ភ្នំពេញៈ ជាទម្លាប់របស់អ្នកសិល្បៈគ្រប់រូប នៅពេលដល់ថ្ងៃរៀបចំ ពិធីខួបកំណើតម្តងៗ គេសង្កេតឃើញថា ពួកគេហាក់ដូចជា ប្រជែងគ្នា យកមុខមាត់ ប្រារព្ធនៅហាងល្បីឈ្មោះ និងសណ្ឋាគារលំដាប់ផ្កាយ ចាយលុយរាប់ម៉ឺន ដោយមិនស្តាយស្រណោះអ្វីឡើយ។ តែដោយឡែកតារាស្រីលេចធ្លោ ប្រចាំផលិតកម្ម សាន់ដេ កញ្ញា សុខ ពិសី វិញ បែរជារៀបចំកម្មវិធីខួបដល់ទៅ២ដង ក្នុងមួយឆ្នាំ និងមានលក្ខណៈតូច បែបសាមញ្ញៗធម្មតា ។

កញ្ញា សុខ ពិសី បានប្រាប់ LookingTODAY ឲ្យដឹងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣នេះថា សម្រាប់ខួបកំណើតរបស់នាង ឆ្នាំនេះ គឺមានការរៀបចំ កម្មវិធីខួប២ដង ក្នុងមួយឆ្នាំ ដោយនៅថ្ងៃនេះ (ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣) នាងមានកម្មវិធីជួបជុំជាមួយក្រុមអ្នកគាំទ្រ មានរៀបចំកម្មវិធី ជប់លៀងមួយ ហើយនៅថ្ងៃស្អែក ដែលជាថ្ងៃខួបនោះ នាងមានគម្រោងធ្វើជាមួយ គ្រួសារនៅតាមខេត្ត ។

ស្រីស្រស់ច្រមុះស្រួចរូបនេះ បានប្រាប់ឲ្យដឹងទៀតថា “ ឆ្នាំនេះខ្ញុំមានគម្រោង ចេញទៅធ្វើខួបកំណើត ជាមួយគ្រួសារ នៅខេត្តកំពតនៅថ្ងៃស្អែក (១៩ធ្នូ )ក្នុងគោលបំណង ចង់នាំគ្រួសារ ទៅដើរលេងផង ព្រោះខ្ញុំមិនសូវមានពេលទំនេរទេ ដូច្នេះឆ្លៀតពេលនេះ ខ្ញុំក៏ចង់សម្រាកពីការងារផង ចង់មានកម្មវិធីជប់លៀងជុំគ្រួសារ។ មិនមែនខ្ញុំធ្វើកម្មវិធីតូច ជុំគ្រួសារបែបនេះ មានន័យថាគ្មានអ្នកណាឧបត្ថម្ភ ឬមកពីខ្វះធនធានអ្វីទេ គឺមកពីខ្ញុំ មិនចង់ធ្វើធំដុំ តែប៉ុណ្ណោះ ” ។

តារាចម្រៀង និងជាតួឯកស្រីក្នុងរឿង “ព្រាយក្បាលប្រាំបី” នាង សុខ ពិសី មានការមមាញឹកជាមួយ ការងារច្រើន ក្នុងពេលបច្ចុប្បន្នត្រូវចុះសម្ដែងខនសឺតខេត្ត និងមានការមួយចំនួនទៀត នៅក្នុងក្រុមហ៊ុន ស្វែងរកអ្វីដែលថ្មីសម្រាប់អ្នកគាំទ្រ។ នៅសល់ពេលវេលាទំនេរ ពីការងារតិចតួច គឺនាងទុកសម្រាប់គ្រួសារ និងអ្នកគាំទ្រ ព្រោះថានាងមានថ្ងៃនេះ ដោយសារការគាំទ្រ ដូច្នេះនាងត្រូវតែមានពេលខ្លះ សម្រាប់គាត់ ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី