បាត់ដំបងៈ យុវជនម្នាក់ ទើបតែចេញពីគុក បាន២ខែ គ្មានមុខរបរ អត់លុយចាយបែក គំនិត ចូល គាស់ផ្ទះគេលួចកុំព្យូទ័រ លើតុមួយកំប្លេរ បានហើយតែត្រូវម្ចាស់ផ្ទះ ទាន់ប្តឹងនគរបាល ដេញចាប់ពីផ្ទះ កើតហេតុរហូតដល់ក្នុង បរិវេណអគ្គីសនី ទើបចាប់បាន កាលពីវេលាម៉ោង ៣និង៤៥នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១២ នៅចំណុចកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង។

លោក ស៊ន កុសល នាយផ្នែកនគរបាល ក្រុងបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យដែល កម្លាំង សមត្ថកិច្ច ចាប់បានមានឈ្មោះ ផល វិចិត្រ ហៅបារាំង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិត ប្រាកដ មានទីលំនៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ។ ចំណែកជនរងគ្រោះ ម្ចាស់ ផ្ទះមានឈ្មោះ ស៊ុយ គឹមស្រេង ភេទស្រី អាយុ៦២ឆ្នាំ មានទីលំនៅផ្ទះលេខ៩១ ក្រុមទី៥ ភូមិអូរតាគាំ៣ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

លោក ស៊ន កុសល បានបញ្ជាក់ថា មុនពេលឃាត់ខ្លួន ជនសង្ស័យបានធ្វើសកម្មភាព យក កាំបិតទៅគាស់ជញ្ជាំងផ្ទះ គេយកកុំព្យូទ័រ លើតុរបស់ជនរងគ្រោះ បានយក ចេញ មកក្រៅផ្ទះ ដើម្បីដឹកចេញទៅផ្ទះខ្លួន ។ ក្រោយធ្វើសកម្មភាពហើយជន សង្ស័យបានទៅ ហៅម៉ូតូឌុប ម្តុំមុខ ពេទ្យជិះមកដឹកកុំព្យូទ័រ ដែលលួចបាននោះ។ លុះមកដល់ផ្ទះ កន្លែងលាក់ទុក ជន សង្ស័យ បម្រុងដឹកចេញ តែត្រូវអ្នកយាមនៅប៉ុស្តិ ប្រជាការពារភូមិ បានឃើញ ក៏ស្រែកផ្អើល ឆោឡោនិងប្តឹងនគរបាលក្រុង ឲ្យជួយដេញតាមចាប់ រហូតដល់ជិតភ្លឺ ទើបចាប់បាននាំ យក មកអធិការក្រុង ធ្វើការសាកសួរទាំងយប់។

ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានមក លួចគាស់ផ្ទះជន រងគ្រោះចូល លួចបាន កុំព្យូទ័រលើ តុមួយកំប្លេរពិតប្រាកដមែន។មុនពេលលួចខ្លួន បានជិះរថយន្ត ពីខេត្តបន្ទាយមាន ជ័យ មកបាត់ដំបង ដល់វេលាម៉ោងប្រហែល៩ យប់ ហើយបានដើរផ្សងព្រេង ជួបអ្វីគឺលួចហ្នឹង ព្រោះគ្មានលុយចាយសោះ ។ លុះដល់ម៉ោង១១កន្លះយប់ ខ្លួនបានយកកាំបិត ធ្វើសកម្មភាព គាស់ជញ្ជាំង ផ្ទះជនរងគ្រោះ ខណៈម្ចាស់ផ្ទះដេក លក់អស់ចូលលួច បានកុំព្យូទ័រ លើតុបាន មួយ កំប្លេរហើយយកសារុង ម្ចាស់ខ្ចប់វេច មកលាក់ទុក ម្តុំផ្លូវរថភ្លើងក្បែរ ប៉ុស្តិយាមប្រជា ការពារ ភូមិហើយខ្លួនបានដើរទៅហៅ ម៉ូតូឌុបម្តុំមុខពេទ្យធំ ឲ្យមកដឹកសម្ភារៈ ដែលខ្លួនលួច បាន។ ពេលម៉ូតូឌុបមកដល់ខ្លួន បានលើកសម្ភារៈបម្រុង ដឹកចេញតែត្រូវម្ចាស់ ផ្ទះនិងអ្នក យាម ក្នុងប៉ុស្តិប្រជាការពារភូមិភ្ញាក់ឃើញទាន់ក៏ នាំគ្នាស្រែកផ្អើលឆោឡោរួចប្តឹងកម្លាំងនគរបាលក្រុង នាំគ្នាដេញតាមចាប់រហូតមកដល់បរិវេណអគ្គីសនីទើបចាប់ខ្លួនបាននៅវេលាម៉ោងជាង៣ទៀបភ្លឺ ។ ឯម៉ូតូឌុបដឹងថាចោរលួចត្រូវគេដេញតាមចាប់ផងខ្លួនក៏រត់បើកម៉ូតូ គេចខ្លួនបាត់តែម្តង ។ ជនសង្ស័យបានបន្តទៀតថា ខ្លួនធ្លាប់ជាប់គុក២ឆ្នាំ មកហើយនិង ទើបតែចេញពីគុក បាន២ខែ ដោយសារតែអត់លុយ ចាយទើប សម្រេចចិត្តលួច គេទៀត ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្តង។

បច្ចុប្បន្នកម្លាំងជំនាញ នគរបាលក្រុង បានកសាងសំណុំរឿង បញ្ជូនខ្លួនទៅស្នងការ ដ្ឋាននគរ បាលខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់។ ចំណែកសម្ភារៈដែល រឹបអូសបានត្រូវបាន ប្រគល់ជូន ទៅ ម្ចាស់ដើមវិញរួចរាល់ហើយ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]