រាជធានីភ្នំពេញ ៖ ទស្សនិកជនដែលតែងតែឃើញ ស្ទីលសម្តែងរបស់កញ្ញាសុគន្ធ នីសា ក្នុងភាពស្រគត់ស្រគំ សម្រក់ទឹកភ្នែកតាមបទចម្រៀងនោះ ពិតជាប្លែកភ្នែកពេលអ្នកចម្រៀង ដែលសម្រេចចិត្តចាកចេញពី ផលិតកម្មរស្មីហង្សមាសចូលជាសមាជិក ប្រចាំផលិតកម្មថោនរូបនេះ ប្តូររបៀបសម្តែងមកញ័រញាក់ជាមួយក្បាច់រាំ ។ ការបញ្ចេញក្បាច់រាំនារដូវកាល ជិតដំណាច់ឆ្នាំ២០១៣នេះ ដើម្បីកញ្ឆក់អារម្មណ៍មហាជន ហើយទោះជានៅមានកម្រិតមែន តែនីសាទទួលបានការ កោតសរសើរពីអ្នកគាំទ្រថាធ្វើបានល្អ ។

នៅក្នុងការប្រគំតន្ត្រីរៀបចំដោយ ក្រសួងពាណិជ្ជកម្មដោយមាន ទាំងក្រុមបង្ហាញម៉ូដលំដាប់ប្រទេសក្រោមការ រៀបចំរបស់នាងឌួង ហ្សូរីដា កាលពីរាត្រីថ្ងៃទី១៧ ធ្នូ ២០១៣ នៅមជ្ឈមណ្ឌលពិពរ័ណ៍កោះពេជ្រនោះ អ្នកទស្សនាមានការចាប់អារម្មណ៍ ជាខ្លាំងនៅពេលកញ្ញាសុគន្ធ នីសា នាំយកបទចម្រៀងបែបញាក់កន្ត្រាក់អារម្មណ៍ និងរាំលើឆាកជាមួយក្រុមរាំ របស់ខ្លួនយា៉ងរំពើន ។ ក្រុមអ្នកទស្សនានៅខាងមុខឆាក តន្ត្រីផ្ទាល់បានលើកឡើងថា ដ្បិតតែនីសា មានក្បាច់រាំមិនដល់គេមែន តែសម្រាប់ទីផ្សារសិល្បៈតារាចម្រៀងត្រូវតែ ចេះរាំឱ្យសមជាមួយក្រុមរាំផ្ទាល់ខ្លួន ឯសុគន្ធ នីសា ពិតជាធ្វើបានល្អ ។ នាងរាំបានរស់រវើកណាស់ ហើយរហ័សរហួនមែនទែន មើលទៅដាច់ស្រឡះខុសពីអត្តចរិត បែបសុភាពរបស់នាង ។ លើសពីនេះនៅពេលរាំផង ច្រៀងផង នីសា រំលេចភាពក្រមិចក្រមើមទៀតនោះ មើលទៅកាន់តែរុញឱ្យនាងមានភាពទាក់ទាញ ។

សមាជិករាំជាមួយសុគន្ធ នីសា ឱ្យដឹងថា ពួកគេភ្ញាក់ផ្អើលណាស់ ព្រោះសុគន្ធ នីសា អត់សូវមានពេលហាត់រាំច្រើនម៉ោងទេ គឺ យូរៗទើបណាត់គ្នាហាត់រាំដោយសារតែ នាងមិនមានពេលច្រើន រវល់ការងារសិល្បៈច្រើន ។ ប៉ុន្តែការចាប់ក្បាច់រាំ នីមួយៗរបស់នីសា មើលទៅឆាប់ត្រូវចង្វាក់គ្នាល្អ ដែលជំរុញឱ្យពួកគេងាយស្រួលរាំមិនលំបាក គឺស្រុះគ្នាល្អ ។ ពេលសម្តែងលើឆាកម្តងៗ មានគេសរសើរនីសា រហូត ។

ដើម្បីឆ្លើយតបជាមួយការគាំទ្រនេះ កញ្ញាសុគន្ធ នីសា បញ្ជាក់ថា នាងចេះតែប្រឹងប្រែងទៅ បើទោះជាការរាំរបស់នាងនៅមិនទាន់ដល់កម្រិត តែក្នុងនាមជាអ្នកសិល្បៈ មានការគាំទ្រពីមហាជន នាងត្រូវតែខំអភិវឌ្ឍខ្លួន បើទោះជាជួបការលំបាកបែបណាក្តី ។ 
តារាលំដាប់ជួរមុខ និងស្ថិតក្នុងកម្រិតចូលចិត្ត របស់យុវវ័យសម័យថ្មីនេះ និយាយថា ការហាត់រាំនេះបើគិតទៅនាងមានពេល តិចណាស់ដែលជួបជុំគ្នាហាត់ ដោយសារតែមមាញឹកតាមកម្មវិធីយា៉ងរដឹក ទើបមានពេលខ្លះខ្វះចន្លោះរាំមិន បានល្អពេកទេ តែនាងនឹងព្យាយាមបន្តទៀត ។

នាងនៅមានបទចម្រៀងបែប សប្បាយៗបន្តបន្ទាប់ទៀត ដែលត្រូវលើកយកមកបង្ហាញ ជាមួយការបញ្ចេញស្នៀតរាំដោយសង្ឃឹមថា នៅពេលខាងមុខទស្សនិកជនជួយដាក់ពិន្ទុ ដើម្បីនាងបានកែប្រែភាពខ្វះខាតជំរុញយក ភាពប្រសើរឡើង ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]