ភ្នំពេញ៖ ថ្វីដ្បិតតែតារា ចម្រៀងស្រី សម័យថ្មី រះព្រោងព្រាតពេញ អាកាសវេហាក៏ដោយ ក៏តារា ចម្រៀងវ័យកណ្ដាល អ្នកស្រី ហ៊ឹម ស៊ីវន មិនសាបសូន្យ កេរ្តិ៍ឈ្មោះឡើយ ពោលគឺនៅតែស្ថិត ក្នុងកម្រិតកំពូលដដែល ទោះជាមិនខ្ទរខ្ទារខ្លាំង តែអ្នកស្រីគឺល្បីល្បាញ ក្នុង បទចម្រៀង បែបប្រជាប្រិយ ដែលយូរៗម្ដង អ្នកស្រីថត ចម្រៀងបទពីដើម ឲ្យផលិតកម្ម ហង្សមាស ជាផលិតកម្មរកស៊ី ជាមួយគ្នា យូរឆ្នាំហើយ ។ ពិសេសអ្នកស្រី ថ្មីៗនេះ បានទទួលពានរង្វាន់ តារាចម្រៀង ប្រជាប្រិយប្រចាំ ឆ្នាំទៀត នាំឲ្យអ្នកស្រីកាន់ តែត្រដែតត្រដឹម លើពពក ។

អ្នកស្រី ហ៊ឹម ស៊ីវន មិនត្រឹមតែទទួលបាន កេរ្តិ៍ឈ្មោះល្បីល្បាញ និងកិត្តិយសនោះទេ លោកស្រីថែម ទាំងទទួលបាន សញ្ញាប័ត្រយ៉ាង ត្រឹមត្រូវ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលសរបញ្ជាក់ថា ខ្ញីកាន់តែចាស់កាន់តែហឺរ ។ លោកស្រីមិនងាយ មានរឿងអ្វីចុះផ្សាយ លើទំព័រ សាព័ត៍មាននោះទេ ព្រោះលោកស្រី ជាមនុស្សស្រីម្នាក់ ក្នុងសិល្បៈគ្មានរឿងអាស្រូវ ទាល់តែសោះ ។

កាលពីពេលថ្មីៗនេះ មានការប្រគំតន្រ្តី ប្រមូលផ្ដុំទៅដោយ តារាសិល្បៈចាស់ថ្មីជាច្រើនដួង ក្នុងនោះតារាចម្រៀង យុវវ័យជាច្រើន បានជំរាបសួរ លោកស្រី ដោយក្ដីគោរពរ ក្នុងនាមជាសិល្បការិនីរៀមច្បង ដោយឃើញ តារាចម្រៀងយុវវ័យទាំងនោះ បានបង្អួតនូវម៉ូដ សម្លៀកបំពាក់ឡូយឆាយ ហ៊ឺហារស៊ីវិល័យ ទាន់សម័យពេក លោកស្រីក៏បានធ្លោយមាត់និយាយថា "យី..!ខោអាវគេម៉ូដស្អាតៗណាស់ តែកុំសូវលេងម៉ូដពេក សន្សំលុយទុកខ្លះទៅ ព្រោះលុយពិបាករក បើយកទៅចំណាយច្រើន ឥតប្រយោជន៍ នាំតែខាតបង់ខ្លួនឯង។ ខោអាវឡូយពេលទៅដល់ផ្ទះ បើកទូរឃើញតែខោអាវ មិនដឹងលុយនៅឯណាទេ ព្រោះទិញខោអាវអស់.."។

ថ្វីដ្បិតលោកស្រី ហ៊ឹម ស៊ីវន មានប្រសាសន៍ ក្នុងន័យលេងសើច តែក៏ហាក់បង្កប់អត្ថន័យយ៉ាងច្រើន សម្រាប់តារាចម្រៀង យុវវ័យ ជំនាន់ក្រោយ ព្រោះតារាចម្រៀង បច្ចុប្បន្នមិនសូវសម្ញែង សមត្ថភាពក្នុងការច្រៀងរាំទេ បែបជាលេចធ្លោរ ខោអាវ និងក្រុមរាំទៅវិញ ។ ឧទាហរណ៍ជាក់ស្ដែង តារាចម្រៀងស្រីល្បីជាច្រើនដួង នាង ឱក សុគន្ធកញ្ញា ព្រីម លីហ្សា និង មាស សុខសោភា តែងតែលេចមុខ ក្នុងសារព័ត៌មាន ក្នុងរឿងអស់លុយរាប់ម៉ឺនដុល្លារ ក្នុងការទិញសម្លៀកបំពាក់ ដើម្បីច្រៀងរាំ លើវេទិការតន្ត្រី និង ចូលរួមពិធីមង្គលផ្សេងៗ ។

តារាចម្រៀងមួយចំនួនផ្សេងទៀត ឲ្យតែបានខោអាវស្អាតៗ ធ្វើខ្លួនឡូយ ច្រៀងសុខចិត្តចាក់ឌីស កុំឲ្យគេថាច្រៀងមិនពីរោះ។ ចំណែកឯ សំឡេងវិញ ដូចមាន់អួលកន្ទក់ ។ ដូចនេះតារាចម្រៀងសម័យថ្មី គួរតែផ្ដោតទៅលើទឹកដមសំឡេងឲ្យបានច្រើន ព្រោះតារាចម្រៀង ស្រុកគេ ល្បីព្រោះទឹកដមសំឡេង ហើយមិនងាយនឹងសាបសូន្យទេ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា