ខេត្ត​តាកែវ​ ៖ ក្រុម​​​ចោរ​ប្រដាប់​​ដោយ​កាំ​ភ្លើង​​​អាកា​បាន​ធ្វើ​សកម្មភាព​​​​​​​ប្លន់​ ​​​​ផ្ទះលក់​​និង​ជួស​ជុល​ទូរស័ព្ទ ខណៈ​​ពេល​​​ដែល​​​ក្រុម​គ្រួសារ​​​​​ម្ចាស់​ផ្ទះ​​​​កំពុង​​​អង្គុយ​​​ ពិភាក្សា​​​គ្នា​​នៅពេល​ហូប​បាយ​  រួច ។ ក្រុម​​ចោរ​បាន​​​​​​សម្រុក​​​ចូល​ប្លន់​​​​​​ ព្រមទាំង​​​​បាញ់​​​គំរាម​​រក​ទ្រព្យ​សម្បត្តិ​​​​​​​ពី​ម្ចាស់​​ផ្ទះ​​​​ផង ​ដែរ​ ​​ ​តែមិន​​​​បណ្តាលឱ្យ​​​មាន​​គ្រោះ​ថ្នាក់​​​ដល់​អាយុ​ជីវិត​​​​​​ទេ ។​ ហេតុការណ៍​​​ប្លន់​​​​នេះបាន​កើត​ឡើ​ង​​​កាលពី​​​​​​វេលាម៉ោង​​​​៨និង​៤៥​ នាទី​​យប់ ថ្ងៃទី​១០ ឧសភា​​​ ​ស្ថិតនៅ​ភូមិ​​​តាសូ ​ឃុំ​​តាភេម ស្រុក​​​​ត្រាំ​កក់​​​​ ។

​លោក​​​វរសេនីយ៍ត្រី​ ​ញ៉ែម​ ​​​សឿន ​​​អធិការ​​​នគរបាល​​​​​ស្រុក​​ត្រាំកក់​ឱ្យ​ដឹង​ថា​ ​ផ្ទះ​​ជន​រងគ្រោះ​​​ដែល​រងការ​​ប្លន់​​ពីចោរ​​​កាំ​ភ្លើង​​អាកា​​នេះ​ ​ប្តី​ឈ្មោះ​​​​ កែវ ថុល ​​​​អាយុ​៤៤ឆ្នាំ​ និងប្រពន្ធ​ឈ្មោះ​ ទឹម ​ស៊ីណា ​អាយុ​៣២​ឆ្នាំ​​ ​មាន​កូន​​៥នាក់​​​ ​និង​​​មាន​មុខ​របរ​​ជាជាង​ជួស​ជុលទូរស័ព្ទ​​​​ ម៉ាញ៉េ ទូរទស្សន៍​ ​កង្ហា​​​រនិង​លក់​គ្រឿង​​​អគ្គិសនី ​បញ្ចូលភ្លើង​​​អាគុយ ​ហើ​យ​ទ្រព្យ​សម្បត្តិ​​​ដែលក្រុម​ចោរ​ប្លន់​​​យក​ទៅមាន​ទូរស័ព្ទ​​​​ដៃ​មួយ ​ទឹក​​​ចំនួន​​៦០គ្រឿង​ ។​

​លោក​​អធិការ​​​នគរបាល​​​​ស្រុក​​​​បន្ត​ទៀត​ថា ​ ​មុន​ពេល​កើត​ហេតុ​​​​ ក្រុម​​គ្រួសារ​​​​រងគ្រោះ​​​ទើប​តែ​ហូប​បាយ​រួច​​​ ហើយ​អង្គុយនិយាយ​គ្នាលេង​​​​​​ ស្រាប់តែ​​​​ក្រុម​ចោរ​​ចំនួន​៦នាក់​​បាន​រត់​​ចូល​ពី​មាត់ទ្វារ​​​ខាងមុខ​ ផ្ទះ ​និង​បាញ់​​គំរាម​​ឡើង​​​លើ​​ចំនួន​​​២គ្រាប់​​​ រួច​សម្លុត​ម្ចាស់​ផ្ទះ​​​ប្តី​ប្រពន្ធ​​​ឱ្យ​​ប្រគល់​​​​មាស​​និងលុយ​​​​ ឱ្យ​ពួកវា​ ហើយ​ចាប់​​​ចង​​ស្លាបសេក​ប្តី​​ឱ្យ​​ដេកផ្កាប់មុខ​​​ និង​បាន​​យក​​ដំបង​​ឈើ​វាយ​​​​ជាច្រើន​ដំបង​​ សួររក​មាស​​​​ប្រាក់​​ ។

