ភ្នំពេញ ៖ ក្មេងស្ទាវមួយក្រុម ដែលបានបើកនិងជិះក្នុងរថយន្ដលុច្សស៊ីស បានបុកម៉ូតូម៉ាក C-125 ស៊េរីឆ្នាំ២០១០មួយគ្រឿង បណ្ដាលឱ្យម្ចាស់ម៉ូតូ សន្លប់បាត់មាត់ ឈឹង រីឯអ្នកបើករថយន្ដ ជាក្មេងស្រីស្ទាវ ស្រែក ឡូឡាដាក់សមត្ថកិច្ច ដោយមិនទទួលកំហុសរបស់ខ្លួន ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរ ដែលបង្កឡើងដោយក្រុម ក្មេងស្ទាវខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង២០នាទី យប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១២ ស្ថិត នៅតាមបណ្ដោយផ្លូវលេខ ៩៩ ក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ខណៈដែលរថយន្ដនិងម៉ូតូ បើកបញ្ច្រាសទិសគ្នា ។

យោងតាមប្រភពព័ត៌មានពីសាក្សី  ដែលបានឃើញហេតុការណ៍ គ្រោះថ្នាក់ចរាចរនេះ បានឱ្យដឹងថា នៅមុនពេល កើតហេតុ គេសង្កេតឃើញរថយន្ដម៉ាកលុច្សស៊ីស Rx-300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2J-0508 បើកបរដោយក្មេងស្រីស្ទាវម្នាក់ រួមទាំងមិត្ដភក្ដិរបស់គេមួយចំនួនទៀត ជិះនៅក្នុងរថយន្ដ លុះដល់ ចំណុចកើតហេតុ ស្របពេលដែលមានម៉ូតូមួយគ្រឿង ម៉ាក C-125 ស៊េរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេត្ដព្រះសីហនុ 1B-3478 បណ្ដាលឱ្យម្ចាស់ម៉ូតូសន្លប់ បន្ទាប់ពីរថយន្ដបានបុក និងអូសម៉ូតូប្រហែល ៣០ម៉ែត្រ ។

ក្រោយគ្រោះថ្នាក់ចរាចរខាងលើនេះ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅជួយអន្ដរាគមន៍ ហើយឃាត់បាន រថយន្ដភ្លាមៗ ដើម្បីធ្វើការដោះស្រាយបន្ដទៀត ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានបន្ដថា ម្ចាស់ម៉ូតូត្រូវបានគេ ស្គាល់ថា ឈ្មោះ ឌឹម ទៀន អាយុ ២១ឆ្នាំ ជានិស្សិតនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង មានស្រុកកំណើត នៅភូមិព្រៃញាណ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្ដតាកែវ ប៉ុន្ដែខាងភាគីម្ចាស់រថយន្ដ មិនទាន់ត្រូវបានសមត្ថកិច្ច ប្រាប់ពីអត្ដសញ្ញាណនៅឡើយទេ។

យោងតាមប្រភពព័ត៌មាន បានបន្ដទៀតថា ដោយសារតែភាគីរថយន្ដ ដែលជាក្រុមក្មេងស្ទាវ មិនទទួលខុសត្រូវនូវកំហុសរបស់ខ្លួន ហើយស្រែកឡូឡាដាក់ សមត្ថកិច្ចនោះ ទើបសមត្ថ កិច្ចបានសម្រេចបញ្ជូនករណីនេះ ទៅការិយាល័យចរាចរជើងគោក រាជធានីភ្នំពេញ ដើម្បីដោះស្រាយបន្ដទៀត ៕

ដោយ ៖ គឹម ចន្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]