ភ្នំពេញៈបច្ចេកវិទ្យាថ្មី របស់ Apple ដែលគ្រប់គ្នា បានទន្ទឹងរង់ចាំ អស់មួយរយៈពេល កន្លងមក ហើយនោះ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១២ បានប្រកាសបើកលក់ នៅកម្ពុជា ជាផ្លូវការហើយ នៅតាម បណ្តាសាខានានា របស់ក្រុមហ៊ុន iOne ។

The New iPad ដែលមនុស្សជាច្រើន បានហៅក្រៅផ្លូវការថា “iPad 3” មានរូបរាងស្រដៀងគ្នា ទៅនឹង iPad 2 ដែរ ហើយត្រូវ បានគេទម្លាយព័ត៌មានថា វានឹងត្រូវបាន ចេញលក់ព្រមគ្នា ជាមួយប្រទេស ចំនួន២៣ នៅលើសាកលលោក ក្នុងថ្ងៃទី១១ ឧសភា ឆ្នាំ២០១២ ដោយក្នុងនោះរួមទាំងប្រទេសកម្ពុជា ផងដែរ ។

The New iPad ជាផលិតផលទំនើប ដែលមានរូបរាងស្តើងបន្តិច បំពាក់ដោយប្រព័ន្ធ ប្រតិបត្តិការ iOS 5 និងបាន រួមបញ្ចូល នូវមុខងារថ្មី iCloud Facetime ក៏ដូចជា iMassage ជាពិសេស វាត្រូវបាន រចនាឡើង ជាមួយនឹង អេក្រង់ ថ្មី Retina Display បំពាក់ដោយប្រព័ន្ធឈីប A5X  ជាមួយនឹងកាមេរ៉ា iSight 5 មេហ្គាភិចសែល ដែលមាន កញ្ចក់កែវកាមេរ៉ា ដ៏ទំនើប សម្រាប់ ថតរូប យ៉ាងស្អាត និងអាចថត វីដេអូ ជា HD 1080p ព្រមជាមួយ នឹងការបំពាក់នូវបច្ចេកវិទ្យាថ្មី Wi-Fi + 4G សម្រាប់ ភ្ជាប់ បណ្តាញ អ៊ីនធឺណេត យ៉ាងលឿន ហើយកាន់ថ្ម រហូតទៅដល់ ១០ម៉ោង ផងដែរ។

នៅខាងមុខអតិថិជន ជាច្រើននាក់ ដែលតម្រៀបជួរគ្នាទិញ The New iPad នៅខាងមុខ ក្រុមហ៊ុន iOne Canadia ក្នុងអគារកាណាឌីយ៉ា នាថ្ងៃសម្ពោធលក់បច្ចេកវិទ្យាថ្មីនេះ តំណាងក្រុមហ៊ុន iOne បានឱ្យដឹងថា នៅថ្ងៃសម្ពោធ ចេញលក់ The New iPad នៅកម្ពុជានេះ ក្រុមហ៊ុន បានផ្តល់នូវកម្មវិធី ពិសេសបំផុត សម្រាប់ភ្ញៀវកិត្តិយស ទាំងអស់ ដែលបានអញ្ជើញចូលរួម ដោយក្នុងនោះសម្រាប់អតិថិជន ៥០នាក់ដំបូង ដែលបានជាវ The New iPad នឹងទទួលបាននូវ កាដូពិសេសៗបន្ថែម ដែល មាន តម្លៃរហូត ដល់១២៨ដុល្លារ ដែលការផ្តល់ជូននេះ ធ្វើឡើងនៅតែសាខា iOne Canadia តែប៉ុណ្ណោះ ។

តំណាងក្រុមហ៊ុន បានបន្ថែមថា នៅព្រឹកថ្ងៃដំបូង នៃការដាក់លក់នេះ មានអតិថិជនជាច្រើន បានតម្រៀបគ្នា ទិញ ហើយសាខា iOne Canadia ក៏បានលក់ The New iPad អស់ជាង២០០គ្រឿង ផងដែរ ។ លោកថា នៅថ្ងៃដំបូង នៃការប្រកាសលក់ The New iPad នៅកម្ពុជា iOne នឹងអាចលក់ The New iPad បានលើសពី១០០០គ្រឿង ដោយសារតែ យើងបានដាក់លក់ នៅសាខា iOne ទាំង៧ ក្នុង ប្រទេសកម្ពុជា ហើយអតិថិជន ក៏បានសម្រុកមកទិញ ជាច្រើនហូរហែនៅថ្ងៃនេះ ផងដែរ ៕

ដោយៈប៊ុនសាយ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]