​បុរស​​ជាប្តី​​​ឈ្មោះ កែវ ​ថុល ​បាន​និយាយ​ប្រាប់​ប៉ូលិស​ថា​ ក្រុម​ចោរ​មានគ្នា​​ប្រមាណ​៦នាក់​​ ​​ប្រដាប់​ដោយ​កាំ​ភ្លើង​​​អាកា​​​​កាត់​ស្វាយ​​ចំនួន​២ដើម​​មាន​ម្នាក់​​ ពាក់ម៉ាស់​​​​បិទ​មុខ​​​​ បាន​​ចាប់អូស​​គាត់​ និង​ប្រពន្ធ​​ចូលទៅ​​ក្រោម​ផ្ទះ​ (ថ្ម​​ក្រោម​ ឈើ​លើ) ​​ចង​ស្លាប​សេក​ឱ្យដេក​ផ្កាប់មុខ​​​​​ និង​​យកកាំភ្លើង​​ភ្ជង់​​ក្បាលគាត់​​​ជាប់​ ។ នៅពេល​​​ពួក​ចោរ​​​ប្លន់​រុក​រក​​មាស​​ប្រាក់​នៅក្រោម​ផ្ទះអត់​ឃើញ​​​ ពួក​វា​​បាន​ចាប់​អូស​​ប្រពន្ធ​​គាត់ឡើង​ទៅលើ​ផ្ទះ​​ ដើម្បី​​រុក​រក​​មាស​ប្រាក់​ទៀត ។​ ​​ពួកវា​​បានទះ​កំផ្លៀង​​​​​​ធ្វើ​ឱ្យ​ប្រពន្ធ​​គាត់​សន្លប់​មួយ​​​សន្ទុះ​​ ដោយ​សារ​​តែ​ការ​តក់​ស្លុត​​​​​ តែការរុក​រក​នោះ​គ្មាន​​​ឃើញ​អ្វី​នោះ​ទេ​ ​ហើយ​ពួក​​ចោរ​ប្លន់​​​​នៅ​តែ​សម្លុត​​​​គំរាម​ថា ​​​បើ​មិន​ព្រម​​​ប្រគល់​​មាស​ប្រាក់​​​ឱ្យ​ទេ ពួក​វា​នឹង​បាញ់​សម្លាប់​មួយពូជ​ ​។ ពេលនោះ​រូប​​គាត់​​​បាន​និយាយអង្វរ​​ពួកវា​ទាំង​​កាំ​ភ្លើង​​ភ្ជង់​​​ ក្បាលថា ​​​កុំ​​ធ្វើ​ បាបគាត់​​​​​អី​​ ​គាត់​​គ្មាន​​លុយ​ទេ ​ព្រោះ​ធ្វើ​​​ផ្ទះ​​​អស់​ហើយ​​ ​បើ​ចង់​បាន​​រក​មើល​​​ទៅ​យក​​អ្វី​យកទៅ ​សុំ​ទុក​​​​តែ​​ជីវិត​​​បាន​ហើយ​ ។​

បុរស​​​ជាប្តី​​បាន​បន្ត​​​ទៀតថា ​នៅពេល​​​ក្រុម​​ចោរ​ប្លន់​​​រុក​រក​​អត់ឃើញមាន​​អ្វី​សោះ ​ពួកវា​​បាន​ប្រមូល​​យក​ទូរស័ព្ទ​​​​​នៅក្នុង​ទូទាំង​​អស់​សរុប​​៦០គ្រឿង​​ ​ហើយ​បាន​ដើរចេញ​​តាម​ច្រក​​​ខាង​មុខ​​​ ​ចុះ​​មក​ខាង​កើ​តផ្ទះ​​​ ទើប​​ចុះ​មក​ខាង​ត្បូងវិញ ។ ​ពេល​​នោះ​ក៏មាន​​​មនុស្ស​​ចុច​ភ្លើង​ពិល​មក​​ពីកើត​ក្រុម​ចោរ​​​ប្លន់​ បានបាញ់​​ចំនួន​​៣គ្រាប់ទៀត​ ​រួច​​រត់​គេច​ខ្លួន​​បាត់ទៅ ។​

​លោក​​ អ៊ួន ​សុខុម ​អធិការ​​​រង​ស្រុក​​ត្រាំ​កក់​​​​បាន​ប្រាប់​​កោះសន្តិភាព​​​​តាមទូរស័ព្ទ​ ​ថា ពី​ផ្ទះកើត​ហេតុ​​​ទៅ​ដល់ប៉ុស្តិ៍​​រដ្ឋ​បាល​​ឃុំ​តាភេម​មាន​ចម្ងាយ​​ ៣គីឡូម៉ែត្រ​​ ផ្លូវ​លំបត់​​បែន​ច្រើន​​ ។ ​​នៅ​ពេល​​ក្រុម​​ចោរ​ប្លន់​បាញ់​​​នោះ​ ប៉ូលិស​​បាន​​ឮ​និង​បាន​​សំដៅ​​​ទៅរក​កន្លែង​កើត​ហេតុ​​​ តែ​ដោយ​ស្ថាន​ភាព​​យប់​ងងឹត​​​គ្រាន់​​តែ​ប៉ូលិស​​ទៅដល់​​ក្រុម​ចោរ​​​ប្លន់ ​​​ចេញ​ផុត​​បាត់​អស់​ ។ បើ​​តាម​​​​ការ​​សន្និដ្ឋាន​​​​​ចោរ​ម្នាក់​ដែល​បិទម៉ាស់​មុខ​​​​​​ពិត​ជា​ មនុស្ស​​​ស្គាល់​​​ក្រុម​គ្រួសារ​​​​រងគ្រោះ​ ពេល​ធ្វើ​សកម្មភាព​ម្នាក់​នោះ​​កាន់​កាំភ្លើង​​ភ្ជង់​បុរស​ជាប្តី​ និង​បញ្ជា​អ្នក​ឯ​ទៀត​​​​​ឱ្យ​ចូល​​​រុក​រក​មាសប្រាក់​នៅក្នុង​ផ្ទះ​​ ។  ប៉ូលិស​​​​រើសបាន​សម្បក​​គ្រាប់​​កាំភ្លើង​អាកា​ចំនួន៥​ ពិល​១ និង​ដំបង​ឈើ​មូល​​ប្រវែង​​​៥តឹក​១ ហើយ​​​ពេលនេះ​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​​​ដើម្បី​​កំណត់​​មុខ​សញ្ញា​​ ក្រុម​​ចោរ​ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]