រាជធានីភ្នំពេញ ៖ ​មន្ត្រី​ប៉ូលិស​​ម្នាក់​ត្រូវ​ខ្មាន់​កាំភ្លើងជិះ​ម៉ូតូ​​ជា​មួយ​​គ្នា​ភ្ជង់​​ពីក្រោយបញ្ជា​ឱ្យ​​ទៅ​កន្លែង​ណា​មួយ...​រួច​ហើយ​បាញ់​​២​គ្រាប់​​ចំ​ក្បាល​បង្ក​ឱ្យ​​មាន​ការភ្ញាក់​ផ្អើល​លើ​កំណាត់​ផ្លូវ​លេខ​២៧១ ម្តុំ​ផ្សារ​ហេងលី ប៉ុន្តែ​​​ប៉ុន្មាន​​នាទី​ក្រោយ​មក​ជនដៃដល់​រត់​មិន​រួច​ទេ​​ត្រូវ​សមត្ថ​កិច្ច​ចាប់​បាន...​ចំណែក​​បុរស​រងគ្រោះ​​ជា​មន្ត្រី​ប៉ូលិស​បានស្លាប់​​បាត់​បង់​ជីវិត​គួរ​ឱ្យ​​សោក​ស្តាយ​ និង​រន្ធត់​​​​ដែល​ហេតុ​ការណ៍​នេះបាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​​២​និង​៤០នាទី​ថ្ងៃទី​១១ ឧសភា ​២០១២ ​លើ​កំណាត់​ផ្លូវ​​២៧១ ​ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​៣ ខណ្ឌ​ទួលគោក ។

​បុរស​រងគ្រោះ​ឈ្មោះ​ម៉ន សាវឌី អាយុ​ជាង​៣០​ឆ្នាំ​ ជា​មន្ត្រី​ប៉ូលិស​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​​ស្រាល​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ ​មាន​រហស្ស​នាម​​ទិវា​៥២ ​ត្រូវ​បាន​សមត្ថ​កិច្ច​ធ្វើ​កោសល្យ​​វិច័យ​​ពិនិត្យ​​ឃើញថា​គេ​​បាញ់​ត្រូវ​ក្បាល​២​​គ្រាប់​ ស្លាប់​ក្នុង​ថ្លុក​ឈាម ។ ​ចំណែក​ជន​ដៃដល់​​ឈ្មោះ​ងួន រតនា ​ហៅ​អូន ​ក្រោយ​ពេល​កើត​ហេតុ​​ត្រូវប៉េអឹម​ចាប់​ជាប់ និង​​នាំ​យក​ទៅ​កាន់​ទី​បញ្ជា​ការ​រាជ​ធានីភ្នំពេញភ្លាមៗ ​ដូច្នេះ​គេ​នៅ​មិន​ទាន់​ដឹង​អត្តសញ្ញាណ​​ជន​នេះ​នៅ​ឡើយ​ទេ ។ ​

តាម​ប្រភពព័ត៌​មាន​​បាន​ឱ្យ​ដឹង​​ថា មុន​ពេល​កើតហេតុ​​អ្នក​ទាំង​​២​ជាអ្នក​​ស្គាល់​គ្នា​​បាន​កើត​ទំនាស់​គ្នាខ្លាំងក្លា​​ក្នុង​រឿង​លាភ​សក្ការៈ​អ្វី​​មួយ ហើយ​​បាន​ណាត់​គ្នា​​ចរចា... លុះ​ចរចា​មិន​ត្រូវ​​គ្នា​ក៏​ឡើង​ជិះ​​ម៉ូតូ​ទៅ​​កន្លែង​​ណា​មួយ​ទៀត​ជា​មួយ​គ្នា ដោយ​​ជនដៃដល់​ជាអ្នក​បង្ខំ គឺភ្ជង់​​កាំភ្លើង​ពី​ក្រោយ​​ជាប់​ លុះ​ដល់​​ខាងជើង​ផ្សារ​ហេងលី​បន្តិច ជនដៃដ​ល់​ក៏​បាញ់​​មន្ត្រី​ប៉ូលិស​ដែល​​ជាអ្នក​បើក​​ម៉ូតូ​២​គ្រាប់ ធ្លាក់​ខ្ពាក​​ពីលើ​ម៉ូតូ​ដេក​ដួល​​ក្នុង​ថ្លុក​ឈាម​។ ការ​បាញ់​​ប្រហារ​​នេះ​អាច​ផ្តើម​ឡើង​​ពី​ទំនាស់​ចែក​លាភ​សក្ការៈ​​មិន​ស្មើ​គ្នា​​ក្នុង​កិច្ច​ការ​អ្វីមួយ...។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

 

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]