រាជធានីភ្នំពេញ ៖ យូរមកហើយដែលនៅក្នុងសង្គមសិល្បៈបានដឹងថា តារាសម្តែងពូកែខាងបង្ហូរទឹកភ្នែក នាងនី មុនីនាថ បានបង្កាត់ភ្លើងស្នេហ៍ ជាមួយអតីតតារាសម្តែងធ្លាប់ល្បីឈ្មោះលោក កែ កុសល ដែលបានចាកចេញទៅនៅអាមេរិក ។ ការបែកធ្លាយរឿងស្នេហានេះ បន្ទាប់ពីគេឃើញលោកកុសល ចូលរួមក្នុងពិធីឡើងគេហដ្ឋានរបស់មុនីនាថ និងកាន់តែជឿជាក់ថែមទៀតនោះ គេឃើញនៅក្នុងហ្វេសប៊ុកមានរូបថតកញ្ញានី មុនីនាថ និងលោកកែ កុសល កៀកកើយគ្នាយា៉ងស្និទ្ធស្នាល ទើបកាន់តែរុញឱ្យរឿងនោះក្លាយជាការតាមដាន ។ ទោះជាគេល្បីរឿងស្នេហា ក្រៅឆាកបែបនេះយ៉ាងណាក៏ដោយ សាច់ញាតិ នី មុនីនាថ មិនហ៊ានសារភាពត្រង់ទេ គឺនៅតែបដិសេធចោលគ្រប់លើក ។

នាងនី មុនីនាថ និងក្រុមគ្រួសារធ្វើមិនដឹងមិនឮ នៅពេលដែលគេតាមសួរនាំរឿង ស្នេហារវាងតារាទឹកភ្នែករូបនេះ និងលោកកែ កុសល ។ បើទោះជាក្នុងចង្កោមអ្នកសិល្បៈដឹងថា មុនីនាថ និងលោកកុសល ជាគូស្នេហ៍ តែម្ចាស់ខ្លួនមិនហ៊ានសារភាពជាលក្ខណៈបើកចំហទេ ទំនងរង់ចាំពេលវេលាឱ្យល្អជាងនេះ ។

ខណៈពិធីរៀបមង្គលការរបស់នាងសារា៉យ សក្ខណា ជាមួយលោកកែវ ប៊ុនមេត្រី កាលពីថ្ងៃទី១២ ធ្នូ ២០១៣ ជិតមកដល់ លោកកែ កុសល ដែលស្និទ្ធស្នាលជាមួយក្រុមគ្រួសារសារា៉យ សក្ខណា បានប្រាប់សក្ខណា និងឪពុកម្តាយមុនីនាថ ថាជាប់រវល់អត់បានមកចូលរួមទេ គឺបានត្រឹមតែជូនពរពីចម្ងាយប៉ុណ្ណោះ ។ ការណ៍ពិតនោះជាល្បិចលេងសើចប៉ុណ្ណោះ ព្រោះលោកកុសល បានមកចូលរួមជូនពរជ័យសារា៉យ សក្ខណា ។ ក្នុងកម្មវិធីទទួលភ្ញៀវជប់លៀងនាពេលរាត្រីលោកកុសល បានបង្ហាញមុខធ្វើឱ្យម្នាក់ៗស្រឡាំងកាំង សូម្បីតែសក្ខណាជាកូនក្រមុំបានលាន់មាត់ថា «បងកុសលម៉េចកុហកខ្ញុំ ក្រែងថាអត់មក» ។ ចំណែកកញ្ញាមុនីនាថ ឈរសម្លឹងមុខលោកកែ កុសល ហើយទាំងពីរនាក់បាញ់ខ្សែភ្នែកស្រទន់ដាក់គ្នាទៅវិញទៅមក ប្រកបដោយទឹកមុខញញឹម ។ មុនីនាថ ហាក់រីកមុខមាត់ឡើងវិញ បន្ទាប់ពីភ្ញាក់ព្រើតឃើញបុរសម្នាក់នោះបានបង្ហាញមុខទាំងមិន ប្រាប់មុននោះ ។

សួរចង់ដឹងពីសម្ព័ន្ធភាពស្នេហានេះថា ឈានដល់កម្រិតណាហើយនោះ តារាសម្តែងនី មុនីនាថ បានច្រានចោលមិនហា៊ននិយាយទេ ដោយនាងមិនអើពើឡើយ ទោះជាកន្លងមកមានសារព័ត៌មានចុះផ្សាយរឿងនាងជាមួយលោកកុសល ជាហូរហែទៅហើយក្តី ។ បើតាមអ្នកស្រី សុភាលី ជាម្តាយរបស់មុនីនាថ ដែលតែងតែចេញមុខបកស្រាយរាល់បញ្ហា ផ្សេងៗរបស់កូនស្រីនោះបានបញ្ជាក់ថា ការដែលគេលើកឡើងនោះជារឿងរបស់មហាជនយល់ឃើញប៉ុណ្ណោះ ។ ការណ៍ពិតមុនីនាថ អត់ទាក់ទិនរឿងស្នេហារវាងនាង និងលោកកុសលទេ គ្រាន់តែជាអ្នករាប់អានគ្នាក្នុងនាមជាអ្នកសិល្បៈដូចគ្នា ប៉ុណ្ណោះ ។ មុនីនាថ ទុកពេលសាងកេរ្តិ៍ឈ្មោះសិល្បៈទៅមុខទៀតសិន រឿងមានចំណងស្នេហ៍ជាមួយអ្នកណានោះគឺអត់មានទេ ។

នៅពេលសួរថា ពេលនេះសក្ខណាជាមិត្តភក្តិជិតដិតបំផុតជាមួយមុនីនាថ រៀបការហើយតើអ្នកមីងមានគំនិតថា ចង់ឱ្យមុនីនាថ ជាកូនស្រីដូចសក្ខណាដែរឬទេ ពិសេសបានស្វាមីចេញទៅរស់នៅស្រុកគេទៀតនោះ ។ អ្នកស្រីសុភាលី ឆ្លើយថា «ខ្ញុំចង់ឱ្យអានាថ កូនស្រីខ្ញុំមានវាសនាដូចសក្ខណាដែរ ព្រោះគិតទៅក៏ល្អម្យា៉ងដែរ ព្រោះជាតារានៅស្រុកយើងគេតាមណាស់ បើបានប្តីចេញទៅស្រុកគេខ្ញុំធូរចិត្តបន្តិច តែមិនដឹងបានឬអត់ទេ បើមិនដឹងថាគូព្រេងនៅឯណាផង» ។ ការឆ្លើយបែបនេះអាចបញ្ជាក់ថា ជាតម្រុយមួយបញ្ជាក់ថា ក្រុមគ្រួសារចង់ឱ្យមុនីនាថ បានស្វាមីជាអ្នកនៅក្រៅស្រុក ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