ តែ​ពុំ​ទាន់​​ដឹង​ថា ​ចោរ​ដែល​ព្យាយាម​រត់​គេច​ខ្លួន​ត្រូវ​របួស​​ដែរ​ឬ​​អត់​នៅ​ឡើយ​ទេ​ ។

នៅ​វេ​លា​ម៉ោង​៩​យប់​ក្រោយ​ពី​​រថយន្ត​ ដែល​ជន​ល្មើស​បញ្ឈប់​ចោល​នោះ​ ត្រូវ​​បាន​នាំ​មក​រក្សា​ទុក​នៅ​ទី​បញ្ជា​​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត ហើយ​ព្រឹក​ថ្ងៃ​ទី​១១ ឧសភា ព្រះ​រាជ​អាជ្ញា​រង​ អម​សាលា​ដំបូង​​​លោក​ ទង រតនៈ ​បាន​ចូល​រួម​ធ្វើ​ការ​​ឆែក​ឆេរ​ត្រួត​ពិនិត្យ​លើ​​រថយន្ត​ដែល​​ចោរ​ប្លន់​ នោះ ក្រោម​ក្រសែ​ភ្នែក​អ្នក​រាយ​ការណ៍​ព័ត៌មាន​នានា​ មាន​វិទ្យុ ទូរទស្សន៍ និង​សារព័ត៌​មាន​ ។ សមត្ថកិច្ច​​ បាន​រក​ឃើញ​​សំបក​គ្រាប់​​ក្នុង​រថយន្ត​​ចំនួន​៣​គ្រាប់​ ដែលជា​ប្រភេទ​​​សំបក​គ្រាប់​​កាំ​ភ្លើង​​ឡុក ។

លោក​ឧត្តម​សេនីយ៍​មាន​ប្រសាសន៍​ថា ករណី​នោះ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ និង​ប៉ូលិស​​​កំពុង​​​ធ្វើ​ការ​ព័ទ្ធ​ភ្នំ​​​ ដើម្បី​ចាប់​ជន​ល្មើស​​នៅបរិវេណ​​​​ភ្នំ​ភូមិ​ក្រាំង​តាតន់ ឃុំ​អូ​រនៅ​ឡើយ ហើយ​រថយន្ត​​ត្រូវ​កសាង​​សំណុំ​​រឿង​​បញ្ជូន​ជា​វត្ថុ​តាង​​​ទៅ​ទី​បញ្ជា​ ការ​កង​រាជ​​អាវុធ​ហត្ថ​ ខេត្ត​កំពត ដែល​ជា​ទី​តាំង​​ប្លន់​សម្លាប់​ម្ចាស់​រថយន្ត​ ។

តាម​សេចក្តី​រាយ​ការណ៍​ពី​ខេត្ត​កំពត​ ទាក់​ទិន​នឹង​ការ​ប្លន់​​រថយន្ត​ដោយ​ការ​បាញ់​សម្លាប់​នេះ​បាន​ឱ្យ​ដឹងថា រថយន្ត​ម៉ាក​កាម​រី បាឡែន រត់​ឈ្នួល​​មួយ​គ្រឿង​​នេះ បាន​ដឹកភ្ញៀវ​ជា​ចោរចេញ​​ដំណើរ​​​ពីភ្នំពេញ​ឆ្ពោះ​ទៅ​​​​ខេត្ត​កំពត ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣ ​។ លុះ​មក​ដល់​ចំណុច​ខាង​លិច​​អូ​រ​ស្ពាន​​ចម្ងាយ​​៥០​ម៉ែត្រ​ ខា​ង​កើត​​សាលា​ឃុំ​ថ្មី ចម្ងាយ​១៥០​ម៉ែត្រ ត្រូវ​បាន​ចោរ​ប្រដាប់​អាវុធ​​ដែល​ជិះ​​ក្នុង​រថយន្ត​​បាន​​​បាញ់​​ម្ចាស់​ រថយន្ត​​​សម្លាប់​ រួច​យក​​រថយន្ត​បើក​​គេច​ចេញ​​ដោយ​សុវត្ថិភាព ។ ហេតុការណ៍​​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​៦​និង​១០​នាទី ​ល្ងាច​ថ្ងៃ​ទី​​​១០ ឧសភា នៅ​ចំណុច​​កើត​ហេតុ​ខាង​លើ ស្ថិត​ក្នុង​ភូមិ​ថ្មី ឃុំ​ថ្មី ស្រុក​ទឹក​ឈូ ខេត្ត​កំពត ។

តាម​សម្តី​ប្រជា​​ពលរដ្ឋ​នៅ​ក្បែរ​​កន្លែង​កើត​ហេតុ​ បាន​ឱ្យ​សមត្ថកិច្ច​​​ដឹងថា ​នៅ​វេលា​ម៉ោង​ជាង​៦​ល្ងាច​ គេ​ឃើញ​​រថយន្ត​មួយ​គ្រឿង​​ម៉ាក​កាមរី បាឡែន ពណ៌​ស្ករ ពាក់​ស្លាក​លេខ​​ភ្នំពេញ ២K-​១៨៨៤​ បាន​ឈប់​នៅ​​ចំណុច​ខាង​លើ​ រួច​ឃើញ​​អ្នក​បើក​បាន​ចុះ​មក​បត់​ជើង​​តូច​នៅ​ក្បែរ​​​ផ្លូវ​ ព្រម​ទាំង​​កាន់​ដប​ទឹក​សុទ្ធ​​មួយ​ដប​ផង ។ ក្រោយ​ពី​បត់​ជើង​តូច​រួច គេ​ក៏​ឮ​សូរ​មាត់​និយាយ​ជជែក​​គ្នា​ជា​មួយ​អ្នក​ជិះ​​ម្នាក់​ដែ​លចេញ​ពី​ រថយន្ត​ ក្រោយ​ពី​​បាត់​សំឡេង​​ជជែក​គ្នា ក៏​ស្រាប់​តែ​ឮ​ស្នូរ​បាញ់​​​បួន​គ្រាប់ រួច​ជន​ម្នាក់​ក៏​បើក​រថយន្ត​បន្ត​ទៅ​មុខ​បាត់​ទៅ ។ ក្រោយ​ពី​​រថយន្ត​ចេញ​ផុត​ ទើប​ប្រជា​ពលរដ្ឋ​​នៅ​ក្បែរ​​កន្លែង​កើតហេតុ​​ សង្ស័យ​ក៏​នាំ​គ្នា​មកមើល​​ ទើប​ដឹងថាមាន​មនុស្ស​​ម្នាក់​ស្លាប់​ក្នុង​ថ្លុក​ឈាម​ ក៏​ទូរស័ព្ទ​​រាយការណ៍​​ជូន​សមត្ថកិច្ច​ភ្លាមៗ ។ ក្រោយ​ការ​មក​ដល់​កន្លែង​កើតហេតុ​​ ក៏​មាន​ការ​​ទាក់​ទង​កម្លាំង​​គ្រប់​ប៉ុស្តិ៍​​គោល​ដៅ ឱ្យ​ត្រៀម​ស្ទាក់​​រថយន្ត​ ដែល​មាន​ភិន​ភាគ​​ដូច​ខាង​លើ ។ ​រយៈ​ពេល​កន្លះ​ម៉ោង​​ក្រោយ​មក​មាន​រថយន្ត​​តាក់​ស៊ី​មួយ​គ្រឿង​បាន​ធ្វើ​ ដំណើរ​​មក​ពី​ភ្នំពេញ​​មក​ដល់​កន្លែង​កើតហេតុ​​ ក៏​ឈប់​រថយន្ត​​មើល​ហេតុការណ៍​ ទើប​ស្គាល់​ច្បាស់​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​បាញ់​សម្លាប់​នេះ ជា​ម្ចាស់​រថយន្ត​រត់​ឈ្នួល​​ដូច​គ្នា ហើយ​ពួ​ក​គេ​និយាយថា មិញ​នេះ​​បាន​​ឃើញ​​​​រថយន្ត​​របស់​ជន​រង​គ្រោះ​​ ត្រូវ​គេ​បើក​ត្រឡប់​​ទៅ​ទិស​ភ្នំពេញ​វិញ តាម​ផ្លូវ​ជាតិ​លេខ​៣ ដោយ​ពួក​គេ​​ជួប​នៅ​ចំណុច​​ភ្នំ​នរាយណ៍ ស្ថិត​ក្នុង​ឃុំ​​នរាយណ៍ ស្រុក​ឈូក ។ ក្រោយ​ពី​ដឹង​ព័ត៌មាន​នេះ​ភ្លាមៗ សមត្ថកិច្ច​​​​នគរ​បាល​ខេត្ត​កំពត​​រួមនឹង​​កង​រាជ​អាវុធ​ហត្ថ​​ក្រុង និង​ខេត្ត​ បាន​ទូរស័ព្ទ​​ទាក់​ទង​​ទៅ​ខេត្ត​តា​កែវ ទៅ​​ខេត្ត​កំពង់​ស្ពឺ និង​រាជ​ធានីភ្នំពេញ​ផងដែរ ដើម្បី​​ស្ទាក់​ដំណើរ​​រថយន្ត​បាឡែន​នេះ ។ តាម​រយៈ​សេចក្តី​រាយ​ការណ៍​នេះ​ ហើយ ទើប​សមត្ថកិច្ច​​ស្រាវ​ជ្រាវ​​ទៅ​ឃើ​ញ​​ក៏​ដេញ​តាម​​រហូត​ដល់​ខេត្ត​​កំពង់​ ស្ពឺ ទើប​​អាច​បញ្ឈប់​​ដំណើរ​រថយន្ត​​បាន ។ ចំណែក​​ចោរ​ប្លន់​​ជា​​ឃាតករ​​នៅ​រក​មិន​ទាន់​ឃើញ​នៅ​ឡើយ​ទេ ។

សាក​សព​​ជន​រង​គ្រោះ​​ត្រូវ​បាន​សមត្ថកិច្ច​​ធ្វើ​​ ការ​ពិនិត្យ​ឃើញ​​ត្រូវ​គ្រាប់​​កាំ​ភ្លើង​​ខ្លី​បាញ់​ចំនួន​បី​គ្រាប់ចំ​ ដើម​ទ្រូង ស្លាប់​នៅ​ចំណ្តាល​ថ្នល់ ។ ជន​រង​គ្រោះ​​ឈ្មោះ​សើ ដៀត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ​ជា​ខ្មែរ​អ៊ិស្លាម​ ជា​អ្នក​រត់​​តាក់​ស៊ី ដោយ​ឡាន​ទំនើប​មាន​ទី​លំនៅ​​បច្ចុប្ប​ន្ន​​ភូមិ​កំពង់​បាយខាង​ជើង សង្កាត់​កំពង់​បាយ ​ក្រុង​កំពត ។ សព​ត្រូវ​បាន​សមត្ថកិច្ច​​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​​យក​ទៅ​ធ្វើ​បុណ្យ​តាម​ ប្រពៃ​ណី ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]